ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ មកពីសហគមន៍បុរីកីឡា និងភ្នំបាត ជាង ១០នាក់ បរាជ័យក្នុងការយកញត្តិជូនសាលាក្រុងភ្នំពេញនៅព្រឹកថ្ងៃទី៣១ ឧសភា។ បរាជ័យរបស់ក្រុមពលរដ្ឋនេះ ដោយសារតែកងកម្លាំងសន្តិសុខខណ្ឌ៧មករា និងកងនគរបាលរាជធានីភ្នំពេញ រារាំងពួកគាត់នៅខាងមុខសហគមន៍បុរីកីឡា។
កងកម្លាំងសន្តិសុខខណ្ឌ៧មករា និងកងនគរបាលរាជធានីភ្នំពេញ ប្រមាណជាង ៣០នាក់ បានរារាំងក្រុមពលរដ្ឋនៅខាងមុខសហគមន៍បុរីកីឡា ដោយមានការរុញច្រានគ្នាដណ្ដើមយកឧបករណ៍ មានទង់ជាតិ បដា ក្បាលមេក្រូទៅវិញទៅមក បានបណ្ដាលឲ្យស្ត្រីម្នាក់មកពីសហគមន៍បុរីកីឡារងរបួសស្រាល។
« សំឡេងរុញច្រានរវាងអាជ្ញាធរ និងពលរដ្ឋ »
តំណាងសហគមន៍បុរីកីឡា លោកស្រី ឆាយ គឹមហ៊ន សោកស្ដាយដែលក្រុមអាជ្ញាធររារាំងពួកគាត់ មិនឲ្យដាក់ញត្តិជូនសាលាក្រុងភ្នំពេញ ព្រោះគោលបំណងរបស់ពលរដ្ឋនៅក្នុងញត្តិនោះ គឺចង់ស្នើឲ្យរដ្ឋាភិបាល ពិសេសសាលាក្រុង ដោះស្រាយបញ្ចប់ជម្លោះដីធ្លីជូនពលរដ្ឋ ១៧គ្រួសារក្នុងចំណោម ១៥៧គ្រួសារក្នុងសហគមន៍បុរីកីឡាដែលនៅសេសសល់ប៉ុណ្ណោះ៖ « យើងអត់មានធ្វើទាមទារពាក់អាវខ្មៅក្នុងរឿងនយោបាយអីទេ តែផ្ទុយទៅវិញ អាជ្ញាធរបុរីកីឡា បែរជាថាពលរដ្ឋតវ៉ានេះជារឿងនយោបាយទៅវិញ។ ពួកខ្ញុំសោកស្ដាយ »។
ទន្ទឹមគ្នានេះ អតីតអ្នកបុរីកីឡាដែលត្រូវអាជ្ញាធរបណ្ដេញចេញឲ្យទៅរស់នៅតំបន់ភ្នំបាត លោកស្រី គឹម សារ៉ាន់ ឲ្យដឹងថា មូលហេតុពលរដ្ឋធ្វើសន្និសីទកាសែត និងចង់ដាក់ញត្តិទៅសាលាក្រុងនៅពេលនេះ គឺចង់ឲ្យសាលាក្រុង និងក្រុមហ៊ុន ផានអ៊ីម៉ិច (PhanImex) ដែលបានធ្វើការអភិវឌ្ឍសហគមន៍បុរីកីឡា ជួយផ្លាស់ប្ដូរការរស់នៅរបស់ពលរដ្ឋពីតំបន់ភ្នំបាត មកភូមិអណ្ដូង រាជធានីភ្នំពេញវិញ និងផ្តល់សំណងសមរម្យជូនពលរដ្ឋទាំង ១៤០គ្រួសារ៖ « ទីមួយ រស់ភ្នំបាត ជាប្រាក់ដុល្លារ ១០ . ០០០ដុល្លារ។ ទី២ សុំសំណង ៥ . ០០០ដុល្លារ និងផ្ទះនៅភូមិអណ្ដូង ឲ្យដូចអ្នកបុរីកីឡា ដែលពួកគាត់ទើបតែដោះស្រាយឲ្យ »។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច អ្នកស្រី ស៊ុយ សុផាន និងអាជ្ញាធរសាលារាជធានីភ្នំពេញ ដើម្បីសុំការបំភ្លឺជុំវិញរឿងនេះបាននៅឡើយ នៅថ្ងៃទី៣១ ខែឧសភា។
ចំណែកឯអ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់ថា នេះជាជម្លោះដ៏រ៉ាំរ៉ៃរវាងពលរដ្ឋ និងក្រុមហ៊ុន ដែលរដ្ឋាភិបាលត្រូវតែដើរតួជាអ្នកសម្របសម្រួលក្នុងការដោះស្រាយឲ្យពលរដ្ឋ ព្រោះទីជម្រក គឺជាបញ្ហាចម្បង។ លោកជំរុញឲ្យគ្រប់ភាគី ត្រូវតែមានឆន្ទៈពិភាក្សារកដំណោះស្រាយ ជាជាងការរារាំងដោយប្រើហិង្សា៖ « គួរតែជួបគ្នាទៅ ជជែកគ្នារកដំណោះស្រាយណាមួយទៅ ដែលឈានទៅរកការដោះស្រាយល្អប្រសើរ ព្រោះរាល់ជម្លោះណាមួយ មានតែការពិភាក្សាគ្នាទេ ទើបអាចដោះស្រាយបាន »។
ទោះបីជាយ៉ាងណាក្ដី ក្រុមអ្នកប៉ុនប៉ងដាក់ញត្តិ ក្រោយមានការរារាំងពីកងកម្លាំងសន្តិសុខ ពួកគេបន្តស្រែកតវ៉ា នាំគ្នាកប់ស្បោងសំរាម ព្រមទាំងសរសេរលើជញ្ជាំងអគារបុរីកីឡា ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះការអភិវឌ្ឍសហគមន៍បុរីឡា។
ពលរដ្ឋសហគមន៍បុរីកីឡា និងភ្នំបាត នៅតែប្រកាន់ជំហរបន្តតវ៉ាទាមទាររហូតទទួលបានដំណោះស្រាយសមរម្យពីរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
