សង្គម​ស៊ីវិល​បារម្ភ​ចំពោះ​ឥទ្ធិពល​ស្ថាប័ន​នីតិប្រតិបត្តិ​ទៅ​លើ​មុខងារ​របស់​តុលាការ

0:00 / 0:00

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សម្ដែង​ការ​បារម្ភ​ចំពោះ​ឥទ្ធិពល​ហួសហេតុ​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​ទៅ​លើ​ការ​បំពេញ​មុខងារ​របស់​តុលាការ​នៅ​កម្ពុជា។ ការ​បារម្ភ​នេះ គឺ​នៅ​ក្រោយ​ពី​អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដក​តំណែង​ភ្លាមៗ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌ បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​ចៅក្រម​ដែល​កាន់​សំណុំរឿង​ក្តី​របស់​ឪពុក​ម្ដាយ​លោក ថោង សារ៉ាត់។

បញ្ហា​ទាក់ទង​ការ​ដក​តំណែង​អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អាំង មាលតី កាល​ពី​ពេល​ថ្មីៗ​នេះ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដោះលែង​ឪពុក​ម្ដាយ​លោក ថោង សារ៉ាត់ ឲ្យ​នៅ​ក្រៅ​ឃុំ នៅ​មិន​ទាន់​ស្ងប់ស្ងាត់​នៅ​ឡើយ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​ក្នុង​វិចារណកថា​ព័ត៌មាន​របស់​ខ្លួន​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ លើក​ឡើង​ថា ពួកគេ​ព្រួយ​បារម្ភ​ចំពោះ​ការ​ដក​តំណែង​លោក អាំង មាលតី ដែល​ពួកគេ​អះអាង​ថា ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​ធ្វើ​ឡើង​ដោយ​ប្រញាប់ប្រញាល់។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កត់​សម្គាល់​ថា វិធានការ​ដែល​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ធ្វើ​ទៅ​លើ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុខលេង ដែល​ជា​ចៅក្រម​ទទួល​បន្ទុក​សំណុំ​រឿង​របស់​លោក ថោង សារ៉ាត់ និង​ទៅ​លើ​លោក អាំង មាលតី កាល​ពី​ពេល​ថ្មីៗ​នេះ ហាក់​បី​ដូច​ជា​វិធានការ​ភ្លាមៗ បន្ទាប់​ពី​មាន​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លើក​ឡើង​ថា ខណៈ​ដែល​ករណី​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ពុករលួយ​នៅ​តុលាការ​ត្រូវ​តែ​ចាត់​វិធានការ​ជា​ចាំបាច់ ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ក៏​ត្រូវ​ត្រួត​ពិនិត្យ​មើល​ឲ្យ​បាន​ប្រាកដប្រជា និង​ឥត​លំអៀង​ទៅ​លើ​ភស្តុតាង​ដែល​មាន ហើយ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​តែ​ទៅ​លើ​សម្ពាធ និង​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ណា​មួយ​នោះ​ទេ។

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដោះលែង​ឪពុក​ម្ដាយ​លោក ថោង សារ៉ាត់ គឺ​លោក ថោង ចំរើន និង​អ្នកស្រី កែវ សារី ឲ្យ​នៅ​ក្រៅ​ឃុំ ដោយ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ។ លោក ហ៊ុន សែន សង្ស័យ​ថា ការ​ដោះលែង​នោះ គឺ​អាច​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ច្រើន​លាន​ដុល្លារ។ លោក​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​ជា​សមាជិក​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ចៅក្រម​ដែល​កាន់​សំណុំ​រឿង​នេះ។

