សហគមន៍ពលរដ្ឋដែលរងគ្រោះដោយសារជម្លោះដីធ្លីនៅតាមបណ្ដាខេត្តមួយចំនួន ព្រមទាំងសង្គមស៊ីវិលជាច្រើនទៀត នៅតែជំទាស់នឹងសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសហជីព និងច្បាប់គ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលសភាទើបបានអនុម័តរួចកាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ។
ចំណែកនៅឯខេត្តសៀមរាប ដែលជាខេត្តមួយកំពុងមានទំនាស់ដីធ្លី ហើយប្រជាពលរដ្ឋបាននាំគ្នាចងក្រងជាសហគមន៍ច្រើនកន្លែង ក៏មិនសប្បាយចិត្តចំពោះសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសហជីព និងច្បាប់សមាគម និងអង្គការនេះដែរ។
ក្រុមប្រជាពលរដ្ឋប្រមាណ ៣០នាក់មកពីសហគមន៍ទំនាស់ដីធ្លីចំនួន ១១កន្លែង បាននាំគ្នាជិះម៉ូតូដង្ហែក្បួនតាមដងផ្លូវក្នុងទីក្រុងសៀមរាប ដើម្បីប្រឆាំងនឹងសេចក្តីព្រាងច្បាប់គ្រប់គ្រងសហជីព និងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា។ ក្រុមសហគមន៍ទំនាស់ដីធ្លីទាំងនោះ បានលើកគ្នាមកពីស្រុកអង្គរធំ ស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគង និងក្រុងសៀមរាប។
តំណាងកសិករដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលជាសហគមន៍ទំនាស់ដីធ្លីមួយក្នុងចំណោមសហគមន៍ជាច្រើនទៀត គឺលោក ចាន់ រិទ្ធិ។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា នៅមុនពេលដែលនាំគ្នាដង្ហែក្បួនប្រឆាំងច្បាប់គ្រប់គ្រងអង្គការនោះថា រូបលោក និងសហគមន៍ទំនាស់ដីធ្លីជាច្រើនទៀត មិនត្រូវការច្បាប់នេះទេ។ លោក ចាន់ រិទ្ធិ ទាមទារឲ្យស្ថាប័នព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានតួនាទីពិនិត្យមើលឡើងវិញ ឬគួរតែទម្លាក់ចោលនូវច្បាប់នេះ៖ «ប្រជាពលរដ្ឋខ្ញុំក្នុងខេត្តសៀមរាប មាន ២០សហគមន៍ជាងហ្នឹង អត់ទទួលយកទេច្បាប់ហ្នឹង ព្រោះអីវាមានផលប៉ះពាល់ និងដាក់គំនាបមកលើសហគមន៍ពួកខ្ញុំទាំងអស់គ្នាច្រើនពេក»។
កាលពីវេលាម៉ោងជាង ៨ព្រឹក ក្រុមសហគមន៍ទំនាស់ដីធ្លីបាននាំគ្នាចងបដាពាក្យស្លោក ដែលនិយាយថា "ទេ" ចំពោះច្បាប់សហជីព សមាគម និងអង្គការនៅតាមរ៉ឺម៉ក និងម៉ូតូ ហើយនាំគ្នាជិះដង្ហែតាមដងផ្លូវខ្លះក្នុងទីក្រុងសៀមរាប។ បន្ថែមលើនេះ ក្រុមសហគមន៍បានធ្វើការចែកចាយខិត្តប័ណ្ណ ដែលប្រឆាំងនឹងច្បាប់អង្គការនោះទៅឲ្យមហាជននៅតាមដងផ្លូវទៀតផង។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលរងខេត្តសៀមរាប លោក ប៊ុន ថាឬទ្ធិ ដើម្បីសុំការអធិប្បាយចំពោះសកម្មភាពសហគមន៍ ដែលនាំគ្នាដង្ហែក្បួនតាមដងផ្លូវបែបនេះនៅឡើយ។
ច្បាប់ស្ដីពីការគ្រប់គ្រងសមាគម និងអង្គការនេះ ត្រូវបានសភាអនុម័តរួចហើយកាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ។ ច្បាប់នេះនឹងត្រូវស្ថាប័នព្រឹទ្ធសភាពិនិត្យមើលឡើងវិញ នៅថ្ងៃទី២៤ ខែកក្កដា ខាងមុខ។
មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ឲ្យដឹងថា ច្បាប់គ្រប់គ្រងសមាគម និងអង្គការដែលមាន ៣៩មាត្រា និង ៩ជំពូក គឺនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សហគមន៍ប្រជាពលរដ្ឋណាដែលធ្លាប់តែធ្វើការរួមគ្នាជាក្រុម។ លោក អំ សំអាត បញ្ជាក់ថា ចាប់ពីមាត្រា៥ រហូតដល់មាត្រា៩ នៃច្បាប់នេះ គឺតម្រូវឲ្យរាល់ការប្រមូលផ្ដុំរបស់ប្រជាពលរដ្ឋ អាចធ្វើទៅបានត្រូវតែទៅចុះបញ្ជី៖ «ដូចជាក្រុមយុវជនក្រុមនិស្សិត ក្រុមបញ្ញវ័ន្ត ឬក៏បណ្ដាញព្រះសង្ឃ ដូចជាសហគមន៍ដីធ្លី សហគមន៍ព្រៃឡង់ សហគមន៍អារ៉ែង អីជាដើម គាត់ត្រូវតែចុះបញ្ជីហើយ»។

