តុលាការ​សម្រេច​ឃុំ​ខ្លួន​មនុស្ស​៣​នាក់​ពី​បទ​ក្លែង​ឯកសារ​កាន់​កាប់​ដីធ្លី

0:00 / 0:00

តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​សម្រេច​ឃុំ​ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​ជា​​អគ្គនាយក​ក្រុមហ៊ុន​អន្តរជាតិ​មួយ ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ រំលោភ​បំពាន​កាន់កាប់​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ។ កន្លង​ទៅ​ថ្មីៗ​នេះ តុលាការ​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​ខ្មែរ​ពីរ​នាក់ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ក្លែង​ឯកសារ​សាធារណៈ​ដូចគ្នា​ ជាមួយ​នឹង​ជនជាតិ​អង់គ្លេស​នេះ​ដែរ។ ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​ម្នាក់​មាន​តួនាទី​អគ្គនាយក​ក្រុមហ៊ុន និង​ម្នាក់​ទៀត​ជា​មេការ​របស់​ក្រុមហ៊ុន។

ជនជាតិ​អង់គ្លេស​មួយ​រូប​ដែល​ត្រូវ​បាន​កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ចាប់​ខ្លួន​​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​ នា​ទីក្រុង​ភ្នំពេញ​ កាល​ពី​​ថ្ងៃ​ទី​២៣ ខែ​មីនា ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ សម្រេច​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ហើយ ដោយសារ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឯកសារ​ដី​មិន​ត្រឹមត្រូវ។ សរុប​មក​មាន​មនុស្ស ៣​នាក់ ដែល​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ទាក់ទង​រឿង​វិនិយោគ​ដាំ​ដំណាំ​លើ​ដី​នៅ​ខេត្ត​បន្ទាយមានជ័យ។

តំណាង​អយ្យកា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ លោក ផាន់ វណ្ណារ័ត្ន ថ្លែង​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ថា ជនជាតិ​អង់គ្លេស​រូប​នោះ មាន​ឈ្មោះ ហ្គិក ហ្វ្រីយេត (Gregg Fryett) ជា​អគ្គនាយក និង​ជា​ម្ចាស់​ហ៊ុន​ធំ​របស់​ក្រុមហ៊ុន Sustainable Growth Group Ltd. ហើយ​ក៏​ជា​ម្ចាស់​ក្រុមហ៊ុន​មួយ​ទៀត​ឈ្មោះ Sustainable AgroEnery PLC មក​ពី​ប្រទេស​អង់គ្លេស។

ក្រោយ​ពី​ការ​សាក​សួរ​ទាំង​យប់​រួច​មក តំណាង​អយ្យការ​បាន​សម្រេច​ចោទ​ប្រកាន់​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ ​ហើយ​បញ្ជូន​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ។ ចៅ​ក្រុម​ស៊ើប​សួរ​បាន​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ។

លោក ផាន់ វណ្ណារ័ត្ន៖ «រឿង​ហ្នឹង​ខាង​ចៅក្រម​ស៊ើបសួរ​គេ​ដាក់​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ក្លែង​លិខិត និង​ប្រើប្រាស់​ឯកសារ​ក្លែង។ ឃុំ​ខ្លួន​នៅ​បន្ទាយមានជ័យ តែ​យក​គាត់​ទៅ​ឃុំ​ខ្លួន​នៅ​ភ្នំពេញ អត់​ដាក់​គាត់​នៅ​ពន្ធនាគារ​បន្ទាយមានជ័យ ទេ ដោយសារ​តែ​យើង​បារម្ភ​ថា ​គាត់​អាច​ឆ្លើយឆ្លង​ជាមួយ​គ្នា​គាត់​នៅ​ក្នុង​គុក យើង​បំបែក​ទីតាំង​ដើម្បី​យើង​អង្កេត​បន្ថែម។ គាត់​តំណាង​ក្រុមហ៊ុន​នៅ​អង់គ្លេស​ផង នៅ​ស្រុក​ខ្មែរ​ផង»

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៣ តុលាការ​ក៏​បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ ខេត្ត​បន្ទាយមានជ័យ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​របស់​រដ្ឋាភិបាល ដើម្បី​កាន់​កាប់​ដីធ្លី​នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។ ការ​ចាប់​ខ្លួន​ជនសង្ស័យ​ទាំង​បី​នាក់​នេះ បាន​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​គ្នា​រវាង​ស្ថាប័ន​តុលាការ​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល។

