មេធាវីជនជាតិអង់គ្លេស លោក រីឆាដ រ៉ូជើរ (Richard Rogers) តំណាងពលរដ្ឋរងគ្រោះក្រោមរបបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងដាក់ភស្តុតាងបន្ថែមទៀតទៅឲ្យព្រះរាជអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជុំវិញបណ្ដឹងប្រឆាំងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលប្រព្រឹត្តឡើងដោយក្រុមអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល។
ភស្តុតាងថ្មីដែលគ្រោងនឹងដាក់នៅថ្ងៃពុធ ទី២២ ខែកក្កដា នេះ ជាបន្ទុកបន្ថែមទៀតលើទៅពាក្យបណ្ដឹងកាលពីឆ្នាំ២០១៤ ដែលបានស្នើឲ្យតុលាការអន្តរជាតិ ស៊ើបអង្កេតបឋមលើបណ្ដឹងមួយចោទប្រកាន់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងពាណិជ្ជករ ស្និទ្ធនឹងរដ្ឋាភិបាលដែលរំលោភដីធ្លីជាប្រព័ន្ធក្នុងរយៈពេល ១០ឆ្នាំកន្លងមក។
ភស្តុតាងថ្មីនេះរួមមានបទល្មើសនៃការរំលោភដីធ្លីបន្តកើនឡើងកាលពីឆ្នាំ២០១៤ និងឆមាសទីមួយឆ្នាំ២០១៥។ សព្វថ្ងៃនេះ មានពលរដ្ឋប្រមាណ ៨៣០.០០០នាក់ (ប្រាំបីសែនបីម៉ឺន) រងផលប៉ះពាល់ដោយសារបញ្ហាដីធ្លីចាប់តាំងពីឆ្នាំ២០០០ មក។
បច្ចុប្បន្ន ព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ កំពុងពិនិត្យបណ្ដឹងរបស់លោក រីឆាដ រ៉ូជើរ ប៉ុន្តែមិនទាន់សម្រេចដាក់បញ្ចូលឲ្យចៅក្រមជំនុំជម្រះនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