សហគមន៍ប្រជាពលរដ្ឋខ្លះ សម្ដែងការព្រួយបារម្ភថា ច្បាប់ស្ដីពីការគ្រប់គ្រងសមាគម និងអង្គការ នឹងត្រូវរដ្ឋាភិបាលប្រើប្រាស់ ដើម្បីរារាំងពួកគេក្នុងការទទួលបានយុត្តិធម៌។ ច្បាប់នេះនឹងត្រូវបានប្រើប្រាស់ដើម្បីបញ្ឈប់ពួកគេមិនឲ្យប្រមូលផ្ដុំ និងរឹតបន្តឹងសេរីភាពពួកគេ ជាដើម។
ទេច្បាប់សហជីព សមាគម និងអង្គការ
សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាននៅខេត្តរតនគិរី និងខេត្តកោះកុង ធ្វើយុទ្ធនាការប្រឆាំងសេចក្ដីព្រាងច្បាប់សហជីព និងច្បាប់អង្គការសមាគម
ដោយ រដ្ឋា វិសាល
អង្គការលីកាដូ និងអង្គការក្រៅរដ្ឋាភិបាលចំនួន៥ រួមទាំងសហគមន៍នៅមូលដ្ឋានមានគ្នាប្រមាណ ៣០នាក់ បានធ្វើការតស៊ូមតិបែបអហិង្សានៅមុខការិយាល័យលីកាដូ ខេត្តរតនគិរី នៅព្រឹកថ្ងៃទី២២ ខែកក្កដា។
ក្រុមអ្នកតវ៉ាលើកបដាពាក្យស្លាកមានន័យថា យើងនឹងមិនបោះឆ្នោតឲ្យគណបក្សណាដែលអនុម័តលើសេចក្តីព្រាងច្បាប់សហជីព និងច្បាប់សមាគម និងអង្គការ រួមទាំងបង្ហោះប៉េងប៉ោងដែលមានស្លាកសញ្ញានិយាយថា "ទេច្បាប់សហជីព សមាគម និងអង្គការ"។
ការតស៊ូមតិនេះ រៀបចំឡើងដោយអង្គការលីកាដូ សាខាខេត្តរតនគិរី បន្ទាប់ពីតំណាងអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន បានយកពង្រាងច្បាប់ស្ដីពីអង្គការក្រៅរដ្ឋាភិបាល មកពិភាក្សា និងចាត់ទុកថា មាត្រាមួយចំនួននៅពង្រាងច្បាប់នេះ ធ្វើឲ្យប៉ះពាល់សេរីភាពបំពេញការងាររបស់អង្គការសង្គមស៊ីវិល និងបង្កឲ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍ ដែលត្រូវការសេវារបស់អង្គការក្រៅរដ្ឋាភិបាល។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ ខេត្តរតនគិរី លោក ស្រេង វ៉ាន់លី ថ្លែងថា នេះមិនមែនជាសកម្មភាពប្រឆាំងការអនុម័តច្បាប់របស់រាជរដ្ឋាភិបាលនោះទេ ក៏ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាល ទាមទារឲ្យមានការកែច្បាប់នេះស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ៖ «បើមានច្បាប់នេះក៏ល្អដែរ ប៉ុន្តែយើងទាមទារឲ្យមានការពិភាក្សាគ្នាបង្កើតច្បាប់ហ្នឹងឲ្យសមស្រប និងល្អសម្រាប់គ្រប់គ្រងអង្គការ។បើច្បាប់ហ្នឹងចេញ អ្នកដែលខាតប្រយោជន៍ គឺប្រជាពលរដ្ឋក្រីក្រ ព្រោះអង្គការសង្គមស៊ីវិលធ្វើការដើម្បីពួកគាត់»។
ចំណែកនៅឯខេត្តកោះកុង តំបន់ឆ្នេរសមុទ្រ គម្រោងសកម្មភាពសហគមន៍ដីធ្លីនៅជីខលើ ស្រុកស្រែអំបិល ក៏បានដង្ហែក្បួន និងកាន់បដាពីភូមិផ្សេងៗមកកាន់ភូមិឈូក ត្រង់ចំណុចលើទំនប់ ដើម្បីប្រមូលផ្តុំគ្នាដើម្បីធ្វើការចែករំលែកព័ត៌មានទៅដល់សាធារណជន ដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៤៨ ព្រមទាំងសម្ដែងមតិពីការព្រួយបារម្ភចំពោះច្បាប់ស្ដីពីសមាគម និងអង្គការនេះដែរ ព្រមទាំងអំពាវនាវសុំឲ្យព្រឹទ្ធសភាទម្លាក់ចោល ឬកុំអនុម័តទៅលើសេចក្តីព្រាងច្បាប់នេះដែរ។
អង្គការលីកាដូ ចំនួន ១៣ខេត្តក្រុង បានរៀបចំការតស៊ូមតិបែបអហិង្សានេះ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យព្រឹទ្ធសភាទម្លាក់ចោលច្បាប់នេះ ដោយពិចារណាឡើងវិញពីផលប៉ះពាល់នៃច្បាប់នេះទៅដល់អង្គការក្រៅរដ្ឋាភិបាល និងអ្នកទទួលសេវាពីអង្គការសមាគមទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
