សង្គម​ស៊ីវិល​រិះគន់​តុលាការ​ខេត្ត​កោះកុង​ថា​លម្អៀង​ទៅ​លើ​អ្នក​មាន​អំណាច​និង​មាន​លុយ

0:00 / 0:00

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម បាន​រិះគន់​ស្ថាប័ន​តុលាការ​ខេត្ត​កោះកុង ថា​អនុវត្ត​ការងារ​មិន​ឯករាជ្យ និង​លម្អៀង​ទៅ​លើ​អ្នក​មាន​អំណាច និង​អ្នក​មាន​ទ្រព្យ​ធន។ ប្រតិកម្ម​នេះ កើត​ឡើង​បន្ទាប់​ពី​ស្ថាប័ន​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន បាន​រក​ឃើញ​ថា តុលាការ​ខេត្ត​កោះកុង បាន​ផ្អឹប​សំណុំ​រឿង​របស់​ប្រជាពលរដ្ឋ​ក្រីក្រ មិន​លើក​មក​ចាត់​ការ​ទេ ប៉ុន្តែ​បើ​ពាក្យ​បណ្ដឹង​ប្ដឹង​ដោយ​មន្ត្រី​មាន​អំណាច ឬ​ឈ្មួញ​មាន​ទ្រព្យ​ធន​វិញ ស្ថាប័ន​នេះ​បាន​លើក​យក​សំណុំ​រឿង​មក​អនុវត្ត ឬ​បើក​សវនាការ​យ៉ាង​ឆាប់​រហ័ស និង​មាន​ភាព​រលូន។

វា​មិន​មែន​ជា​រឿង​ថ្មី​ទេ​ដែល​ស្ថាប័ន​តុលាការ​ស្ទើរ​ទូទាំង ២៥​រាជធានី-ខេត្ត រង​នូវ​ការ​ចោទ​ប្រកាន់​អំពី​អព្យាក្រឹតភាព​មាន​ភាព​លម្អៀង និង​អនុវត្ត​ការងារ​មិន​ឯករាជ្យ ជាដើម រហូត​ដល់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ ប្រកាស​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ក្នុង​ស្ថាប័ន​កំពូល​មួយ​នេះ។

ត្រង់​ចំណុច​នេះ លោក អ៊ិន គង់ជិត មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង បាន​កត់​សម្គាល់​ថា បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ដែល​ដាក់​ប្ដឹង​ទៅ​កាន់​តុលាការ​ខេត្ត​នេះ ប្ដឹង​ចោទ​ឈ្មួញ ឬ​មន្ត្រី​មាន​អំណាច ភាគ​ច្រើន​តុលាការ​ខេត្ត​កោះកុង តែង​ផ្អឹប​សំណុំ​រឿង​ទុក​មិន​ចាត់​ការ​ទេ។ លោក​បញ្ជាក់​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​ដែល​ស្វែងរក​យុត្តិធម៌​នៅ​តុលាការ​ខេត្ត​កោះកុង ប៉ុន្តែ​ភាគ​ច្រើន​មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​តុលាការ​ទេ ដោយ​បណ្ដឹង​ភាគ​ច្រើន​ត្រូវ​តុលាការ​ខេត្ត​នេះ​ផ្អឹប​សំណុំ​រឿង​ចោល ប៉ុន្តែ​បើ​ពាក្យ​បណ្ដឹង​ប្ដឹង​ដោយ​ឈ្មួញ​មាន​ទ្រព្យ​ធន ឬ​មន្ត្រី​មាន​អំណាច​វិញ តុលាការ​ខេត្ត​កោះកុង បាន​បង្ហាញ​ភាព​សកម្ម​អនុវត្ត​ការងារ​របស់​ខ្លួន​មាន​សកម្មភាព​រស់​រវើក និង​លើក​យក​មក​បើក​សវនាការ​ឆាប់​បំផុត។

