មន្ត្រីសិទ្ធិមនុស្ស និងក្រុមគ្រួសាររបស់អ្នកកាសែតមាគ៌ាកម្ពុជា ដែលត្រូវបានគេព្រួតគ្នាវាយសម្លាប់នៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានរិះគន់តុលាការ និងសមត្ថកិច្ចខេត្តនេះថា កំពុងរក្សានូវវប្បធម៌និទ្ទណ្ឌភាព ឬភាពរួចទោសនៅកម្ពុជា។ សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) គ្រោងនឹងដាក់ពាក្យប្ដឹងទៅអគ្គស្នងការនគរបាលជាតិ និងអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ដើម្បីសុំឲ្យចុះធ្វើអធិការកិច្ចជុំវិញសំណុំរឿងនេះក្នុងពេលឆាប់ៗ។
រយៈពេល ៣ខែគត់នៃព្រឹត្តិការណ៍វាយសម្លាប់ លោក សួន ចាន់ ភ្នាក់ងារកាសែតមាគ៌ាកម្ពុជា ប៉ុន្តែខាងសមត្ថកិច្ច និងមន្ត្រីតុលាការ ត្រូវរងការិះគន់ថា ហាក់មានភាពយឺតយ៉ាវចាត់ការលើសំណុំរឿងនេះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា មានប្រសាសន៍ថា ករណីព្រួតគ្នាវាយសម្លាប់អ្នកកាសែតនេះ គឺមាននិទ្ទណ្ឌភាពចាប់តាំងពីហេតុការណ៍កើតឡើងថ្មីៗ ដោយសារតែខាងសមត្ថកិច្ចមិនអើពើ ឬឃាត់ខ្លួនជនសង្ស័យតាមការចង្អុលបង្ហាញចំៗរបស់គ្រួសារជនរងគ្រោះឡើយ។ លោកគិតថា ករណីនេះអាចមានអាថ៌កំបាំងអ្វីមួយនៅពីក្រោយខ្នង បានជាចំណាត់ការរបស់សមត្ថកិច្ច និងតុលាការ អសកម្មក្នុងការនាំខ្លួនជនសង្ស័យមកប្រឈមចំពោះមុខច្បាប់ រហូតដល់ពួកគេរត់គេចខ្លួនជាថ្មីទៀត៖ «អគ្គស្នងការនគរបាលជាតិ និងអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ឲ្យលោកអធិការកិច្ចពិនិត្យមើលសំណុំរឿងនេះ ហេតុអ្វីបានជាចំណាត់ការរបស់ស្ថាប័នប៉ូលិសយុត្តិធម៌ ដូចជាតុលាការនេះមានការយឺតយ៉ាវ ឬហាក់ដូចជាគ្មានចេតនាក្នុងការឃាត់ខ្លួនជនល្មើសបែបនេះ»។
បន្ថែមលើនេះ ប្រធានការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បានថ្លែងបញ្ជាក់ថា និទ្ទណ្ឌភាពនៅក្នុងដំណើរការសំណុំរឿងនេះ គឺបណ្ដាលមកពីភាពយឺតយ៉ាវក្នុងប្រព័ន្ធតុលាការ ដែលជាឱកាសធ្វើឲ្យជនល្មើសរត់គេចខ្លួនបានដោយងាយ៖ «មកទល់ពេលនេះ គឺ ១២នាក់ទាំងគាត់នេះ ហើយដែលស្លាប់តាំងពីឆ្នាំ១៩៩៣ មក គឺមិនទាន់មាននរណាមួយបានទទួលនូវយុត្តិធម៌សម្រាប់គាត់ទេ ចំពោះអ្នកសារព័ត៌មានទាំងអស់នោះ គឺស្ថិតនៅក្នុងនិទ្ទណ្ឌភាពនៅឡើយជនដែលប្រព្រឹត្តបទល្មើស គឺមិនត្រូវបានឃើញនរណាមួយយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ»។
