តុលាការ​​​បើក​សវនាការ​ដោយ​គ្មាន​វត្តមាន​​លោក ឈូក បណ្ឌិត

តុលាការ​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា នេះ បើក​សវនាការ​ជំនុំ​ជម្រះ​ក្នុង​សំណុំ​រឿង​បាញ់​កម្មករ​រោងចក្រ​កៅវ៉េ (Kaoway) ៣​នាក់ អោយ​រង​របួស។ ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​នេះ គឺ​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត។

0:00 / 0:00

​សវនាការ​​​ដែល​កំពុង​ដំណើរការ​នៅ​ព្រឹក​នេះ មាន​វត្តមាន​ជន​រងគ្រោះ សាក្សី សហជីព​កម្មករ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​ក្រុមហ៊ុន​បញ្ជា​ទិញ​ផលិតផល​រោងចក្រ​កៅវ៉េ មក​ពី​ប្រទេស​អាល្លឺម៉ង់ ប៉ុន្តែ​អវត្តមាន​ជន​ជាប់​ចោទ គឺ​លោក ឈូក បណ្ឌិត។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ឈូក បណ្ឌិត គឺ​លោក ស៊ុន ប៊ុនរិទ្ធ ប្រកាស​ថា កូន​ក្ដី​របស់​លោក​មិន​បាន​ចូល​រួម​សវនាការ​នេះ គឺ​ដោយសារ​គាត់ (លោក ឈូក បណ្ឌិត) ពុំ​បាន​ទទួល​ដីកា​កោះ​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​សវនាការ។

មេធាវី ស៊ុន ប៊ុនរិទ្ធ បាន​ស្នើ​សុំ​ឲ្យ​ចៅក្រម​ជំនុំ​ជម្រះ​ពន្យារ​ពេល​សវនាការ ដោយ​លើក​ហេតុផល​ថា ពុំ​មាន​អវត្តមាន​សាក្សី​ដោះ​បន្ទុក​សំខាន់​ម្នាក់ និង​អវត្តមាន​មន្ត្រី​បច្ចេកទេស​បាញ់​កាំភ្លើង​ពី​ក្រសួង​មហាផ្ទៃ។

កម្មការិនី​នៃ​រោងចក្រ​កៅវ៉េ ៣​នាក់ ត្រូវ​បាញ់​អោយ​របួស​នៅ​ក្នុង​ពេល​កម្មករ​ជា​ច្រើន​ពាន់​នាក់​ធ្វើ​កូដកម្ម​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ ដើម្បី​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល និង​ផ្លាស់​ប្ដូរ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត។

ទោះ​ជា​យ៉ាង​ណា ប្រធាន​អង្គជំនុំ​ជម្រះ​សម្រេច​បន្ត​សវនាការ​ដោយ​គ្មាន​វត្តមាន​ជន​ជាប់​ចោទ ឈូក បណ្ឌិត។

សូម​​​​ស្ដាប់​សេចក្ដី​រាយការណ៍​ពី​ដំណើរ​ការ​សវនាការ​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។