កុមារដែលកំពុងធ្វើការបម្រើតាមផ្ទះក្នុងពេលបច្ចុប្បន្ន មិនសូវបានគេដឹងឮពីព័ត៌មានរបស់ពួកគេនោះទេ។ យូរៗម្ដង មានលេចឡើងនូវព័ត៌មានពីការរំលោភបំពានពីសំណាក់ម្ចាស់ផ្ទះ បន្ទាប់ពីក្មេងៗទាំងនោះបានព្យាយាមរត់ចេញដោយខ្លួនឯង ដើម្បីស្វែងរកជំនួយសង្គ្រោះ។
ក្មេងៗទាំងនោះ បានរងគ្រោះដោយអំពើទារុណកម្ម ដូចជា ត្រូវម្ចាស់ផ្ទះវាយដំ និងធ្វើឲ្យរលាកកាយជាដើម។
តើកុមារទាំងនោះអាចទទួលបានការគាំពារតាមផ្លូវច្បាប់បែបណាខ្លះ? តើប្រទេសកម្ពុជា មានច្បាប់ការពារកុមារធ្វើការបម្រើតាមផ្ទះដែរឬទេ?
កុមារធ្វើការបម្រើតាមផ្ទះ បានប្រឈមនូវបញ្ហាជាច្រើនចំពោះមុខក្នុងពេលបំពេញការងារប្រចាំថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានបាត់បង់ឱកាសចូលរៀន ហើយត្រូវម្ចាស់ផ្ទះខ្លះវាយធ្វើបាបថែមទៀត។
កុមារធ្វើការបម្រើតាមផ្ទះ ត្រូវបានគេសង្កេតឃើញថា ឪពុកម្ដាយ ឬអាណាព្យាបាល គឺជាអ្នកបញ្ជូនពួកគេឲ្យទៅរស់នៅធ្វើការក្នុងផ្ទះអ្នកដទៃដោយផ្ទាល់ ដើម្បីបានកម្រៃឈ្នួលទ្រទ្រង់ជីវភាពគ្រួសារ ដោះបំណុល ឬកាត់បំណុលជាដើម។
ទាក់ទងបញ្ហានេះ ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានថ្លែងថា ក្នុងពេលបច្ចុប្បន្ននេះ ពុំមានស្ថាប័នណាមួយ ទាំងស្ថាប័នឯកជន និងស្ថាប័នរដ្ឋ មានស្ថិតិបញ្ជាក់ថាមានកុមារប៉ុន្មាននាក់ដែលកំពុងធ្វើការបម្រើក្នុងផ្ទះនោះទេ។ អ្នកស្រីបន្តថា បញ្ហានេះនឹងបែកធ្លាយនៅពេលដែលកុមារបានព្យាយាមរត់ចេញមកក្រៅផ្ទះ ឬមានអ្នកជិតខាងបានឃើញ ហើយឈឺឆ្អាល ទើបកុមាររងគ្រោះទាំងនោះទទួលបានការអន្តរាគមន៍ និងជំនួយសង្គ្រោះ។
អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក៖ «យើងមិនអាចមើលឃើញទេពីក្រៅ ទាល់តែលេចមកដោយសារកុមារហ្នឹង គេធ្វើបាបទៅហើយ មានអ្នកជិតខាងមកប្ដឹងយើង បានយើងដឹងរឿងហ្នឹងនៅខាងក្នុងផ្ទះគេ ហើយបើគេហ្នឹងចិត្តមិនល្អ គេធ្វើបាបគ្នាមិនអាចទាក់ទងមកក្រៅបានទេ។ នៅក្នុងផ្ទះបិទទ្វារជិត យើងមិនអាចទៅចូលផ្ទះគេបានទេ ទាល់តែមានការរំលោភនៅក្នុងហ្នឹង ហើយក្មេងនោះស្រែកអីទៅចេញមកដល់ក្រៅ។ ដូចអង្គការលីកាដូ បានជួយកូននោះ ៨ឆ្នាំសោះ វាយធ្វើបាបទាល់តែ ១ថ្ងៃហ្នឹង បែកក្បាលហ្នឹងទៅម្ដាយចិញ្ចឹមយកមកខាងក្រៅ ឲ្យពេទ្យគេដេរប៉ុន្មានថ្នេរទៅ បានក្មេងហ្នឹងឃើញនគរបាលមួយរត់ទៅអោបនគរបាលឲ្យជួយបានជួយបាន បើមិនអ៊ីចឹងទេ ផ្ទះរបស់គេបិទទ្វារ យើងមិនអាចចូលផ្ទះគេបានទេ ទាល់តែមានដីកា»។
អ្នកស្រី ពុង ឈីវកេក បានបញ្ជាក់ថា កុមារធ្វើការបម្រើក្នុងផ្ទះនៅតែមានសិទ្ធិទទួលបានការអប់រំនៅសាលាដូចកុមារដទៃទៀតដែរ។ ដូច្នេះ ម្ចាស់ផ្ទះត្រូវមានការទទួលខុសត្រូវឲ្យពួកគេបានទៅរៀនយ៉ាងហោចណាស់ត្រឹមថ្នាក់ទី៩។ អ្នកស្រីយល់ថា ការបាត់ព័ត៌មានពីកុមារកំពុងធ្វើការបម្រើក្នុងផ្ទះ គឺជាបញ្ហាផ្ទាល់របស់កុមារដែលជាឱកាសឲ្យម្ចាស់ផ្ទះមួយចំនួនដែលខ្វះការយល់ដឹងពីច្បាប់កាន់តែរំលោភបំពានទៅលើពួកគេថែមទៀត។
អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក៖ «យើងមិនអាចចូលផ្ទះគេស្រួលៗ ដើម្បីដឹងថា តើកុមារដែលធ្វើការក្នុងផ្ទះហ្នឹង ម្ចាស់ផ្ទះមានចិត្តធម៌សប្បុរសទេ ចិត្តល្អទេ ថែទាំកុមារហ្នឹងឲ្យទៅរៀនសាលាទេ ហើយឲ្យធ្វើការស្រាលៗទេ ហើយមួយទៀត មានអាយុដែលមិនអាចធ្វើការធ្ងន់ៗបាន គឺថាពី ១៥ឆ្នាំ ទៅ ១៧ឆ្នាំ ប៉ុន្តែនៅតែឲ្យទៅសាលារៀន ឲ្យម្ហូបគ្រប់គ្រាន់ ទទួលទានដំណេកគ្រប់គ្រាន់។ យើងមិនអាចមើលឃើញទេពីក្រៅ ហើយកុមារបើនៅខាងក្នុងផ្ទះគេ គេចិត្តមិនល្អគេធ្វើបាប គ្នាមិនអាចទាក់ទងមកខាងក្រៅបានទេ»។
របាយការណ៍របស់អង្គការពលកម្មអន្តរជាតិ ដែលបច្ចុប្បន្នហៅថា អង្គការអន្តរជាតិខាងការងារ អាយឡូ (ILO) ជាមួយវិទ្យាស្ថានជាតិស្ថិតិ ឆ្នាំ២០០៣ រកឃើញថា មានកុមារកំពុងធ្វើការបម្រើតាមផ្ទះក្នុងរាជធានីភ្នំពេញ មានចំនួនជាង ២ម៉ឺន ៧ពាន់នាក់។ ចំណែកអង្គការលីកាដូ បានស្រាវជ្រាវថា ប្រាក់បៀវត្សរ៍ពួកគេទទួលបានមិនលើសពី ១៥ម៉ឺនរៀលទេ ក្នុងមួយខែ។ កុមារដែលធ្វើការនេះ គេរកឃើញថា ភាគច្រើនមានអាយុពី ១២ ទៅ ១៥ឆ្នាំ។ ពួកគេធ្វើការជាមធ្យម ១៣ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែរបាយការណ៍នេះ មិនបានបង្ហាញថាមានកុមារប៉ុន្មាននាក់ដែលរងគ្រោះដោយម្ចាស់ផ្ទះធ្វើបាបនោះទេ។