លោក អ៊ិន គង់ជិត បាន​លើក​យក​ករណី​សំណុំ​រឿង​របស់​អ្នក​កាសែត​ម្នាក់​ឈ្មោះ យួន ឈីវ ដែល​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង លោក ម៉េច តិច មាន​តួនាទី​ជា​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង បាន​ប្រើ​ហិង្សា​មក​លើ​ខ្លួន ប៉ុន្តែ​ពាក្យ​បណ្ដឹង​របស់​អ្នក​កាសែត​រូប​នេះ មិន​ត្រូវ​បាន​តុលាការ​លើក​យក​មក​ចាត់​ការ​ទេ។ ផ្ទុយ​ពី​នេះ នៅ​ពេល លោក ម៉េច តិច ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​បក​ទៅ​អ្នក​កាសែត​រូប​នោះ​វិញ បែរ​ជា​តុលាការ​ខេត្ត​កោះកុង លើក​យក​សំណុំ​រឿង​មក​បើក​សវនាការ​បាន​ឆាប់​រហ័ស​បំផុត។

លោក​បន្ត​ថា ក្រៅ​ពី​នេះ​ក៏​នៅ​មាន​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ឬ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​គំរាម​កំហែង​ច្រើន​ករណី​ទៀត ដែល​តុលាការ​ខេត្ត​កោះកុង ផ្អឹប​សំណុំ​រឿង​ទុក​ចោល​មិន​ចាត់​ការ​ទេ ព្រោះ​ពាក្យ​បណ្ដឹង​ទាំង​នោះ ភាគ​ច្រើន​ប្ដឹង​អ្នក​មាន​អំណាច និង​មាន​ទ្រព្យ​ធន​ជាដើម៖ «ករណី​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​សមត្ថកិច្ច​ស្រុក​ថ្មបាំង វាយ​សំពង​ដោយ​ហិង្សា​ឲ្យ​មាន​របួស​ធ្ងន់​នៅ​ស្រុក​ថ្មបាំង កាល​ពី​ដើម​ឆ្នាំ​២០១៣ ហើយ​ជន​រងគ្រោះ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ ប៉ុន្តែ​ព្រះរាជអាជ្ញា​បាន​តម្កល់​សំណុំ​រឿង​ទុក​ចោល​មិន​ចាត់​ការ។ ក្រៅ​ពី​នេះ ក៏​មាន​ករណី​នៅ​ក្នុង​ទី​រួម​ខេត្ត​កោះកុង ក៏​មាន​ពាក្យ​បណ្ដឹង​លើ​សំណុំ​រឿង​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​កោះកុង ប្រើ​ហិង្សា​ទៅ​លើ​យុវជន​លក់​ដូរ​ស្ករ​គ្រាប់​នៅ​តាម​បេនឡាន ក៏​តុលាការ​ខេត្ត​កោះកុង តម្កល់​ទុក​មិន​ចាត់​ការ​ដែរ។ ដូច្នេះ សេវា​យុត្តិធម៌​នៅ​ខេត្ត​កោះកុង កំពុង​ធ្លាក់ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នា​មូលដ្ឋាន​នេះ​បាត់​បង់​ជំនឿ»

ផ្ដើម​ពី​បញ្ហា​នេះ លោក អ៊ិន គង់ជិត ស្នើ​ដល់​ស្ថាប័ន​តុលាការ​ខេត្ត​កោះកុង ពិសេស​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជួយ​ពិនិត្យ និង​ចុះ​ពង្រឹង​វិជ្ជាជីវៈ​មន្ត្រី​ក្នុង​ស្ថាប័ន​តុលាការ​ខេត្ត​កោះកុង ឲ្យ​មាន​ឯករាជ្យ មាន​តម្លាភាព អព្យាក្រឹត្យ និង​មិន​លម្អៀង ប្រយោជន៍​ដើម្បី​លើក​តម្កើង​កិត្តិយស​ស្ថាប័ន​តុលាការ​ដែល​រង​ការ​រិះគន់​ឡើង​វិញ។

