សង្គមស៊ីវិលខកចិត្តចំពោះសាលាដំបូងរាជធានីភ្នំពេញ ដែលចេញដីកាកោះហៅ កញ្ញា ខុម ចាន់ដារ៉ាទី ហៅ ស្រីមុំ ដែលជាប់សង្ស័យថាជាម្ចាស់សំឡេងក្នុងរឿងអាស្រូវស្នេហាជាមួយ លោក កឹម សុខា ឲ្យចូលបំភ្លឺនៅថ្ងៃទី៨ ខែមេសា ទាក់ទងនឹងការផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។ រីឯ កញ្ញា ស្រីមុំ នៅមិនទាន់សម្រេចយ៉ាងណានៅឡើយទាក់ទងនឹងដីកាកោះហៅនេះ។ តែការចោទថា ជាប់ពាក់ព័ន្ធនឹងអំពើពេស្យាចារនេះ ត្រូវបានអ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា គឺធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់នាង និងក្រុមគ្រួសារ។
នីតិវិធីចាត់ការលើរឿងរ៉ាវអាស្រូវស្នេហារបស់ លោក កឹម សុខា ជាមួយ កញ្ញា ស្រីមុំ បានវិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់ ដែលនាំឲ្យក្រុមគ្រួសាររបស់ ស្រីមុំ មានការភិតភ័យ និងបារម្ភពីសុវត្ថិភាពរបស់នាងជាខ្លាំង ទោះបីជានាងព្យាយាមបដិសេធពីការចោទប្រកាន់នេះក្ដី។
ខណៈអង្គភាពប្រឆាំងអំពើពុករលួយ និងសមាជិករដ្ឋសភាពីគណបក្សប្រជាជនកម្ពុជា កំពុងរិះរកវិធីសាស្ត្រដើម្បីបង្ខំឲ្យ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ចាកចេញពីតំណែងតំណាងរាស្ត្រ និងជាប់ទោសទណ្ឌនោះ។ កាលពីសប្ដាហ៍មុន កញ្ញា ស្រីមុំ ដែលជាប់សង្ស័យថាជាស្រីកំណាន់របស់ លោក កឹម សុខា ក៏ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ កោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី៨ ខែមេសា នៅម៉ោង ៨ និង ៣០នាទីព្រឹក ដើម្បីសាកសួរជុំវិញរបាយការណ៍របស់សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលបង្ហាញថា ស្រីម៉ុំ មានករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា ឲ្យដឹងថា កញ្ញា ស្រីមុំ និងគ្រួសារ បានបង្ហាញអារម្មណ៍តក់ស្លុត និងភ័យព្រួយក្នុងជំនួបប្រឹក្សាផ្លូវច្បាប់ជាមួយរូបលោកកាលពីថ្ងៃសុក្រ ទី១ មេសា បន្ទាប់ពីទទួលបានដីកាកោះពីតុលាការនោះ។ លោកថា មកទល់ពេលនេះ កញ្ញា ស្រីមុំ នៅមិនទាន់ស្នើសុំមេធាវីដើម្បីសម្រេចថា តើនាងនឹងចូលបំភ្លឺតាមការកោះហៅរបស់តុលាការ ឬយ៉ាងណានៅឡើយទេ?៖ «ការចោទថា គាត់ពាក់ព័ន្ធអំពើពេស្យាចារនោះ គាត់ថា រឿងនេះប៉ះពាល់ដល់កិត្តិយសគាត់ធ្ងន់ធ្ងរ»។
លោក នី សុខា ថាមេធាវីរបស់អាដហុក អ្នកស្រី ទ្រី ឈួន ត្រូវបានចាត់តាំងការពារសិទ្ធិ កញ្ញា ស្រីមុំ ក្នុងដំណាក់កាលបំភ្លឺនៅក្រសួងមហាផ្ទៃ ប៉ុណ្ណោះ ដោយឡែកដីកាកោះរបស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ គឺនាងត្រូវស្នើសុំមេធាវីជាថ្មី។
មេធាវីរបស់អាដហុក អ្នកស្រី ទ្រី ឈួន បញ្ជាក់ថា មួយរយៈនេះគឺអ្នកស្រី និងកូនក្តីមានការព្រួយបារម្ភពីសុវត្ថិភាពជាខ្លាំង ដោយសារមានមនុស្សប្លែកមុខ និងខ្លះទៀតជាសមត្ថកិច្ច តាមឃ្លាំមើលពួកគាត់ដែលមិនអាចចេញទៅណាបានឡើយ៖ «គេតាមហ្នឹង គឺមានឡានផង និងមានម៉ូតូផង។ ខ្ញុំបានឃើញផ្ទាល់ភ្នែក»។
