អង្គការ​សង្គម​ស៊ីវិល​៤៨​អំពាវនាវ​ឲ្យ​សាលាឧទ្ធរណ៍​បដិសេធ​ការ​ផ្ដន្ទាទោស​សកម្មជន​បរិស្ថាន​៣​រូប

ដោយ ថា កិត្យា
2017-01-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សកម្មជន​ការពារ​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង ត្រូវ​បាន​នាំ​មក​តុលាការ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ Photo courtesy of Mother Nature
សកម្មជន​ការពារ​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង ត្រូវ​បាន​នាំ​មក​តុលាការ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ Photo courtesy of Mother Nature
Photo courtesy of Mother Nature

អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤៨ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម អំពាវនាវ​ឲ្យ​សាលាឧទ្ធរណ៍​បដិសេធ​ការ​ផ្ដន្ទាទោស​សកម្មជន​បរិស្ថាន ៣​រូប ខណៈ​ដែល​សាលាឧទ្ធរណ៍​គ្រោង​បើក​សវនាការ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​ពួកគេ​យល់​ថា សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្ត​កោះកុង ពុំ​ត្រឹមត្រូវ។

អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ចំនួន ៤៨ អំពាវនាវ​ឲ្យ​សាលាឧទ្ធរណ៍​បដិសេធ​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្ត​កោះកុង ដែល​ផ្ដន្ទាទោស​សកម្មជន​ការពារ​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ ៣​រូប រួម​មាន​លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ស្រប​ពេល​ដែល​សាលាឧទ្ធរណ៍​គ្រោង​បើក​សវនាការ​លើ​សំណុំរឿង​អ្នក​ទាំង​៣ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ខាង​មុខ។

សកម្មជន​បរិស្ថាន​ម្នាក់ គឺ​លោក សាន់ ម៉ាឡា ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​ប្រាប់​អាស៊ីសេរី ថា ពួក​លោក​ទាំង ៣​នាក់ នឹង​មិន​ចូលរួម​សវនាការ​នៅ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា នោះ​ទេ ដោយ​បារម្ភ​ខ្លាច​សាលាឧទ្ធរណ៍​សម្រេច​ក្ដី​ធ្ងន់ធ្ងរ​ជាង​មុន ប្រសិនបើ​ព្រះរាជអាជ្ញា​ប្តឹង​ដែរ​នោះ«ដោយសារ​យើង​មិន​ជឿជាក់​តុលាការ​នៅ​ក្នុង​ស្រុក​ខ្មែរ ហើយ​យើង​ឃើញ​ថា កន្លង​មក​តុលាការ​មិន​ដែល​ផ្តល់​យុត្តិធម៌​ដល់​សកម្មជន ឬ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​មាន​បញ្ហា​ជាមួយ​អ្នក​មាន​អំណាច ឬ​ក្រុមហ៊ុន​ណា​មួយ​ទេ។ ដូច្នេះ​ហើយ ទើប​យើង​ធ្វើ​ពហិការ​មិន​ចូលរួម​សវនាការ​នៅ​ក្នុង​សាលា​ឧទ្ធរណ៍​នេះ​ទេ»

សកម្មជន​បរិស្ថាន​ទាំង ៣​រូប ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១៨​ខែ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល ព្រម​ទាំង​បង្គាប់​ឲ្យ​សង​សំណង​ខូចខាត ១០០​លាន​រៀល​ទៅ​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​ដែល​ប្ដឹង​ពួកគេ​ពី​បទ​ព្រហ្មទណ្ឌ កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៦។ អ្នក​ទាំង​៣ រង​ការ​ចោទ​ថា ជា​អ្នក​ផ្ដើម​គំនិត​ក្នុង​បទល្មើស "គំរាមកំហែង​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ" តាម​មាត្រា​២៨ និង​មាត្រា​៤២៤ នៃ​ក្រមព្រហ្មទណ្ឌ។ សកម្មជន​ទាំង ៣​រូប ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល ១០​ខែ និង ១៥​ថ្ងៃ មុន​ពេល​តុលាការ​សម្រេច​ព្យួរ​ទោស​ដែល​នៅ​សេសសល់។

