មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងមជ្ឈមណ្ឌលរួបរួមគ្នា (Solidarity Center) ដែលជាអង្គការអន្តរជាតិការពារសិទ្ធិកម្មករនៅទូទាំងពិភពលោក បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ២៤ មេសា អំពាវនាវឲ្យតំណាងក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់កាត់ដេរនៅកម្ពុជា តំណាងអង្គការសហប្រជាជាតិ តំណាងស្ថានទូត និងមន្ត្រីអង្គការសិទ្ធិមនុស្ស ព្រមទាំងសហជីពកម្មករនានា ចូលរួមស្តាប់ និងសង្កេតការណ៍សវនាការលើជនជាប់ចោទ ២៣នាក់ នៅថ្ងៃសុក្រ នេះ។
សាលាដំបូងរាជធានីភ្នំពេញ នឹងបើកអង្គជំនុំជម្រះ៣ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ លើករណីជនជាប់ចោទទាំង ២៣នាក់នោះ ដែលបានចាប់ខ្លួនកាលពីថ្ងៃទី២ និងទី៣ មករា នៅពេលដែលពួកគេតវ៉ាទាមទារសុំដំឡើងប្រាក់ខែគោល ១៦០ដុល្លារ។
ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា បានមានប្រសាសន៍កាលពីយប់មិញថា វត្តមានរបស់តំណាងអង្គការអន្តរជាតិ ប្រមុខការទូត និងក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ក្នុងសវនាការបង្ហាញបទចោទនានាលើជនជាប់ចោទទាំង ២៣នាក់ នៅថ្ងៃសុក្រ នេះ គឺមានសារសំខាន់ណាស់ ដើម្បីឲ្យពួកគេបានឃើញច្បាស់អំពីនីតិវិធីនៃប្រព័ន្ធតុលាការខ្មែរ។
លោក មឿន តុលា៖ «សវនាការថ្ងៃស្អែកជាសវនាការប្រភេទសាធារណៈ គាត់អាចបានឮផ្ទាល់ត្រចៀកគាត់ ថាតើនៅពេលសួរដេញដោលគ្នា ទាំងសាក្សី និងជនជាប់ចោទក្តី ព្រមទាំងសាក្សីដាក់បន្ទុក និងដោះបន្ទុក គាត់ដែលមក គេឃើញ នឹងអាចដឹងតែម្តងថា តើចៅក្រមមានភស្តុតាងអ្វីខ្លះមកដាក់បន្ទុកលើជនជាប់ចោទទាំង ២៣នាក់នោះ ហ្នឹងទី១។ ទី២ ចង់ប្រាប់ទៅរដ្ឋាភិបាលកម្ពុជា ដែរថា ការបន្តឃុំខ្លួន ការបង្ក្រាបដោយហិង្សា ការចាប់គេដោយមិនមានហេតុផលនេះ គឺធ្វើឲ្យប៉ះពាល់ដល់អ្នកមករកស៊ីនៅស្រុកខ្មែរ ជាពិសេសអ្នកដែលមកដាក់ទុនច្រើនណាស់ក្នុងវិស័យកាត់ដេរនេះ»។
ជនជាប់ចោទទាំង ២៣នាក់ ដែលបានចាប់ឃុំខ្លួន រួមមាន កម្មករ និងសកម្មជនការពារសិទ្ធិមនុស្ស លោក វន់ ពៅ ជាដើម។ ក្នុងហេតុការណ៍បង្ក្រាបដោយហិង្សារបស់ក្រុមសមត្ថកិច្ចកាលពីដើមខែមករា នោះ គឺបណ្ដាលឲ្យមានមនុស្ស ៥នាក់ស្លាប់ និងជាង ៤០នាក់ទៀតរងរបួស។
លោក មឿន តុលា អះអាងថា ចាប់តាំងពីព្រឹត្តិការណ៍ហិង្សាបាញ់បង្ក្រាបក្រុមកម្មករមក គេពុំទាន់ឃើញមានក្រុមឯករាជ្យណាមួយចុះស៊ើបអង្កេតករណីនោះឡើយ ជាពិសេស គឺរដ្ឋាភិបាលនៅពុំទាន់ផ្តល់ប្រាក់សំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសនោះនៅឡើយទេ។ អង្គការអន្តរជាតិផ្នែកការងារ និងអង្គការសិទ្ធិមនុស្សអន្តរជាតិ បានអំពាវនាវម្តងហើយម្តងទៀត ឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងជនជាប់ចោទទាំងនោះ ដោយសំអាងថា ពួកគេមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះឡើយ។
លោក មឿន តុលា បន្តថា ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់យ៉ាងតិច៤ នៅកម្ពុជា នឹងបញ្ជូនតំណាងរបស់ខ្លួនមកចូលរួមស្តាប់ និងសង្កេតការណ៍ក្នុងសវនាការនៅថ្ងៃនេះ៖ «ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់បានសន្យាដែរកន្លងមកថា គេនឹងតាមដានឲ្យបានដិតដល់បំផុតចំពោះការកាត់ក្តី ការបន្តឃុំខ្លួនអ្នកទាំង ២៣នាក់ហ្នឹង ពីព្រោះគេជឿជាក់ថា អ្នកទាំង ២៣នាក់នោះ មិនបានប្រព្រឹត្តបទល្មើសអ្វីមួយដូចការចោទប្រកាន់របស់តុលាការនោះទេ»។
ចំណែកមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងមជ្ឈមណ្ឌលរួបរួមគ្នា នឹងចាត់បុគ្គលិករបស់ខ្លួនជាពីរផ្នែក។ មួយក្រុមទៅចូលរួមស្តាប់ និងសង្កេតការណ៍ក្នុងសវនាការដេញដោល និងមួយក្រុមទៀត តាមដានការប្រមូលផ្តុំគ្នារបស់ប្រជាពលរដ្ឋទូទៅ ក្នុងនោះរួមមាន កម្មករ ក្រុមសកម្មជនតវ៉ា ក្រុមអ្នកកាសែត ជាដើម នៅខាងក្រៅអគារតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
