អង្គការសង្គមស៊ីវិលធ្វើការលើកស្ទួយវិស័យសុខភាព គាំទ្ររដ្ឋាភិបាលដែលបានចេញអនុក្រឹត្យមួយស្ដីពីវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ។ អនុក្រឹត្យនេះ បានដាក់កំណត់ផាកពិន័យចំពោះជនដែលមិនអនុវត្តតាមអនុក្រឹត្យនេះ។
ទន្ទឹមនឹងគាំទ្រចំពោះការផាកពិន័យជនដែលជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងហាមឃាត់ មន្ត្រីសង្គមស៊ីវិល បានជំរុញឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់នានាដែលមានស្រាប់ ទាក់ទងនឹងផលិតផលថ្នាំជក់។
ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ ថ្លែងនៅថ្ងៃទី៥ មីនា ថា ជាការល្អដែលរដ្ឋាភិបាលបានអនុម័តអនុក្រឹត្យមួយ ស្ដីពីវិធានការហាមឃាត់ការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ ដែលស្របនឹងកាតព្វកិច្ចរបស់ប្រទេសជារដ្ឋភាគី នៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ ដើម្បីការពារសុខភាពអ្នកមិនជក់បារីពីការស្រូបផ្សែងបារីពីគេ។ លោកវេជ្ជបណ្ឌិតបន្តថា ថ្វីត្បិតតែការផាកពិន័យក្នុងកម្រិតមួយទាបជាងប្រទេសជិតខាងក៏ដោយ ប៉ុន្តែនេះជាចំណុចចាប់ផ្ដើមមួយ បន្ទាប់ពីការអប់រំ។ ទន្ទឹមគ្នានេះ ទាមទារឲ្យរដ្ឋាភិបាល ពង្រឹងការអនុវត្តច្បាប់ដែលមានស្រាប់៖«ទាក់ទង នឹង ច្បាប់ គឺយើងមានឧទាហរណ៍ថា ការផ្សាយពាណិជ្ជកម្មនេះ គឺបានហាម ទាំងស្រុង តែការអនុវត្តជាក់ស្ដែង គឺក្រុមហ៊ុននៅតែបំពាន ដូចជាការបិទផ្ទាំងរូបតូចៗ ផ្សាយ ពាណិជ្ជកម្មបារី ដែលបិទតាមភោជនីយដ្ឋាន ហាងកាហ្វេ ក៏ដូចជា កន្លែងលក់គ្រឿងទេស មិនតែប៉ុណ្ណោះនៅតាមក្លឹបរាត្រីនានា មានការជួលតារា ឬពិធីករឲ្យទៅផ្សាយ ពាណិជ្ជកម្ម»។
រដ្ឋាភិបាលបានអនុម័តអនុក្រឹត្យស្ដីពីវិធានការហាមជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ កាលពីថ្ងៃទី៤ មីនា។ អនុក្រឹត្យនោះ បានផ្ដោតទៅលើការហាមប្រាមអ្នកជក់បារីនៅកន្លែងហាមឃាត់ នឹងពិន័យ ២ម៉ឺនរៀល និង ៥ម៉ឺនរៀលចំពោះម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ដែលមិនព្រមបិទស្លាកសញ្ញាហាមជក់បារី ឬនៅតែបន្តដាក់ចានគោះបារីឲ្យភ្ញៀវ។
លោកវេជ្ជបណ្ឌិត មុំ គង់ បានបញ្ជាក់ថា ការអនុវត្តការផាកពិន័យនេះ នឹងធ្វើឡើងដោយមន្ត្រីអធិការកិច្ចត្រួតពិនិត្យផលិតផលថ្នាំជក់ នៃក្រសួងសុខាភិបាល ដោយទុកចន្លោះពេល ៦ខែ ដើម្បីផ្សព្វផ្សាយអនុក្រឹត្យនេះ។
ក្រសួងសុខាភិបាល បានតាក់តែងសេចក្ដីព្រាងអនុក្រឹត្យស្ដីពីវិធានការហាមការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ ក្នុងបំណងចូលរួមការពារសុខុមាលភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការស្រូបផ្សែងផលិតផលថ្នាំជក់ ដែលបង្កឲ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ និងបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់។
ប្រទេសជាច្រើនក្នុងតំបន់អាស៊ាន ផាកពិន័យពីអ្នកជក់បារីនៅតាមទីហាមឃាត់ គឺខ្ពស់បំផុតរហូតដល់ជាង ៣ពាន់ដុល្លារ និងទាបបំផុត ៦ដុល្លារ។
របាយការណ៍របស់ក្រសួងផែនការ បង្ហាញថា នៅកម្ពុជា មានអ្នកជក់បារីប្រមាណ ១លានកន្លះ និងអ្នកចុកថ្នាំប្រមាណកន្លះលាននាក់។ ទីកន្លែងដែលប្រជាពលរដ្ឋកម្ពុជា ស្រូបផ្សែងបារីពីគេខ្ពស់ជាងគេ គឺនៅភោជនីយដ្ឋាន អាហារដ្ឋាន ជាង ៧៦% បើធៀបទៅនឹងប្រទេសអាស៊ានទាំង ១០ប្រទេស កម្ពុជា មានអត្រាស្រូបផ្សែងបារីពីគេខ្ពស់ជាងគេនៅភោជនីយដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