វិទ្យុអាស៊ីសេរី បានព្យាយាមស្វែងរកប្រភពទាក់ទងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលកាន់សំណុំរឿងនេះ ដើម្បីសុំការអត្ថាធិប្បាយបាននៅឡើយទេ បន្ទាប់ពីព្រះរាជអាជ្ញារង លោក គឹម ហុងសាន្ដ បញ្ជាក់ថា លោកបានសម្រេចចោទប្រកាន់ជនសង្ស័យចំនួន ៦នាក់ ក្រោមបទចោទប៉ុនប៉ងមនុស្សឃាតដោយចេតនា ហើយបានរៀបចំសំណុំរឿងនេះបញ្ជូនទៅចៅក្រមហើយ។
ទាក់ទងបញ្ហានេះ ស្នងការរងទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វុទ្ធី បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះឡើយ ដោយលោកជំរុញឲ្យទៅសួរមន្ត្រីសមត្ថកិច្ចម្នាក់ទៀត។ ចំណែកនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត លោក ស្រី សុដា ថ្លែងបញ្ជាក់ថា រហូតមកដល់ពេលនេះ ខាងលោកមិនទាន់ទទួលបានដីកានាំខ្លួន ឬដីកាអញ្ជើញពីខាងតុលាការនៅឡើយទេ ប៉ុន្តែខាងសមត្ថកិច្ចក៏មិនទាន់ឃើញមានការបង្ហាញខ្លួនរបស់ជនសង្ស័យនោះដែរ៖ «ខ្ញុំចុះទៅដល់កន្លែងហ្នឹងហើយ តាមការបញ្ជាក់របស់ប៉ូលិសមូលដ្ឋាន ការចង្អុលបង្ហាញមិនមែនជនហ្នឹងទេ បងប្អូនវាកាលហ្នឹង។ អត់ទេ បើសិនវាចូលបង្ហាញខ្លួន គេនឹងមានវិធានការហើយបង ព្រោះយើងតាមអារឿងហ្នឹងដែរ»។
ភរិយាជនរងគ្រោះ អ្នកស្រី ទៀង ថាវ អះអាងថា ក្រោយពីព្រឹត្តិការណ៍វាយសម្លាប់ប្ដីរបស់អ្នកស្រី ជនសង្ស័យបានរត់គេចខ្លួនមួយរយៈ និងបានបង្ហាញមុខជាសាធារណៈតាំងពីថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ប៉ុន្តែពួកគេបានគេចខ្លួនទៅវិញ បន្ទាប់ពីសមត្ថកិច្ចឃុំពាមឆ្កោក មកសួរនាំ និងហាមឃាត់មិនឲ្យអ្នកស្រីទាក់ទងទៅថ្នាក់លើ ជុំវិញករណីនេះកាលពីព្រលប់ថ្ងៃទី២២ ខែមេសា៖ «គេថា បើមានកិច្ចការអី មិនបាច់ទាក់ទងទៅថ្នាក់លើទៀតទេ រំលងគេមិនរួចទេ បើចង់ទំនាក់ទំនងអី ទំនាក់ទំនងគេត្រឹមប៉ុស្តិ៍នេះទៅ។ សួរខ្ញុំពេលល្ងាច ពួកជនដៃដល់អត់ទាន់ទៅណាទេ ដល់មូលហេតុអីប៉ូលិសមកសួរពីយប់ព្រលឹមឡើងបាត់មនុស្សអស់ ខ្ញុំឆ្ងល់ត្រង់ហ្នឹងដែរ»។
កូនប្រុស លោក សួន ចាន់ ឈ្មោះ ដុស ជីម បានបញ្ជាក់ថា នៅម៉ោងប្រមាណជា ៨យប់ ជនល្មើសបានឈរពាសពេញផ្លូវនៅទីងងឹត ចំណែកជនដៃដល់ចំនួន ៤នាក់ គឺមានទី១ឈ្មោះ យឿន នុន ទី២ យឿន ណាក់ ទី៣ នាង រ៉ា និងទី៤ឈ្មោះ សាំង សេងអៀង បានប្រើដំបងឫស្សីពីងពង់ និងឈើជ្រុង ព្រួតគ្នាវាយមកលើឪពុក និងខ្លួននៅកន្លែងភ្លឺ ដែលមានអ្នកភូមិក្បែរនោះបើកអំពូលភ្លើងបំភ្លឺនៅពេលយប់។
ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា២០០ ចែងថា បទល្មើសឃាតកម្មគិតទុកជាមុន គឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