ស្រដៀង​គ្នា​ដែរ លោក ញៀប សំអឿន មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (adhoc) ប្រចាំ​ខេត្ត​កោះកុង ក៏​រក​ឃើញ​ភាព​មិន​ប្រក្រតី ឬ​ភាព​អសកម្ម​នៃ​ការ​អនុវត្ត​តួនាទី​របស់​មន្ត្រី​បម្រើ​ការ​នៅ​ក្នុង​ស្ថាប័ន​តុលាការ​ខេត្ត​កោះកុង មួយ​ចំនួន​ដែរ។ លោក​ទទួល​ស្គាល់​ថា មាន​ពលរដ្ឋ​រង​ទុក្ខ​ជាច្រើន​គ្រួសារ នៅ​ពេល​ពួក​គេ​ទទួល​រង​ការ​រំលោភ​បំពាន​ដីធ្លី ឬ​មាន​ការ​គំរាម​កំហែង​សិទ្ធិ​រស់នៅ​មក​លើ​ខ្លួន ផ្ដើម​ដោយ​មន្ត្រី​មាន​អំណាច និង​មាន​ទ្រព្យ​ធន​មួយ​ចំនួន ប៉ុន្តែ​នៅ​ពេល​ពួក​គាត់​ដាក់​ពាក្យ​បណ្ដឹង​សុំ​ជួយ​រក​យុត្តិធម៌​ពី​ស្ថាប័ន​តុលាការ​ខេត្ត​កោះកុង ត្រូវ​ស្ថាប័ន​មួយ​នេះ​មិន​រវល់​អើពើ ឬ​មិន​លើក​យក​សំណុំ​រឿង​មក​បើក​សវនាការ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ​ទេ៖ «សាលា​ដំបូង​ខេត្ត​កោះកុង នេះ គឺ​បណ្ដឹង​មួយ​ចំនួន​ត្រូវ​បាន​ព្រះរាជអាជ្ញា​ផ្អឹប​ទុក​ចោល​មិន​ចាត់​ការ ហើយ​ពាក្យ​បណ្ដឹង​មួយ​ចំនួន តុលាការ​ខេត្ត​នេះ​មិន​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ទេ មាន​ដូចជា​ជន​រងគ្រោះ​លើ​ករណី​សិទ្ធិ​មនុស្ស ដីធ្លី គឺ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ​ខេត្ត​កោះកុង ទេ រហូត​មក​ដល់​ពេល​នេះ»

ផ្ដើម​ពី​បញ្ហា​នេះ លោក ញៀប សំអឿន ថ្លែង​ក្នុង​នាម​មន្ត្រី​សង្គម​ស៊ីវិល បាន​ស្នើ​ដល់​មន្ត្រី​បម្រើ​ការ​ក្នុង​ស្ថាប័ន​តុលាការ​ខេត្ត​កោះកុង ត្រូវ​ពង្រឹង​វិជ្ជាជីវៈ​របស់​ខ្លួន​ឡើង​វិញ និង​ងាក​មក​ជួយ​ពន្លឿន​សំណុំ​រឿង​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​បាន​ដាក់​ស្វែងរក​ស្ថាប័ន​មួយ​នេះ​ជួយ​រក​យុត្តិធម៌ ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ បើ​មិន​ដូច្នេះ​ទេ នឹង​រង​នូវ​ការ​រិះគន់​ធ្ងន់ធ្ងរ​ថែម​ទៀត។

