CCIM ស្នើ​ឲ្យ​តុលាការ​រក​យុត្តិធម៌​ជូន​អ្នក​យក​ព័ត៌មាន​វិទ្យុ​វី.អូ.ឌី

ក្រុម​អ្នក​ច្បាប់​របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លើក​ឡើង​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ មិន​បាន​ចាត់ការ​សំណុំរឿង​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ប្រើ​អំពើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ឬ វី.អូ.ឌី (VOD) ឲ្យ​បាន​ទាន់​ពេល​វេលា​នោះ​ទេ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៥ សីហា ដែល​ទាមទារ​យុត្តិធម៌​សម្រាប់​អ្នក​សា​ព័ត៌មាន​ដែល​រង​របួស​នោះ​ថា ក្រុម​អ្នក​ច្បាប់​របស់ CCIM បាន​ដាក់​លិខិត​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​សប្ដាហ៍​មុន​សុំ​ឲ្យ​តុលាការ​ពន្លឿន​ដំណើរការ​របស់​អង្គការ​ក្នុង​ករណី​អ្នក​យក​ព័ត៌មាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ត្រូវ​គេ​វាយ​ដំ​របួស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្បែរ​ស្ពាន​នាគ​កាល​ពី​ខែ​ឧសភា។

តំណាង CCIM បាន​ដាក់​ពាក្យ​ប្ដឹង​អភិបាល​រាជធានី​ភ្នំពេញ អភិបាល និង​អភិបាល​រង​ខណ្ឌ​ដូនពេញ ថា​ជា​អ្នក​បញ្ជា​ជា​ប្រព័ន្ធ និង​រៀបចំ​ការ​វាយ​ប្រហារ​លើ​ក្រុម​អ្នក​តវ៉ា ក្នុង​នោះ​កង​សន្តិសុខ​ខណ្ឌ​បាន​វាយ​ប្រហារ​អ្នក​យក​ព័ត៌មាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ លោក ឡាយ សាមាន ឲ្យ​រង​របួស​ធ្ងន់ធ្ងរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា តុលាការ​បាន​កោះ​ហៅ​តំណាង CCIMដើម្បី​ផ្ដល់​ការ​ពន្យល់ និង​ផ្ដល់​ភស្តុតាង តែ​មក​ទល់​ពេល​នេះ​តុលាការ​មិន​ទាន់​កោះ​ហៅ​ភាគី​ចុង​ចោទ​នៅ​ឡើយ។

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង មាន​ប្រសាសន៍​ថា តុលាការ​មិន​បាន​ចាត់​ការ​រឿង​ក្ដី​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ផ្ទុយ​គ្នា​ស្រឡះ​ទៅ​នឹង​សកម្មភាព​ដូច​ផ្លេកបន្ទោរ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​កាល​ពី​ខែ​មុន នៅ​ពេល​ដែល​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ បាន​រង​របួស​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា នោះ តុលាការ​បាន​ចាប់​ខ្លួន​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​គណបក្ស​នេះ​ជា​បន្តបន្ទាប់ តែ​ករណី​លោក ឡាយ សាមាន វិញ គ្មាន​ជន​សង្ស័យ​ណា​ម្នាក់​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៥ សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។