គ្រួសារ​អតីត​សកម្មជន​ការពារ​ព្រៃឈើ​លោក ឈុត វុទ្ធី ទាមទារ​យុត្តិធម៌

គ្រួសារ​សកម្មជន​ការពារ​ព្រៃឈើ​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ បាន​ដង្ហោយ​រក​យុត្តិធម៌ គឺ​វែក​មុខ​ឃាតក និង​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម ដោយ​ពួក​គេ​មិន​អាច​ឲ្យ​សំណុំ​រឿង​នេះ​បញ្ចប់​ទៅ​ដោយ​ងាយៗ​នោះ​ឡើយ។
ដោយ អ៊ួន ឈិន
2013.04.26
ឈុត វុទ្ធី ៣០៥ យុវជន​មួយ​ក្រុម​ដែល​ជា​សមាជិក និង​ជា​សកម្មជន​នៃ​បណ្ដាញ​យុវជន​កម្ពុជា ប្រារព្ធ​ខួប​មរណភាព​របស់​លោក ឈុត វុទ្ធី នៅ​ព្រះអង្គ​ដងកើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Uon Chhin

ទស្សនា​វីដេអូ​អំពី​សកម្មភាព​លោក ឈុត វុទ្ធី

ក្នុង​ពិធី​ប្រារព្ធ​ខួប ១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី នៅ​ឯ​ទី​ពិឃាត​នា​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី២៦ ខែ​មេសា សមាជិក​គ្រួសារ និង​សាច់ញាតិ​របស់​លោក បាន​ទាមទារ​ឲ្យ​បើក​សំណុំ​រឿង​ធ្វើ​ការ​ស៊ើប​អង្កេត​សាជាថ្មី លើ​ករណី​ឃាតកម្ម​ចំពោះ​សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ។

កូន​របស់​លោក ឈុត វុទ្ធី លោក ឈើយ ឧត្ដមរស្មី ថ្លែង​ថា ជន​ជាប់​ចោទ​ម្នាក់ និង​មន្ត្រី​ប៉េអិម​ម្នាក់ ដែល​បាន​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែរ​នោះ គឺ​ជា​ឃាតក​សិប្បនិមិត្ត។ លោក​បន្ត​ថា អ្វីៗ​គឺ​ជា​ការ​រៀបចំ ដែល​លោក​មិន​អាច​ទទួល​យក​បាន៖ «ជាពិសេស ហៅ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់ មាន​កង​កម្លាំង​ប្រដាប់​អាវុធ ដូចជា​ទាហាន​ដែល​នៅ​ជុំវិញ​ហ្នឹង ហើយ​និង​ប៉េអិម ហើយ​និង​អ្នក​ណា​ដែល​ពាក់ព័ន្ធ​ហ្នឹង ហៅ​មក​ឲ្យ​អស់​មក សួរ​ទាំងអស់ អត់​អាច​ធ្វើ​អ៊ីចឹង​បាន​ទេ!»

ដូច​គ្នា​នេះ​ដែរ ប្អូន​ថ្លៃ​របស់​លោក ឈុត វុទ្ធី លោក យង់ សុខន ដែល​ធ្លាប់​រួម​ដំណើរ​ជាមួយ​លោក ឈុត វុទ្ធី ក្នុង​បេសកកម្ម​អភិរក្ស​ធនធាន​ធម្មជាតិ ទាមទារ​ឲ្យ​វែក​មុខ​ឃាតក​ឲ្យ​ខាង​តែ​បាន៖ «ទី​មួយ គឺ​រដ្ឋាភិបាល សូម​ធ្វើ​ការ​ពិចារណា​ឡើង​វិញ និង​បើក​សំណុំ​រឿង​ហ្នឹង ដើម្បី​ស្វែង​រក​ឃាតក​ពិត​ឲ្យ​ឃើញ ថា​តើ​ជា​នរណា ហើយ​ពី​ណា​គេ​នៅ​ឈរ​ពី​ក្រោយ​ខ្នង​រឿង​ហ្នឹង? បាទ! ព្រោះ​ថា ម៉ោង​នេះ​គឺ​ពេល​នេះ ខ្ញុំ​នៅ​ចំណុច​វាល​បី គឺ​ជា​ចំណុច​ដែល​គាត់​ស្លាប់ ហើយ​ក៏​ជា​ម៉ោង​ដែល​ខ្ញុំ​ធ្លាក់​ទូរស័ព្ទ​ពី​ដៃ​នៅ​ពេល​ដែល​ខ្ញុំ​ទទួល​ព័ត៌មាន​ពី​បង​ប្រុស​របស់​ខ្ញុំ​ថា គាត់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នោះ»