ជនសង្ស័យ​នោះ​មាន​ឈ្មោះ អ៊ុំ សំអាង ជា​អគ្គនាយក​ក្រុមហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ជា​អក្សរ​កាត់​ថា អាយ​ជី​អ៊ី (IGE) និង​ម្នាក់​ទៀត​ឈ្មោះ សឿម ស៊ីដែន ជា​មេការ​របស់​ក្រុមហ៊ុន។ អ្នក​ទាំង​២​នាក់​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ។

តំណាង​អយ្យកា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ​លោក ​ផាន់ វណ្ណារ័ត្ន បញ្ជាក់​ថា លោក ហ្គិក ហ្វ្រីយេត ត្រូវ​ចាប់​ខ្លួន​តាម​ដីកា​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ ដោយ​មាន​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជា​អ្នក​ចុះ​ប្រតិបត្តិ​ផ្ទាល់៖ «ក្នុង​នីតិវិធី​យើង​ចោទ​គូកន បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​របស់​ចៅក្រម​មួយ​រយៈ​ទៅ​គេ​រក​ឃើញ​ថា ជនជាតិ​អង់គ្លេស​ហ្នឹង គាត់​ប្រើប្រាស់​ឯកសារ​ ក្លែង... អ៊ីចឹង​ចៅក្រម​គេ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​ឯកសារ ហើយ​តំណាង​អយ្យការ​បាន​ស្នើ​សុំ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​សិន ដើម្បី​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់»

មន្ត្រី​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ​លោក ស៊ុំ ច័ន្ទគា ថ្លែង​ថា ទំនាស់​នេះ​កើត​មាន​ឡើង​រវាង​អ្នក​មាន​អំណាច និង​អ្នក​មាន​អំណាច​ដូចគ្នា។ លោក​បាន​ឲ្យ​ដឹង​ថា ដំណាំ​ល្ហុង​ខ្វង​ ដែល​គេ​ដាំ​នៅ​លើ​ដី​មាន​ទំនាស់​នោះ បច្ចុប្បន្ន​ត្រូវ​បាន​ភ្លើង​ឆេះ​បំផ្លាញ​អស់​ហើយ នៅ​ក្រោយ​ការ​ចាប់​ខ្លួន​ ជន​សង្ស័យ​ពីរ​នាក់ ឈ្មោះ អ៊ុំ សំអាង និង សឿម ស៊ីដែន នោះ​រួច​មក។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន និង​មេធាវី​របស់​ជនសង្ស័យ​ទាំង​បី​នាក់​ដើម្បី​សុំ​ប្រតិកម្ម​បាន​ទេ។ ប៉ុន្តែ​នៅ​ក្នុង​ឯកសារ​ថត​ចម្លង​មួយ​របស់​លោក ហ្គិក ហ្វ្រីយេត ដែល​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ដាក់​ជូន​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ កាល​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​២០១៣ មុន​ការ​ចាប់​ខ្លួន​រូប​​លោក​នោះ ​មាន​ខ្លឹម​សារ​សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ពិចារណា​ចំពោះ​ក្រុម​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​ករណី​ដីធ្លី​ដែល​បាន​​វិនិយោគ​នៅ​ស្រុក​ស្វាយចេក និង​នៅ​កន្លែង​ជា​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បញ្ជាក់​ក្នុង​លិខិត​ថា រឿង​ដី​នោះ​មាន​មនុស្ស​ឆ្លៀត​ឱកាស​កេង​ចំណេញ​អំពី​ស្ថានការណ៍​នេះ​ច្រើន​នាក់​ណាស់។ ក្រុមហ៊ុន​លោក​បាន​បោះ​ដើម​ទុន​វិនិយោគ​លើ​វិស័យ​​កសិកម្ម​នៅ​កម្ពុជា សរុប ១១​លាន​ដុល្លារ។