ចំពោះទិដ្ឋភាពផ្លូវច្បាប់វិញ លោក នី សុខា បានវិភាគថា ការហៅ ស្រីមុំ ទៅបំភ្លឺលើសក្ខីកម្មក្លែង និងមានអំពើពេស្យាចារនេះ គឺមិនស្របតាមផ្លូវច្បាប់នោះទេ។ លោកថា ការចោទប្រកាន់ថា ស្រីមុំ ផ្តល់សក្ខីកម្មក្លែងនោះ គឺជារឿងមិនត្រឹមត្រូវទេ ព្រោះនាងមិនមែនជាសាក្សី តែជាជនជាប់សង្ស័យ។ រីឯពាក្យថាពេស្យាចារ បើតាមច្បាប់ គឺគ្មានទោសនោះទេ លុះត្រាតែកញ្ញាជួញដូរមនុស្ស ឬពេស្យាចារ តែជាក់ស្ដែង ស្រីមុំ ជាអ្នកកាត់សក់៖ «តាម គោលការណ៍ច្បាប់ ការផ្ដល់សក្ខីកម្មក្លែង គឺគេចោទតែលើរឿងអ្នកណាដែលទៅបំភ្លឺក្នុងនាមជាសាក្សី នេះទីមួយ។ ចំណុចទី២ ច្បាប់ជួញដូរគេនិយាយតែអំពើពង្រត់ ជួញដូរមនុស្ស ឬក៏យកមនុស្សទៅធ្វើពេស្យាចារ។ អ្នកដែលយកមនុស្សទៅធ្វើពេស្យាចារ មិនមែនខ្លួនឯងទៅធ្វើពេស្យាចារទេ។ ដូច្នេះចំណុចទាំងពីរនេះ គឺស្រីមុំ អត់មានទោស។ អត់មានផ្លូវច្បាប់អីដែលថា ដាក់ទោសគាត់បាន»។
កាលពីថ្ងៃទី១១ ខែមីនា កញ្ញា ស្រីមុំ បានចូលឆ្លើយបំភ្លឺនៅនាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ តាមបណ្ដឹងបរិហារកេរ្តិ៍របស់ កញ្ញា ធី សុវណ្ណថា។ ជាលទ្ធផលនៃរបាយការណ៍នោះ បង្ហាញថា មានករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។
រីឯប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ សម្ដែងការសោកស្ដាយចំពោះដីកាកោះហៅនេះ ព្រោះវាជារឿងនយោបាយសុទ្ធសាធដែលមិនគួរអ្នកនយោបាយ យករឿងឥតប្រយោជន៍នេះបំពុលសង្គមដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ លោកបញ្ជាក់ថា គ្មានច្បាប់ណាចែងថា ស្ត្រីពេស្យាចារខុសច្បាប់នោះទេ ទាល់តែអ្នកនោះទទួលបានលុយពីអំពើជួញដូរពេស្យាចារ៖ «ខ្ញុំសោកស្ដាយ ហើយអាណិតស្រីមុំ ព្រោះរឿងនេះ ធ្វើឲ្យបាត់កិត្តិយសរបស់គាត់ទាំងស្រុង។ រឿងពេស្យាចារនេះមិនមែនជារឿងខុសច្បាប់ទេ»។
លោកបន្តថា មានរឿងជាច្រើនដែលរដ្ឋាភិបាលត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ដូចជាបញ្ហាធនធានធម្មជាតិ បញ្ហាគ្រោះរាំងស្ងួត ជាដើម។ លោកថា ការដែលអ្នកនយោបាយបង្កើតជម្លោះដោះស្រាយជម្លោះរាល់ឆ្នាំរបៀបនេះ គឺនឹងបណ្ដាលឲ្យប្រទេសជាតិកាន់តែជួបអាសន្ន៖ «វាជារឿងនយោបាយ ដែលខ្ញុំធ្លាប់ជួបច្រើនដងហើយ គេធ្វើនេះដើម្បីដាក់សម្ពាធឲ្យស្រីមុំ ចង្អុលទៅលើលោក កឹម សុខា ហើយដើម្បីគេចាត់វិធានការទៅលើលោក កឹម សុខា។ ចំពោះខ្ញុំ គឺគណបក្សប្រជាជន ជាអ្នកខាតច្រើន»។
អ្នកវិភាគ និងប្រជាពលរដ្ឋ ស្នើឲ្យអ្នកនយោបាយ ត្រូវតែប្រកួតប្រជែងគ្នាដោយស្មើភាព និងថ្លៃថ្នូរ ហើយឈរលើផលប្រយោជន៍ជាតិជាធំ មិនត្រូវយកច្បាប់សម្រាប់ផ្តល់យុត្តិធម៌ ទៅប្រើជាឧបករណ៍នយោបាយទេ។ ពួកគេថា ការដែលលើកបញ្ហាស្នេហាឥតប្រយោជន៍មកក្រឡុកក្រឆាក្នុងឆាកនយោបាយនេះ វាមិនបានធ្វើឲ្យជាតិចំណេញឡើយ ហើយកម្ពុជា នឹងនៅតែធ្វើដំណើរមិនទាន់ប្រទេសក្នុងតំបន់ និងពិភពលោក ដែលគេកំពុងរីកចម្រើនស្ទើរគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយភាពថ្លៃថ្នូរ មានការរស់រានមានជីវិតសមរម្យ ខុសឆ្ងាយពីពលរដ្ឋកម្ពុជា បច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
