សាលាដំបូងរាជធានីភ្នំពេញ កោះហៅលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (C-CAWDU) ទៅបំភ្លឺនៅរសៀលថ្ងៃទី១៦ ខែមិថុនា ជុំវិញបណ្ដឹងរបស់កម្មករនិងថៅកែរោងចក្រ អែស.អិល (SL)។
ក្រោយបញ្ចប់ការសាកសួរ លោក អាត់ ធន់ បានរិះគន់ និងចាត់ទុកចំណាត់ការរបស់តុលាការសាលាដំបូងទៅលើសំណុំរឿងនេះ ថាជាការគំរាមកំហែង និងរំខានដល់សកម្មភាពសហជីពជួយការពារសិទ្ធិកម្មករ។ ជាងនេះ លោកថា ការដែលតុលាការតម្រូវឲ្យរូបលោកដាក់ប្រាក់តម្កល់ធានាខ្លួននៅក្រៅឃុំចំនួន ២ម៉ឺន ៥ពាន់ដុល្លារសហរដ្ឋអាមេរិកកន្លងទៅនេះ គឺជាចំនួនច្រើនហួសហេតុ។
លោក អាត់ ធន់ ស្នើឲ្យតុលាការពិចារណាផ្តល់ប្រាក់តម្កល់ជូនវិញ ដើម្បីបានដោះបំណុល និងបន្តសកម្មភាពការងាររបស់សហជីពនៅថ្ងៃអនាគត៖ «អ្នកប្ដឹងគឺអត់មានមូលដ្ឋាន ប៉ុន្តែព្រះរាជអាជ្ញាធរនៅតែចោទប្រកាន់ ហើយចៅក្រមនៅតែបន្តសំណុំរឿងមកលើយើង ហើយមិនតែប៉ុណ្ណោះបានសួរយើងបន្ថែមទៀត។ ថ្ងៃកើតហេតុហ្នឹងយើងនៅទីណា? ហើយហេតុអីបានជាយើងមិនមកនៅកន្លែងកើតហេតុ? ហេតុអីបានជាគេចោទប្រកាន់លើយើង? ហើយរហូតសួរដល់យើងមានសមាជិកប៉ុន្មាននាក់ ហើយមានវិភាគទានបង់មកហ្នឹងពីណា និងបានជំនួយមកពីណាជាដើម គឺគេបានសួរនាំច្រើន។ ហើយនៅចុងក្រោយ គឺយើងបានសំណូមពរទៅតុលាការថា ការដាក់ឲ្យយើងតម្កល់លុយហ្នឹងគឺច្រើនណាស់ គឺទី១ យើងរៃលុយពីកម្មករ និងទី២ យើងខ្ចីលុយគេ ហើយយើងគិតថា ក្នុងរយៈពេលខ្លីក្រោយបញ្ចប់ការសាកសួរ យើងបានលុយហ្នឹងវិញ។ ឥឡូវតុលាការគាត់ថា អាចនឹងបានលុយហ្នឹងវិញ ក្នុងរយៈពេលខ្លី ឬក៏ដល់តែចប់នីតិវិធីនៃការជម្រះរបស់ចៅក្រមទៀត។ អ៊ីចឹងរឿងហ្នឹងស្មុគស្មាញណាស់»។
លោក អាត់ ធន់ ត្រូវរងការប្ដឹងពីថៅកែ និងកម្មកររោងចក្រ អេសែ.អិល ដោយចោទថា បានញុះញង់ឲ្យកម្មករងើបតវ៉ាទាមទារលក្ខខណ្ឌការងាររហូតដល់មានអំពើហិង្សា និងបណ្ដាលឲ្យស្ត្រីអ្នកលក់បាយម្នាក់ស្លាប់ នៅមុខស្ទឹងមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។ ប៉ុន្តែសំណុំរឿងនេះត្រូវលោក អាត់ ធន់ ឆ្លើយបដិសេធនៅចំពោះមុខតុលាការសាលាដំបូងនៅរសៀលថ្ងៃទី១៦ ខែមិថុនា។
លោក អាត់ ធន់ បន្តថា សំណុំរឿងនេះលោកបានប្ដឹងទៅតុលាការសាលាឧទ្ធរណ៍ជាបន្តទៀតដើម្បីរកយុត្តិធម៌ ព្រោះលោកមិនបានប្រព្រឹត្តកំហុសឆ្គងដូចការចោទនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
