កិច្ចពិភាក្សានេះដែរ មានការចូលរួមពីស្ថាប័នសង្គមស៊ីវិលជាច្រើន រួមមាន គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា អង្គការយុត្តិធម៌អន្តរជាតិ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ព្រមទាំងអង្គការសមាគមដែលធ្វើការងារគាំទ្រផ្នែកច្បាប់ និងសិទ្ធិមនុស្សជាច្រើនទៀត។
ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ។ លោកបានចូលរួមក្នុងកិច្ចពិភាក្សានោះដែរ មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្ដីពីការចាត់តាំង និងការប្រព្រឹត្តទៅនៃស្ថាប័នតុលាការ និងអយ្យការមានសារសំខាន់ណាស់ក្នុងការជំរុញ និងគាំទ្រឲ្យមានឯករាជ្យភាពរបស់តុលាការ។
លោកបញ្ជាក់ថា លើសពីនេះទៅទៀត ក្រុមសង្គមស៊ីវិលនឹងពិនិត្យទៅលើច្បាប់ពីរសំខាន់ថែមទៀត គឺសេចក្តីព្រាងច្បាប់ស្ដីពីសហលក្ខន្តិកៈនៃអង្គចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់មួយទៀត គឺសេចក្តីស្នើច្បាប់វិសោធនកម្មទៅលើច្បាប់ស្ដីពីការចាត់តាំង និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម៖ «លើសពីនេះទៅទៀត នៅខាងមុខយើងនឹងធ្វើការទៅលើច្បាប់ពីរ សំខាន់មួយទៀត គឺសេចក្តីព្រាងច្បាប់ស្ដីពីសហលក្ខន្តិកៈនៃអង្គចៅក្រម និងព្រះរាជអាជ្ញា រួច នែ៎! សេចក្តីព្រាងច្បាប់មួយទៀតដែលយើងនឹងធ្វើការផ្តល់ជាមតិផងដែរ គឺធ្វើទៅលើសេចក្តីស្នើច្បាប់វិសោធនកម្មទៅលើច្បាប់ស្ដីពីការចាត់តាំង និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនេះ គឺច្បាប់សរុបទៅចំនួន ៣ធំៗ ដែលគណៈកម្មាធិការប្រព្រឹត្តិកម្មយើងសហការជាមួយអង្គការពាក់ព័ន្ធផ្សេងៗក្នុងការផ្តល់មតិ និងអនុសាសន៍ទៅលើសេចក្តីព្រាងច្បាប់ទាំងហ្នឹង»។
កិច្ចប្រជុំនេះ អង្គការពាក់ព័ន្ធនានា បានពិនិត្យទៅលើទម្រង់ទូទៅនៃទិដ្ឋភាពច្បាប់ ដើម្បីកំណត់ជំហរច្បាស់លាស់ ដែលសង្គមស៊ីវិល និងប្រជាពលរដ្ឋចង់បានឲ្យច្បាប់នេះមានប្រយោជន៍សម្រាប់ជនទូទៅ បន្ទាប់មកនឹងធ្វើការផ្សព្វផ្សាយពីជំហរនោះទៅដល់ភាគីពាក់ព័ន្ធក្នុងជួររដ្ឋាភិបាល ដើម្បីធានាថា មតិ និងយោបល់របស់ក្រុមសង្គមស៊ីវិល នឹងត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់នោះ មុននឹងបញ្ជូនទៅឲ្យរដ្ឋសភាពិភាក្សាអនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការនោះ។
គណបក្សប្រជាជនកម្ពុជា ធ្លាប់បានសន្យានៅមុនការបោះឆ្នោតថា ខ្លួននឹងអនុម័តសេចក្តីព្រាងច្បាប់ទាំងនេះ បើសិនជាគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតនាអាណត្តិទី៥ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