កូន​ប្រុស​លោក ឈុត វុទ្ធី ឈ្មោះ ឆឺយ ឧត្តមរស្មី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១២។
កូន​ប្រុស​លោក ឈុត វុទ្ធី ឈ្មោះ ឆឺយ ឧត្តមរស្មី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១២។
RFA/Sek Bandith

នៅ​ឯ​ភ្នំពេញ​ឯណេះ យុវជន​មួយ​ក្រុម​ដែល​ជា​សមាជិក និង​ជា​សកម្មជន​នៃ​បណ្ដាញ​យុវជន​កម្ពុជា ក៏​បាន​ប្រារព្ធ​ខួប​មរណភាព​របស់​លោក ឈុត វុទ្ធី នៅ​ព្រះអង្គ​ដងកើ​ដែរ។ ក្នុង​ចំណោម​នោះ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូរ៉ា មាន​ប្រសាសន៍​ថា គេ​គួរ​តែ​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា ហើយ​យុត្តិធម៌​សម្រាប់​លោក ឈុត វុទ្ធី ត្រូវ​តែ​មាន៖ «លោក ឈុត វុទ្ធី គាត់​ខំ​ប្រឹង​ការពារ​ព្រៃឈើ ហើយ​ផ្ទុយ​ទៅ​វិញ គាត់​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌​ដោយ​ការ​បាញ់​សម្លាប់​ពី​ជន​ល្មើស​ផ្សេងៗ​អ៊ីចឹង។ អា​នេះ​ជា​រឿង​អយុត្តិធម៌ ហើយ​យើង​នៅ​តែ​ប្រកាស​ទទូច​ទៅ​ដល់​រដ្ឋាភិបាល ក្នុង​ការ​រក​យុត្តិធម៌​ឲ្យ​គាត់ ហើយ​ពិសេស​ជាង​គេ លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចងចាំ​វីរភាព​របស់​លោក ឈុត វុទ្ធី»

លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ចំណុច​វាល​បី ភូមិ​កោះប៉ោ ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ខណៈ​ដែល​លោក​កំពុង​ស៊ើប​អង្កេត​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ទី​នោះ។

តុលាការ​ខេត្ត​កោះកុង បាន​ប្រកាស​បិទ​សំណុំ​រឿង​ឃាតកម្ម​លោក ឈុត វុទ្ធី នៅ​ថ្ងៃ​ទី៤ ខែ​តុលា ឆ្នាំ​២០១២។ ក្រៅ​ពី​នេះ ចៅក្រម​តុលាការ​ខេត្ត​កោះកុង បាន​កាត់​ក្ដី​ឲ្យ​ជន​ជាប់​ចោទ​ឈ្មោះ រ៉ាន់ បូរ័ត្ន ជា​សន្តិសុខ​ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ជាប់​ពន្ធនាគារ​រយៈ​ពេល ៦​ខែ និង​ទោស ១​ឆ្នាំ​កន្លះ​ទៀត​ត្រូវ​ព្យួរ។ គិត​ត្រឹម​ថ្ងៃ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០១២ ជន​ជាប់​ចោទ​ត្រូវ​បាន​រួច​ខ្លួន​ពី​ពន្ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។