គណៈកម្មការចំពោះកិច្ចដែលត្រូវបានបង្កើតឡើងដោយគណបក្សនយោបាយទាំងពីរ នឹងជួបពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីសហជីព នាវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ធ្នូ។ ជំនួបដែលធ្វើឡើងដោយតំណាងគណបក្សនយោបាយទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភានេះ ត្រូវបានសហជីពរំពឹងថា ប្រសិនបើគណៈកម្មការចំពោះកិច្ចមិនកេងចំណេញផ្នែកនយោបាយជាធំតែរៀងៗខ្លួនទេ ប្រហែលជាបញ្ហាប្រឈមនានានៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនេះ អាចសម្រេចទៅបានដោយឆាប់រហ័ស និងពុំមានឧបសគ្គ។
មន្ត្រីជាន់ខ្ពស់ពីខាងរដ្ឋាភិបាល និយាយថា ការជជែកដេញដោលច្បាប់សហជីព ដែលរៀបចំឡើងនៅថ្ងៃព្រហស្បតិ៍ គឺរបៀបជាក់លាក់មិនត្រូវបានគេផ្សព្វផ្សាយជាសាធារណៈឲ្យដឹងជាមុននៅឡើយទេ រហូតមកដល់ពេលនេះ។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា លោក សុខ ឥសាន ឲ្យដឹងនៅថ្ងៃទី៣០ ធ្នូ ថា គណៈកម្មការចំពោះកិច្ចទាំងពីរគណបក្សនយោបាយ នឹងបើកកិច្ចពិគ្រោះយោបល់លើបញ្ហាប្រឈមនានា ក្រោយពីស្រង់ក្ដីកង្វល់ពីក្រុមសហជីព។ លោកបន្តថា ថ្វីបើជំនួបដែលគ្រោងនឹងរៀបចំឡើងដូចការគ្រោងទុក ចំពោះរបៀបវារៈពិតប្រាកដដែលនឹងត្រូវពិភាក្សា រហូតមកដល់ពេលនេះមិនត្រូវបានគេបញ្ចេញឲ្យដឹងនៅឡើយទេ។ លោកបន្តថា «អូរ! មិនទាន់ដឹងទេ អាស្រ័យលើឯកឧត្ដមប្រធាន និងអនុប្រធានគាត់លើកបញ្ហា ព្រោះខ្ញុំគ្រាន់តែដឹងគេអញ្ជើញប្រជុំ ប៉ុន្តែមិនដឹងរបៀបវារៈយ៉ាងម៉េចទេ»។
មុនកិច្ចប្រជុំចាប់ផ្ដើមរវាងគណៈកម្មការចំពោះកិច្ចរបស់តំណាងគណបក្សនយោបាយទាំងពីរ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ គឺក្រុមសហជីពដែលមាននិន្នាការពីរខុសគ្នា បានជួបពិគ្រោះយោបល់ដាច់ដោយឡែកពីគ្នារួចមកហើយជាមួយតំណាងគណបក្សជំទាស់ និងគណបក្សប្រជាជនកម្ពុជា។
សេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ត្រូវបានរដ្ឋាភិបាលតាក់តែងតាំងពីឆ្នាំ២០០៨ ដែលមាន ១៧ជំពូក និង ១០០មាត្រា។ សព្វថ្ងៃ ច្បាប់នេះកំពុងស្ថិតនៅក្នុងដៃរដ្ឋសភានៅឡើយ។
បច្ចុប្បន្ន កម្ពុជា មានកម្មករបម្រើការក្នុងវិស័យឧស្សាហកម្មផលិតស្បែកជើង និងសម្លៀកបំពាក់ប្រមាណ ៧សែននាក់ និងមានសហជីពមូលដ្ឋានប្រមាណ៣.២១៤ សហព័ន្ធសហជីពចំនួន៨៤ និងសហភាពសហព័ន្ធសហជីពចំនួន១៣ ព្រមទាំងមានសមាគមនិយោជកចំនួន៥។
ជុំវិញសេចក្ដីព្រាងច្បាប់នេះ ត្រូវរងការរិះគន់ពីអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធលើវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ថាមានលក្ខណៈគាបសង្កត់ដល់សិទ្ធិសេរីភាពរបស់កម្មករ និងសហជីព។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ (CCAWDU) លោក អាត់ ធន់ យល់ឃើញថា ប្រសិនបើអ្នកនយោបាយបន្តពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនេះ ដោយមិនទាញយកផលប្រយោជន៍ខាងនយោបាយទេ ប្រហែលជាកិច្ចពិភាក្សាលើសេចក្ដីស្នើច្បាប់នេះ អាចនឹងនាំមកនូវផលវិជ្ជមានច្រើនសម្រាប់សហជីព។ ផ្ទុយទៅវិញ បើជំនួបរបស់គណៈកម្មការចំពោះកិច្ចនេះគិតរកការចំណេញផ្នែកនយោបាយរៀងៗខ្លួន នោះអត្ថប្រយោជន៍នៃច្បាប់សហជីពនេះ នឹងមិនចំណេញអ្វីឡើយសម្រាប់សហជីព។ លោកបន្តថា «យើងសង្ឃឹមថាវាចេញជាពីររូបភាព។ រឿងទីមួយគេមិនកែសោះ។ រឿងទីពីរគេកែមួយចំនួនធំ ជាចំនួនមួយចំទៅនឹងគន្លឹះ ឬមិនចំទៅនឹងអ្វីដែលយើងចង់បាន»។
វិទ្យុអាស៊ីសេរី ពុំអាចសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះពីមន្ត្រីមួយចំនួនរបស់គណបក្សជំទាស់បានភ្លាមៗទេ នៅថ្ងៃទី៣០ ធ្នូ។
បើទោះជាបែបណា លោក សុខ ឥសាន បញ្ជាក់ថា ជំនួបដែលធ្វើឡើងរវាងគណៈកម្មការចំពោះកិច្ចទាំងពីរ ប្រសិនក្តីកង្វល់ដែលបានស្រង់ពីខាងសហជីព ហើយជជែកទៅមានមន្ទិលសង្ស័យបន្ថែម គឺត្រូវជួបជាថ្មីឡើងវិញជាមួយសហជីព ឬបើនៅតែមិនទាន់ច្បាស់ទេ នឹងជួបក្រសួងការងារ បន្ថែមទៀត។
ពាក់ព័ន្ធកិច្ចពិគ្រោះយោបល់ដែលដំណើរការនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ខាងសហជីពបានដាក់សំណើដើម្បីចូលរួមជជែកពិភាក្សាដែរ ក៏ប៉ុន្តែត្រូវបានជំទាស់ពីគណៈកម្មការចំពោះកិច្ច។ ការបដិសេធវត្តមានពីខាងសហជីពចូលរួមនេះ ក្រោមហេតុផលដើម្បីរក្សាការសម្ងាត់នៅក្នុងកិច្ចពិគ្រោះយោបល់។ ម្យ៉ាងវិញទៀត នេះអាចចាត់ទុកថា ជាការជួបផ្ទៃក្នុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