កាល​ពី​ខែ​មីនា ឆ្នាំ​២០១២ អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាង​ជើង​បឹង​ទន្លេសាប បាន​ធ្វើ​ពាក្យ​បណ្ដឹង​មួយ​ប្ដឹង​ទៅ​ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ ដោយ​ចោទ​ប្រកាន់​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ក្រុមហ៊ុន អ៊ិនធឺណេសិនណល ហ្គ្រីន អេនើជី ពី​បទ​​កាប់​រាន​ដុត​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ ​ស្ថិត​ក្នុង​ភូមិ​ខ្លែង​ពណ៌ និង​ភូមិ​ស្លក្រាម ​ស្រុក​ស្វាយចេក ​ខេត្ត​បន្ទាយមានជ័យ។

ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១២ អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុង អឿន បាន​ធ្វើ​លិខិត​រាយការណ៍​មួយ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។ លិខិត​ ៤​ទំព័រ​នោះ ​បាន​បក​ស្រាយ​លើ​ពាក្យ​បណ្ដឹង​របស់​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាង​ជើង​បឹង​ទន្លេសាប​ថា លោក វណ្ណ សុផាណ្ណា ជា​នាយក​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាង​ជើង​បឹង​ទន្លេសាប​ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត ដោយ​ពុំ​មាន​ការ​សុំ​យោបល់​ឯកភាព​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​និង​រដ្ឋបាល​ខេត្ត​ឡើយ។ ពាក្យ​បណ្ដឹង​នោះ​បាន​ចោទ​បំផ្លើស​ការ​ពិត ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ផ្ទុយ​ពី​សិទ្ធិ​អំណាច​ និង​សមត្ថកិច្ច​របស់​ខ្លួន។

លិខិត​របស់​ លោក អ៊ុង អឿន បន្ត​ថា ​ក្នុង​ករណី​នេះ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​បាន​កោះ​ហៅ​ភាគី​ទាំង​ពីរ ​ដើម្បី​ធ្វើការ​បំភ្លឺ​តាម​នីតិវិធី​តុលាការ ​កំណត់​ជា​អង្គហេតុ និង​អង្គច្បាប់​សម្រាប់​ដាក់​បន្ទុក​ចោទ​ប្រកាន់​តាម​រយៈ​មេធាវី​ការពារ​ក្ដី​របស់​ចុង​បណ្ដឹង ហើយ​បាន​ធ្វើ​លិខិត និង​ចូល​បំភ្លឺ​ចំពោះ​មុខ​ ព្រះរាជអាជ្ញា​ដោយ​មាន​ឯកសារ​ផ្លូវ​ច្បាប់​គ្រប់​គ្រាន់​ សម្រាប់​ការពារ​កូន​ក្ដី​របស់​ខ្លួន​ដែល​គ្មាន​កំហុស​តាម​ការ​ចោទ​ប្រកាន់​របស់​លោក វណ្ណ សុផាណ្ណា ដែល​ធ្វើ​ឲ្យ​ព្រះរាជអាជ្ញា​គ្មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ ណា​មួយ អាច​ដាក់​បន្ទុក​ចោទ​ប្រកាន់​ចុង​បណ្ដឹង​បាន​ឡើយ។ ប៉ុន្តែ​លិខិត​របស់​អន្តរាគមន៍​របស់​អភិបាល​ខេត្ត​នោះ មិន​មាន​ប្រសិទ្ធភាព​ទេ​ដោយសារ​តែ​តុលាការ​រក​ឃើញ​ថា លិខិត​នោះ​ក្លែងក្លាយ។

រហូត​មក​ដល់​ពេល​នេះ តុលាការ​បាន​ចាប់​ជនសង្ស័យ​បី​នាក់​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន ​នៅ​ក្នុង​ពន្ធនាគារ។ ប្រភព​បាន​បញ្ជាក់​ថា សំណុំ​រឿង​ខាង​លើ​នេះ​នៅ​មាន​ជនសង្ស័យ​ជា​ច្រើន​នាក់​ជាប់​ពាក់​ព័ន្ធ ក្នុង​នោះ​មាន​ទាំង​មន្ត្រី​យោធា​ និង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​តុលាការ​កំពុង​បើក​ការ​ស៊ើបសួរ​ពាក់ព័ន្ធ​ក្នុង​ករណី​ក្លែង​ឯកសារ​សាធារណៈ​របស់​រដ្ឋាភិបាល​ទៅ​រំលោភ​កាន់​កាប់​ដី​របស់​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។