កម្មករអូសរទេះប្រុសស្រីចំនួន ២នាក់នៅក្រុងប៉ោយប៉ែត ចូលខ្លួនបំភ្លឺតាមដីកាកោះហៅរបស់ចៅក្រមអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយបំភ្លឺរឿងធ្វើបាតុកម្មតវ៉ា ដែលបណ្ដាលឲ្យខូចខាតទ្រព្យសាធារណៈ នៅទីស្នាក់ការគយ និងរដ្ឋាករប៉ោយប៉ែត កាលពីខែឧសភា កន្លងទៅ។
កម្មករទាំងនោះ មានការព្រួយបារម្ភខ្លាចតុលាការធ្វើការចោទប្រកាន់ទម្លាក់កំហុសលើពួកគេ ដើម្បីឲ្យទទួលខុសត្រូវចំពោះការខូចខាតនោះ។
កម្មករអូសរទេះ លោកស្រី រ៉ាន ស្រីមុំ រស់នៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឲ្យដឹងនៅថ្ងៃទី២៨ ធ្នូ ថា លោកស្រីមិនសប្បាយចិត្តទាល់តែសោះ ចំពោះសាលាដំបូងខេត្តចេញដីកាកោះហៅលោកស្រីបែបនេះ ដោយលោកស្រីអះអាងថា លោកស្រីពុំបានធ្វើអ្វីខុសច្បាប់ពីមុនមកនោះទេ។
លោកស្រីបញ្ជាក់ទៀតថា ការធ្វើបាតុកម្មតវ៉ាកាលពីថ្ងៃទី២៥ ឧសភា កន្លងទៅ គឺជាទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដោយសារមន្ត្រីគយ និងរដ្ឋាករប្រចាំក្រុងប៉ោយប៉ែត តម្រូវឲ្យពួកគាត់បង់ពន្ធលើការដឹកទំនិញចេញចូលច្រើន ដោយមិនមានប្រាក់ចំណេញនោះ៖ «កាលពីមុន តុលាការកោះហៅខ្ញុំម្ដងហើយ តែឲ្យត្រឡប់ទៅវិញ។ ខ្ញុំមិនដឹងថា មូលហេតុអីបានជាតុលាការកោះហៅខ្ញុំទៅសាកសួរម្ដងទៀតសោះ»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងចៅក្រមស៊ើបសួរអមសាលាដំបូងខេត្តបន្ទាយមានជ័យ គឺលោក ឯក ប៉ូលិហ្វីល ដើម្បីសុំការពន្យល់ជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៨ ធ្នូ។
ដីកាកោះហៅចំនួនពីរដាច់ដោយឡែកពីគ្នា ដែលចុះហត្ថលេខាដោយ លោក ឯក ប៉ូលិហ្វីល ចៅក្រមស៊ើបសួរអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី៧ ធ្នូ បានកោះហៅ លោកស្រី រ៉ាយ មុំ (រ៉ាន ស្រីមុំ) និងលោក ហ៊ុល កញ្ញា ដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទធ្វើឲ្យខូចខាតដោយចេតនា និងបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ នៅមុខការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។ ដីកានេះ បង្គាប់ឲ្យអ្នកទាំងពីរចូលខ្លួនបំភ្លឺនៅតុលាការ ព្រឹកថ្ងៃទី២៨ ធ្នូ ជាកំហិត។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា តុលាការគួរចាត់វិធានការទៅលើសមត្ថកិច្ច ដែលបង្កហិង្សាបណ្ដាលឲ្យកម្មករម្នាក់រងរបួសធ្ងន់ តាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ប្រសើរជាងការកោះហៅអ្នកទាំងពីរនាក់ដែលសាច់ញាតិជនរងរបួសទៅសាកសួរបែបនេះ៖ «ខ្ញុំមានការសោកស្ដាយជាខ្លាំង ដែលតុលាការធ្វើបែបនេះ គឺមិនអាចរកយុត្តិធម៌ឲ្យជនដែលត្រូវសមត្ថកិច្ចវាយធ្វើបាបរហូតដល់សន្លប់នៅកន្លែងនោះបានទេ»។
ការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងកម្មករអូសរទេះ ដែលពួកគេតវ៉ាកាលពីថ្ងៃទី២៥ ឧសភា កន្លងទៅ បណ្ដាលឲ្យកម្មករអូសរទេះម្នាក់រងរបួសធ្ងន់ ដោយសារកម្លាំងសមត្ថកិច្ចបង្ក្រាប និងសន្តិសុខគយម្នាក់រងរបួសស្រាល និងបង្កឲ្យខូចរថយន្តនៅស្នាក់ការគយ និងរដ្ឋាករក្រុងប៉ោយប៉ែត ចំនួន ៧គ្រឿង ព្រមទាំងកញ្ចក់ របង ទ្វារបង្អួចស្នាក់ការគយ ខូចខាតមួយចំនួនទៀត។ ក្រោយមក ប្រជាពលរដ្ឋបានដាក់ពាក្យប្ដឹងសមត្ថកិច្ចឲ្យទទួលខុសត្រូវទៅលើការបង្កហិង្សានោះ។ ទន្ទឹមគ្នានេះ តុលាការក៏បានចេញដីកាកោះហៅកម្មករអូសរទេះសាកសួរជាបន្តបន្ទាប់ ហើយរហូតមកទល់ពេលនេះ តុលាការពុំទាន់សម្រេចឲ្យភាគីណាមួយជាអ្នកទទួលខុសត្រូវនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