យ៉ាងណាក៏ដោយ បញ្ហានេះនាយិកាប្រតិបត្តិអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ ហៅកាត់ជាភាសាអង់គ្លេសថា ស៊ី.ដាប់ប៊ែលយូ.ស៊ី.ស៊ី (CWCC) អ្នកស្រី ប៉ុក បញ្ញាវិចិត្រ មានប្រសាសន៍ថា ពលរដ្ឋខ្មែរមួយចំនួននៅតែមានផ្នត់គំនិតថា អំពើហិង្សាគឺជារឿងធម្មតា គឺជារឿងផ្ទៃក្នុងរបស់គ្រួសារនីមួយៗ ដូច្នេះនៅពេលដែលកុមារធ្វើការក្នុងផ្ទះ ត្រូវរងគ្រោះដោយអំពើផ្សេងៗជាលក្ខណៈពលកម្មក្ដី ជាការបំពានលើរាងកាយក្ដី គឺពុំសូវមានការរាយការណ៍នោះទេ។ អ្នកស្រីបន្តថា កង្វះការយល់ដឹងទៅលើសិទ្ធិកុមារ និងគោលការណ៍ការពារកុមារ និងខ្វះការយកចិត្តទុកដាក់ពីអ្នកជិតខាង ក៏ជាចំណុចមួយនាំឲ្យកុមារបម្រើការងារតាមផ្ទះនៅតែរងគ្រោះបន្តទៀត។ ទាំងអស់នេះ អ្នកស្រីគិតថាមកពីកង្វះខាតនៃការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ។
អ្នកស្រី ប៉ុក បញ្ញាវិចិត្រ៖ «គណៈកម្មការកុមារនៃក្រសួងសង្គមកិច្ច បានបង្កើតឲ្យមានគោលការណ៍ការពារកុមារ ប៉ុន្តែភាគច្រើនគោលការណ៍ទាំងអស់នោះ គឺបានផ្សព្វផ្សាយតែចំពោះអង្គការក្រៅរដ្ឋាភិបាល និងអង្គភាពរាជរដ្ឋាភិបាលផ្សេងៗ ដែលធ្វើការផ្ទាល់ជាមួយកុមារដើម្បីឲ្យយើងមានការយល់ដឹងថា តើកម្រិតណាដែលកុមារមិនមានសុវត្ថិភាពហើយរាយការណ៍។ល។ ប៉ុន្តែមិនបានផ្សព្វផ្សាយដល់សាធារណជន ដើម្បីឲ្យគាត់ចាប់អារម្មណ៍ថា នៅពេលដែលកុមារស្ថិតនៅក្នុងជ្រុងគ្រោះថ្នាក់មួយ ឬក៏ស្ថានភាពគ្រោះថ្នាក់ គាត់ត្រូវរាយការណ៍នោះទេ»។
សាលារាជធានីភ្នំពេញ កាលពីខែតុលា ឆ្នាំ២០០៧ បានចេញសេចក្ដីណែនាំមួយស្ដីពីវិធានការទប់ស្កាត់ និងលុបបំបាត់ពលកម្មកុមារក្នុងវិស័យការងារបម្រើតាមផ្ទះនៅរាជធានីភ្នំពេញ។ សេចក្ដីណែនាំនេះ មាន ៩ចំណុច ណែនាំទៅកាន់ម្ចាស់ផ្ទះ និយោជក ម្ចាស់ក្រុមហ៊ុន សហគ្រាស និងម្ចាស់គ្រឹះស្ថានក្នុងរាជធានីភ្នំពេញ។ ការណែនាំដោយយោងទៅលើហេតុផលថា ពលកម្មរបស់កុមារបម្រើការងារតាមផ្ទះ គឺជាគ្រោះថ្នាក់ខ្ពស់បំផុត ព្រោះកុមារធ្វើការក្នុងផ្ទះមានទ្វារបិទជិត ហើយមិនមាននរណាមួយអាចដឹងពិតប្រាកដនូវអ្វីដែលកំពុងកើតឡើងលើកុមារនោះឡើយ។ ជាក់ស្ដែង កុមារបម្រើការងារតាមផ្ទះ ស្ថិតក្នុងស្ថានភាពខុសៗគ្នា ហើយពួកគេតែងទទួលរងការដកហូតឱកាសសម្រាប់ការសិក្សា ដាច់ឆ្ងាយពីក្រុមគ្រួសារ បង្ខំឲ្យធ្វើការច្រើនម៉ោង គ្មានកិច្ចសន្យាការងារ មានប្រាក់ខែតិចតួច ឬគ្មានការងារគ្មានពេលឈប់សម្រាក ហើយពុំមានការលើកទឹកចិត្តឡើយ ព្រមទាំងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ទៅនឹងការរំលោភបំពានផ្លូវភេទ និងអំពើហិង្សាផ្សេងៗមកលើកុមារ។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជធានីភ្នំពេញ លោក នូ នីម បានថ្លែងថា សម្រាប់គម្រោងការពារកុមារបម្រើតាមផ្ទះនេះ ស្ថាប័នរដ្ឋកំពុងមានការខ្វះខាតថវិកាធ្វើសកម្មភាព ដោយស្ថាប័នរដ្ឋត្រូវការជំនួយពីអង្គការក្រៅរដ្ឋាភិបាល។ លោកថា ឧបសគ្គនេះនាំឲ្យបាត់ចំណែកមួយក្នុងការជំរុញឲ្យកុមារធ្វើការបម្រើក្នុងផ្ទះមិនទទួលបានការអប់រំ។ មិនត្រឹមតែប៉ុណ្ណោះ បញ្ហានេះក៏ជាឧបសគ្គមួយក្នុងការផ្សព្វផ្សាយទប់ស្កាត់ហិង្សាលើកុមារដែរ។
ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានផ្ដល់អនុសាសន៍ឲ្យរដ្ឋាភិបាលធ្វើច្បាប់មួយដាច់ដោយឡែក ដើម្បីការពារកុមារ និងពង្រីកការផ្សព្វផ្សាយទប់ស្កាត់ការរំលោភបំពានលើកុមារ។
មន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការគាំពារកុមារ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ អាជ្ញាធរមូលដ្ឋាន រួមទាំងគ្រូបង្រៀនផង ត្រូវតែរួមគ្នាការពារកុមារបម្រើការងារតាមផ្ទះ។ ជាងនេះទៅទៀត ឪពុកម្ដាយ ឬអាណាព្យាបាល រួមទាំងកុមារ ត្រូវមានភាពវ័យឆ្លាត និងយល់ដឹងពីលក្ខខណ្ឌការងារ។ ហើយអ្វីដែលខានមិនបាននោះ គឺការប្រឈមមុខតតាំងតាមផ្លូវច្បាប់ កុំខ្លាច កុំបារម្ភ និងជៀសឲ្យបាននូវការសម្របសម្រួលក្រៅប្រព័ន្ធតុលាការនៅពេលដែលកុមារបានរងគ្រោះ និងមានស្លាកស្នាមលើរាងកាយធ្ងន់ធ្ងរនោះ ដើម្បីលុបបំបាត់និទ្ទណ្ឌភាព។ ការធ្វើដូច្នេះ នាំឲ្យកុមារទទួលបាននូវសុវត្ថិភាពការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