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក កែម ឡី អ្នក​ស្រាវជ្រាវ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ កត់​សម្គាល់​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​ទូទាំង​ប្រទេស​មាន​សុចរិត​ភាព​ខ្សោយ​បំផុត មិន​ថា​តែ​តុលាការ​នៅ​ខេត្ត​កោះកុង ទេ ហើយ​ប្រព័ន្ធ​សុចរិត​ភាព​នេះ គឺ​ភាគ​ច្រើន​មិន​ដំណើរ​ការ​ទេ ហើយ​ធ្វើ​ការងារ​ភាគ​ច្រើន​តែ​ទៅ​លើ​អ្នក​មាន​អំណាច ឬ​ទ្រព្យ​ធន​ទេ។ លោក​ថា បញ្ហា​នេះ​ត្រូវ​បាន​គេ​ដឹង​ជាទូទៅ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ លោក កែម ឡី បង្ហាញ​ទស្សនៈ​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា សព្វថ្ងៃ​នេះ គ្មាន​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ​ក្រីក្រ​ទេ ប៉ុន្តែ​ទាល់​តែ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​ច្បាប់ ឬ​ប្រព័ន្ធ​តុលាការ​ជា​ថ្មី​ឡើង​វិញ៖ «យើង​ឃើញ​ថា តុលាការ​នៅ​ទូទាំង​ប្រទេស ទាំង​នៅ​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ និង​តុលាការ​រាជធានី​ភ្នំពេញ​ជាដើម គឺ​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ អ្នក​គ្មាន​បក្ខពួក ឬ​គ្មាន​លុយ​ដើម្បី​សម្រាល​ទោស​នោះ គឺ​មិន​អាច​ទទួល​បាន​យុត្តិធម៌​ពេញលេញ​ទេ។ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់ ឬ​តុលាការ​ឡើង​វិញ។ ជាង​នេះ ក៏​ត្រូវ​ពង្រឹង​ភារកិច្ច តួនាទី​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ឲ្យ​បាន​ឯករាជ្យ​បំផុត ហើយ​ដើរ​តួនាទី​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​ទៅ​លើ​ការ​អនុវត្ត​ការងារ​របស់​តុលាការ តាម​បណ្ដា​រាជធានី​ខេត្ត​ឲ្យ​បាន​ដិតដល់ ទើប​មាន​យុត្តិធម៌​បាន​ស្មើ​ភាព​គ្នា»

ដូច​គ្នា​ដែរ លោក ព្រាប កុល នាយក​អង្គការ​តម្លាភាព​កម្ពុជា ក៏​ធ្លាប់​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ ដែល​លើក​ឡើង​ថា មន្ត្រី​តុលាការ​នៅ​តាម​ខេត្ត​ក្រុង​មួយ​ចំនួន បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ឬ​ប្រកប​វិជ្ជាជីវៈ​មិន​ឯករាជ្យ​ទេ និង​តែង​លម្អៀង​ទៅ​ភាគី​មាន​អំណាច ឬ​មាន​ទ្រព្យ​ធន។ ជាង​នេះ រាល់​សំណុំ​រឿង​ដែល​ប្ដឹង​ប្រជាពលរដ្ឋ​ក្រីក្រ តុលាការ​ភាគ​ច្រើន​តែង​តែ​ផ្អឹប​ទុក​សំណុំ​រឿង​មិន​ចាត់​ការ ដោយ​សំអាង​ទៅ​លើ​នីតិវិធី​អ៊ីចេះ ឬ​អ៊ីចុះ ជាដើម៖ «គួរ​មាន​កំណែ​ទម្រង់ ហើយ​កំណត់​នីតិវិធី​ឲ្យ​បាន​ច្បាស់លាស់​នៅ​ក្នុង​ការ​ចាត់​ការ​រឿង​ក្តី ឬ​បណ្ដឹង​នីមួយៗ ស្នើ​កុំ​ផ្អឹប​សំណុំ​រឿង​ទុក ហើយ​សំអាង ឬ​យក​លេស​ថា នីតិវិធី​តុលាការ​មិន​ទាន់​ដល់​ពេលវេលា​ដំណើរ​ការ​ជាដើម ប៉ុន្តែ​នៅ​ពេល​មាន​លុយ​ធ្លាក់​ដល់​ដៃ ទើប​តុលាការ​ដំណើរ​ការ​ក្តី វា​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា មាន​ការ​ទន់​ខ្សោយ»

ក្នុង​ការ​ស្រាវជ្រាវ​ពី​ប្រព័ន្ធ​សុចរិត​ភាព​របស់​អង្គការ​តម្លាភាព​កម្ពុជា បាន​រក​ឃើញ​ថា ប្រព័ន្ធ​តុលាការ គឺ​មាន​ចំណុច​ខ្សោយ​ច្រើន​ជាង​គេ គឺ​ងាយ​រងគ្រោះ​នឹង​អំពើ​ពុក​រលួយ​ខ្លាំង​បំផុត។ ដូច្នេះ​អាទិភាព​ដែល​រដ្ឋាភិបាល​គួរ​ធ្វើ​កំណែ​ទម្រង់ និង​ពង្រឹង​នោះ គឺ​ប្រព័ន្ធ​តុលាការ និង​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​ជំនឿ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា បើ​មិន​ដូច្នេះ​ទេ រូបភាព​ដែល​ជួប​នូវ​បទពិសោធន៍​នៃ​ការ​ឈឺ​ចាប់​រវាង​ពលរដ្ឋ​ក្រីក្រ ឬ​ទន់​ខ្សោយ នឹង​បន្ត​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា ជា​បន្ត​ទៀត​នា​ថ្ងៃ​អនាគត។

