រដ្ឋសភាសម្រេចបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឲ្យអតីតចៅក្រមម្នាក់ ក្នុងចំណោមបេក្ខជនប្រកួតប្រជែង ៥នាក់ ក្លាយជាសមាជិកនៃឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម។ ទោះជាបែបណា លទ្ធផលដែលទទួលបាននៅពេលនេះ ក៏មិនមែនបានដោយស្រួលប៉ុន្មាននោះដែរ។ យ៉ាងហោចណាស់ក៏ការបោះឆ្នោតដើម្បីជ្រើសរើសជាសមាជិកម្នាក់បាននេះ គឺត្រូវបោះឆ្នោតម្ដងជាពីរដងទើបបានសម្រេច។
សមាជិកសភាបានចំណាយពេលស្ទើរពេញមួយព្រឹក ដើម្បីជ្រើសរើសបេក្ខជនម្នាក់ចេញពីបេក្ខជនចំនួន ៥រូបដែលបានដាក់ឈ្មោះក្នុងការប្រកួតប្រជែងបំពេញកិច្ចការនៅក្នុងស្ថាប័នឧត្ដមក្រុមប្រឹក្សាអង្គចៅក្រមសម្រាប់អាណត្តិប្រាំឆ្នាំលើកទីមួយ។
ដោយការបោះឆ្នោត នៅក្នុងជុំទីមួយរកសំឡេងគាំទ្រមិនបាននោះ លោក ហេង សំរិន ប្រធានរដ្ឋសភាសម្រេចភ្លាមៗ ស្នើសុំឲ្យសមាជិកសភាទាំង ១០៨ រូប បោះឆ្នោតសាជាថ្មីម្ដងទៀត។ នៅក្នុងជុំទីមួយ បើទោះជាលទ្ធផលមិនអាចយកជាការបានមែន ប៉ុន្តែ លោក អ៊ិត រ៉ាឌី ទទួលបានការគាំទ្រច្រើនជាងគេ ចំនួន ៦០សំឡេង។ នៅក្នុងជុំទីមួយនេះ មានបេក្ខជន៣រូបប៉ុណ្ណោះ ក្នុងចំណោម ៥រូប ដែលទទួលបានការគាំទ្រ ក្នុងនោះដោយរួមទាំងលោក ផាត់ ពៅស៊ាង បាន២សំឡេង និង លោក វាន់ ផាន់ បាន១ឡេង។ ដោយឡែកបេក្ខជន ២នាក់ផ្សេងទៀតមាន លោក គង់ សារិទ្ធ និង លោក តូច សាខឿន មិនទទួលបានការគាំទ្រសូម្បីមួយសំឡេង។ បេក្ខជនទាំង៥រូបដែលដាក់ឈ្មោះ ប្រកួតប្រជែងនៅពេលនេះ គឺសុទ្ធតែជាអតីតចៅក្រម និងមេធាវី។
នៅនាទីចុងក្រោយនៃការបោះឆ្នោតលើកទីពីរ លោក អ៊ិត រ៉ាឌី នៅតែអាចរកសំឡេងគាំទ្របានច្រើនជាងគេ ក្នុងចំណោមបេក្ខជនទាំង ៥រូបដដែល។ ការបោះនៅជុំទីពីរនេះ សំឡេងគាំទ្របានកើនរហូតដល់ ៦៦សំឡេង នៃសមាជិកសភា ១០៨រូប ដែលចូលរួមប្រជុំនៅព្រឹកថ្ងៃទី៣ វិច្ឆិកា។
ដោយមិនបង្អង់យូរ ក្រោយពីបូកសរុបលទ្ធផលរួច លោក ហេង សំរិន ប្រធានរដ្ឋសភាប្រកាសសុពលភាពភ្លាមដែរ ដោយលើកឡើងថា ស្វាគមន៍ចំពោះលោក អ៊ិត រ៉ាឌី ដែលទទួលបានសេចក្ដីទុកចិត្តពីសមាជិកសភាក្នុងការផ្ដល់តួនាទីជាសមាជិកថ្មីនៃឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម៖ «លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងនៅពេលនេះ ខ្ញុំសូមប្រកាសជាឱឡារិកថា លោក អ៊ិត រ៉ាឌី ត្រូវបានអង្គសភាបោះឆ្នោតជាប់ជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ថ្លែងថា លោក អ៊ិត រ៉ាឌី គឺជាអតីតចៅក្រមដែលធ្លាប់បម្រើការងារនៅក្នុងក្រសួងយុត្តិធម៌៖ «ឯកឧត្ដម អ៊ិត រ៉ាឌី លោកជាអតីតចៅក្រម ហើយចៅក្រមគាត់បម្រើការងារនៅក្រសួង។ មានក្របខ័ណ្ឌនៅក្រសួងយុត្តិធម៌ណា»។
នៅក្នុងសម័យប្រជុំសភាលើកទី៣ នីតិកាលទី៥ គេសង្កេតឃើញវត្តមាន ក្រៅពីសមាជិកសភាសំខាន់ៗហើយ ក្នុងនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី ក៏បានចូលរួមផងដែរ។ ក៏ប៉ុន្តែអនុប្រធានទីមួយនៃរដ្ឋសភា គឺលោក កឹម សុខា វិញពុំបានចូលរួមឡើយ។ មន្ត្រីស្និទ្ធនិងលោក កឹម សុខា អះអាងថា មូលហេតុដែលអនុប្រធានទីមួយនៃរដ្ឋសភាអវត្តមាននៅពេលនេះ គឺដោយសារលោកចេញទៅពិនិត្យសុខភាពនៅបរទេស។
ក្រុមអ្នកច្បាប់អមរិន្ទ្រ ពន្យល់ថា កិច្ចការចម្បងនៃស្ថាប័នឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម គឺដើម្បីត្រួតពិនិត្យទៅលើភាពត្រឹមត្រូវនៃចៅក្រម។ ស្ថាប័នកំពូលនេះមានសមាជិក ១១រូប ក្នុងនោះអង្គព្រះមហាក្សត្រគឺជាព្រះប្រធាន។
លោក សុក សំអឿន ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ យល់ឃើញថា គេកម្រឃើញចៅក្រមដែលប្រព្រឹត្តកំហុស ហើយត្រូវបានស្ថាប័នកំពូលនេះចាប់ទោសអូសសំណើណាស់។
លោកបន្តថា បើពិតជាមានកំហុសមែន អាចត្រឹមផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀតប៉ុណ្ណោះ៖ «យើងគិតថា មិនដឹងថាតើមានប្រសិទ្ធភាពប៉ុណ្ណា ព្រោះដូចថា ការរិះគន់ ការមិនជឿទៅលើចៅក្រម វានៅតែមានដដែល។ ក៏ប៉ុន្តែវាឥតមានឃើញមានការដាក់ទណ្ឌកម្មអ្នកដែលប្រព្រឹត្តខុសអីអ៊ីចឹងសោះ ។ បើអ៊ីចឹងវាធ្វើឲ្យអាដែងដូចថា ប្រសិនជាច្បាប់មិនបានអនុវត្តតឹងរ៉ឹង មនុស្សវាក៏មិនសូវខ្លាចដែរ»។
បើទោះជាបែបណា ក្រោយកិច្ចប្រជុំបានបិទបញ្ចប់ អ្នកកាសែតដែលរង់ចាំនៅខាងមុខវិមានរដ្ឋសភា មិនត្រូវបានអនុញ្ញាតឲ្យធ្វើបទសម្ភាសន៍ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