សកម្មជន​បរិស្ថាន​ទាំង ៣​រូប ត្រូវ​បាន​ឃាត់​ខ្លួន​ដោយសារ​បាន​គាំទ្រ​សហគមន៍​ភូមិ​អណ្ដូងទឹក ស្ថិត​ក្នុង​ខេត្ត​កោះកុង ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន កាល​ពី​ឆ្នាំ​២០១៥។ ប៉ុន្តែ​ចាប់​តាំង​ពី​នោះ​មក រាជរដ្ឋាភិបាល​ក៏​បាន​អះអាង​ថា បាន​ផ្អាក​ការ​បូម​ខ្សាច់​ក្នុង​ខេត្ត​កោះកុង ហើយ។ ការ​ផ្អាក​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា កើត​ចេញ​ពី​ការ​ខិតខំ​មួយ​ផ្នែក​ធំ​ជា​បន្តបន្ទាប់​របស់​អង្គការ​មាតា​ធម្មជាតិ។

បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ សកម្មជន​ការពារ​បរិស្ថាន​ទាំង ៣​នាក់ កំពុង​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស បន្ទាប់​ពី​រង​ការ​គំរាមកំហែង និង​បំភិតបំភ័យ​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល។

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម អះអាង​ថា សកម្មជន​បរិស្ថាន​ទាំង ៣​នាក់ មិន​មែន​ជា​ឧក្រិដ្ឋជន​នោះ​ទេ ពោល​គឺ​ពួកគេ​ជា​អ្នក​ការពារ​បរិស្ថាន​ដ៏​ក្លាហាន ដែល​បាន​រួម​ចំណែក​យ៉ាង​ធំធេង ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ​របស់​ប្រទេស​កម្ពុជា សម្រាប់​ជា​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ និង​សម្រាប់​អ្នក​ជំនាន់​ក្រោយ។ សេចក្ដី​ថ្លែង​ការណ៍​ដដែល​បន្ត​ថា ប្រសិនបើ​ការ​ប្ដេជ្ញា​ចិត្ត​ថ្មីៗ​នេះ របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​បូម​ខ្សាច់​ត្រូវ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​មែន​នោះ យុវជន​ការពារ​បរិ​ស្ថាន​ទាំង​នេះ ត្រូវ​តែ​រួច​ទោស ហើយ​គួរ​តែ​ត្រូវ​បាន​គេ​សរសើរ និង​ការពារ ជា​ជាង​ត្រូវ​រង​ការ​យាយី​តាម​ផ្លូវ​ច្បាប់។

​លើស​ពី​នេះ លោក ហ៊ុន សែន ធ្លាប់​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​បង្ក្រាប​លើ​សកម្មភាព​ទាញ​យក​ធនធាន​ធម្មជាតិ​ខុស​ច្បាប់ និង​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ថ្លែង​ថា យុវជន​គឺ​ជា​កម្លាំង​ស្នូល​ដែល​អាច​លើក​ទឹក​ចិត្ត​ឲ្យ​សាធារណជន​ចូលរួម​ដើម្បី​ការពារ​បរិស្ថាន និង​ទប់ស្កាត់​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

(


សកម្មជនទាំងបីរូបខំធ្វើការបម្រើជាតិហើយពួកគេមិនបានធ្វើអ្វីខុសតែពួកគេរមែងរកលេសដើម្បីចាប់មនុស្សស្លូតត្រង់ដាក់គុកព្រោះពួកវាខ្លាចបាត់បង់លុយហូរចូលហោប៉ៅវានឹងហោប៉ៅយួន។

Jan 30, 2017 02:44 AM

អ្នក​អាន​អនាមិក

រដ្ឋាភិបាលចង់ឲ្យអ្នកទាំង៣នៅក្នុងគុកយូរបន្តិចដើម្បីឲ្យពួកគេគ្រប់សិទ្ធទទួលបានមេដៃពីអាមេរិកទៀត។

Jan 29, 2017 07:25 PM

គេហទំព័រ​ទាំងមូល