ផ្ដើម​ពី​បញ្ហា​នេះ លោក ព្រាប កុល នាយក​អង្គការ​តម្លាភាព​កម្ពុជា បាន​ផ្តល់​ជា​អនុសាសន៍​ទៅ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពិនិត្យ​មើល​នូវ​រាល់​អនុសាសន៍​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ដែល​អ្នក​ឯកទេស ឬ​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ជាតិ​អន្តរជាតិ បាន​ដាក់​ជូន​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឡើង​វិញ៖ «យើង​លើក​ទឹក​ចិត្ត​ឲ្យ​ក្រសួង​យុត្តិធម៌ ឬ​រដ្ឋាភិបាល​ពិនិត្យ​មើល​អនុសាសន៍​ដែល​អង្គការ​តម្លាភាព អ្នក​ឯកទេស និង​ស្ថាប័ន​អន្តរជាតិ​ដទៃ​ទៀត ដែល​បាន​សិក្សា​ស្រាវជ្រាវ​អំពី​ប្រព័ន្ធ​តុលាការ ហើយ​បាន​ដាក់​ជូន​រដ្ឋាភិបាល ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ ឬ​យុត្តិធម៌​នៅ​កម្ពុជា។ យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល ត្រៀម​ខ្លួន​ក្នុង​ចូលរួម​ធ្វើ​កំណែ​ទម្រង់​នេះ​ជាមួយ​រាជ​រដ្ឋាភិបាល»

ទាក់ទិន​បញ្ហា​នេះ លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ទទួល​ស្គាល់​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ តុលាការ​ហាក់​មាន​កម្សោយ ឬ​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សំណុំ​រឿង​មួយ​ចំនួន​ទេ ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​រិះគន់​មក​លើ​ប្រព័ន្ធ​តុលាការ​ថា​គ្មាន​យុត្តិធម៌ ជាដើម។ លោក​ថា បញ្ហា​នេះ​ក្រសួង​យុត្តិធម៌ នឹង​បន្ត​រឹត​បន្តឹង​ប្រព័ន្ធ​តុលាការ​តាម​រយៈ​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​អង្គ​ចៅក្រម និង​ព្រះរាជអាជ្ញា​នៅ​តាម​បណ្ដា​តុលាការ​រាជធានី-ខេត្ត​នានា បន្ទាប់​ពី​សំណុំ​រឿង​មួយ​ចំនួន​ត្រូវ​បាន​បិទ​បាំង​មិន​បាន​រាយការណ៍ ឬ​ក៏​ចុះ​បញ្ជី​សំណុំ​រឿង​ក្តី​មិន​បាន​ត្រឹមត្រូវ​រួច​មក។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា មាន​ប្រសាសន៍​ថា រយៈពេល​ចុង​ក្រោយ​នេះ ព្រះរាជអាជ្ញា និង​ចៅក្រម​ខ្លះ បាន​ឃុំ​ខ្លួន​មនុស្ស​លើស​នីតិវិធី​ច្បាប់ មិន​យក​សំណុំ​រឿង​ខ្លះ​មក​ជំនុំ​ជម្រះ ឬ​បង្កក​សំណុំ​រឿង​ទុក​យូរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ប្រតិកម្ម និង​រិះគន់​ពី​សាធារណជន។ លោក​ថា ជា​វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​នេះ ក្រសួង​ត្រូវ​រឹត​បន្តឹង​ដើម្បី​កែ​ទម្រង់​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ទូទាំង​រាជធានី-ខេត្ត ឲ្យ​បាន​ប្រសើរ និង​ទទួល​បាន​ការ​គាំទ្រ​ឡើង​វិញ​នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។