មួយ​ថ្ងៃ​ក្រោយ​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដែល​ជា​ស្ថាប័ន​មាន​សិទ្ធិ​សម្រេច​អំពី​ការ​តែងតាំង ការ​ផ្លាស់ប្ដូរ ការ​ផ្ដាច់​ពី​មុខ​ងារ ការ​ដាក់​ឲ្យ​នៅ​ក្រៅ​ក្របខ័ណ្ឌ ការ​ដាក់​ឲ្យ​នៅ​ទំនេរ និង​ការ​លុប​ឈ្មោះ​ចៅក្រម​ទាំង​អស់​នោះ បាន​សម្រេច​ដក​លោក អាំង មាលតី ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ពី​តំណែង។

​អ្នក​សម្របសម្រួល​គម្រោង​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក សួន ប៊ុនធឿន មាន​ប្រសាសន៍​បន្ថែម​ថា ទោះ​ជា​មាន​សញ្ញា​បង្ហាញ​ថា ការ​ដោះលែង​ឪពុក​ម្តាយ​លោក ថោង សារ៉ាត់ អាច​បណ្ដាល​មក​ពី​ការ​អនុវត្ត​ខុស​នីតិវិធី​នៅ​ក្នុង​តុលាការ​កម្ពុជា​ក្តី ក៏​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ត្រូវតែ​ជា​ស្ថាប័ន​ឯករាជ្យ។

លោក សួន ប៊ុនធឿន បញ្ជាក់​ថា ស្រប​ពេល​ដែល​សង្គម​ស៊ីវិល​ស្វាគមន៍​រាល់​សញ្ញា​វិជ្ជមាន​ដែល​នាំ​ទៅ​រក​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ពិតប្រាកដ គេ​ក៏​ចង់​ឃើញ​ដែរ​ថា ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ មិន​មែន​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ជ្រៀតជ្រែក​ហួសហេតុ​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​ទៅ​ក្នុង​ស្ថាប័ន​តុលាការ​ឡើយ។

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​បែប​នេះ អគ្គលេខាធិការ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម លោក សំ ប្រជាមានិត មាន​ប្រសាសន៍​ថា ការ​ដក​តំណែង​លោក អាំង មាលតី ចេញ​ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​មែន​ធ្វើ​តាម​ការ​លើក​ឡើង​របស់​ស្ថាប័ន​ណា​មួយ​នោះ​ទេ។ លោក​ថា អ្វី​ដែល​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​ធ្វើ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​នៅ​ក្នុង​ស្ថាប័ន​តុលាការ​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ប្រសើរ​ប៉ុណ្ណោះ។

លោក សំ ប្រជាមានិត បញ្ជាក់​ដែរ​ថា នេះ​គឺ​ជា​ការងារ​ដែល​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​ធ្វើ​ជា​ហូរហែ​កន្លង​មក។ លោក​ថា ការ​ផ្លាស់ប្ដូរ តែងតាំង​ចៅក្រម ព្រះរាជអាជ្ញា គឺ​ជា​សិទ្ធិ​របស់​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម។ លោក​ថា ប្រសិន​បើ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​មើល​ឃើញ​ការ​គ្រប់គ្រង​មាន​បញ្ហា​ដែល​អាច​ប៉ះពាល់​ទៅ​ដល់​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​យុត្តិធម៌ គឺ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ត្រូវ​តែ​ធ្វើការ​ផ្លាស់ប្ដូរ។

យ៉ាង​ណា​ក៏ដោយ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កត់សម្គាល់​ថា បើ​ទោះ​ជា​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​អំពី​ឯករាជភាព​របស់​ស្ថាប័ន​តុលាការ​ក្តី ក៏ប៉ុន្តែ​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា​ដែល​ទើបតែ​បាន​អនុម័ត​កាល​ពី​ពេល​កន្លង​មក​នេះ ពុំ​បាន​ធានា​ដល់​ឯករាជភាព និង​អព្យាក្រឹតភាព​របស់​ស្ថាប័ន​តុលាការ​នោះ​ទេ។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លើក​ឡើង​ថា នេះ​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បំពេញ​មុខងារ​របស់​ស្ថាប័ន​តុលាការ និង​ធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ទទួល​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​ស្ថាប័ន​នីតិប្រតិបត្តិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។