ក្រុមអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន រិះគន់សកម្មភាពចាប់ខ្លួន និងការចោទប្រកាន់តំណាងរាស្ត្រ និងសកម្មជនគណបក្សប្រឆាំងរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ជុំវិញសំណុំរឿងផ្ទុះអំពើហិង្សា ថ្ងៃទី១៥ ខែកក្កដា ថាធ្វើឡើងគ្មានអង្គហេតុចោទប្រកាន់ត្រឹមត្រូវទេ។
ការអះអាងនេះ ធ្វើឡើងនៅក្នុងសន្និសីទកាសែតស្តីអំពី ការវិភាគផ្នែកច្បាប់លើការចាប់ខ្លួន និងការចោទប្រកាន់អ្នកធ្វើបាតុកម្មដោយសន្តិវិធី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
វាគ្មិនសំខាន់ៗដែលចូលខ្លួនមកបកស្រាយច្បាប់ នៅក្នុងសន្និសីទនេះ រួមមាន លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្ស និងច្បាប់នៃសមាគមអាដហុក (adhoc) លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (Comfrel) លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិកហ្វិច (Nicfec) និងអ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)។ សន្និសីទនេះធ្វើឡើងនៅរសៀលថ្ងៃពុធ ទី២០ ខែសីហា នាភោជនីយដ្ឋានខ្មែរសុរិន្ទ រាជធានីភ្នំពេញ។
លោក នី ចរិយា បានរិះគន់តុលាការសាលាដំបូង ក្នុងការចាប់ខ្លួនបេក្ខជនតំណាងរាស្ត្រ ៧រូប និងសកម្មជនគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់ ដែលភ្ជាប់ទៅនឹងព្រឹត្តិការណ៍ហិង្សាថ្ងៃទី១៥ កក្កដា ជារឿងមិនត្រឹមត្រូវ។ លោកថា អំពើហិង្សានេះ តុលាការបានចោទប្រកាន់មន្ត្រីបក្សប្រឆាំង ៣បទល្មើសមានដូចជា ពីបទដឹកនាំចលនាកុបកម្មតាមមាត្រា៤៥៩ នៃក្រមព្រហ្មទណ្ឌ ពីបទញុះញង់ឲ្យមានអំពើឧក្រិដ្ឋតាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ និងពីបទផ្ដើមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រា២៨ និង ២១៨ នៃក្រមព្រហ្មទណ្ឌ។ បទចោទទាំង៣នេះ លោក នី ចរិយា បកស្រាយ និងវិភាគតាមផ្លូវច្បាប់ថា តុលាការមិនមានអង្គហេតុគ្រប់គ្រាន់ ដើម្បីចោទប្រកាន់អ្នកពាក់ព័ន្ធក្នុងអំពើហិង្សានេះបានទេ។
លោក នី ចរិយា៖ «បទចោទទាំងបីរបស់តុលាការគ្មានធាតុផ្សំ ហើយតុលាការមិនមានយុត្តាធិការក្នុងការប្រើប្រាស់ក្រមព្រហ្មទណ្ឌទេ គឺត្រូវតែប្រើប្រាស់ច្បាប់បាតុកម្ម។ ហើយបើប្រើប្រាស់ច្បាប់បាតុកម្ម គឺតំណាងរាស្ត្រ និងអ្នកដទៃទៀតហ្នឹង អត់មានជាប់ពាក់ព័ន្ធទេ ពីព្រោះនៅក្នុងច្បាប់បាតុកម្ម គឺអ្នកប្រព្រឹត្តិបទល្មើសផ្ទាល់ជាអ្នកទទួលខុសត្រូវ។ ដូច្នេះ គ្មានអង្គហេតុ ឬក៏ទិដ្ឋភាពច្បាប់ណាមួយដែលអាចចោទប្រកាន់ ឬក៏ដាក់ទោសអ្នកទាំងអស់ហ្នឹងបានទេ។ អ៊ីចឹងដូចយើងបានឃើញវីដេអូឃ្លីបរួចអស់ហើយ អ្នកទាំងអស់ហ្នឹង គឺអត់មានបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌអីទេ រហូតមកដល់ពេលនេះ។ រួមទាំងមនុស្ស ៣នាក់ ដែលកំពុងជាប់ឃុំ ហើយអ្នកដែលកំពុងត្រូវតុលាការកោះហៅហ្នឹងទៀត»។
ស្រដៀងគ្នាដែរ សម្រាប់ លោក គល់ បញ្ញា ចាត់ទុកការចាប់ខ្លួន និងបទចោទរបស់តុលាការសាលាដំបូង ថាជាចេតនានយោបាយ និងជាសកម្មភាពគំរាមកំហែង។ លោកបន្តថា នៅគ្រាការចរចា និងការបែងចែកតួនាទីសភា និងការរុះរើក្បាលម៉ាស៊ីនដឹកនាំស្ថាប័នបោះឆ្នោត ជាដើម កំពុងតែបន្ត។ លោកសន្និដ្ឋានថា បទចោទទាំង៣នេះ ជាការដាក់គំនាបនយោបាយដល់មេដឹកនាំបក្សប្រឆាំង។
បញ្ហានេះ លោក គល់ បញ្ញា ស្នើដល់តុលាការ ឬគណបក្សនយោបាយ ឲ្យបញ្ឈប់ចេញដីកាកោះសកម្មជនបក្សប្រឆាំង ដោយភ្ជាប់អំពើហិង្សាថ្ងៃទី១៥ កក្កដា ជាបន្តទៀត ហើយរួមគ្នាអនុវត្តតាមកិច្ចព្រមព្រៀងនយោបាយ កាលពីថ្ងៃទី២២ ខែកក្កដា ឲ្យបានត្រឹមត្រូវ។
ដូចគ្នាដែរ លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរិះគន់សកម្មភាពរបស់តុលាការ ទៅលើសំណុំរឿងនេះ នាំឲ្យបាត់បង់ជំនឿពីសាធារណជនកាន់តែច្រើនថែមទៀតនាថ្ងៃអនាគត។
ចំណែក លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិកហ្វិច បានបង្ហាញចំណាប់អារម្មណ៍ថា សកម្មភាពរបស់តុលាការបានអនុវត្តតាមតែបង្គាប់បញ្ជាបុគ្គល ឬបក្សនយោបាយណាមួយ។ លោកថា ការបន្តចេញដីកាកោះហៅសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់របស់តុលាការ ទៅលើសំណុំរឿងហិង្សាកាលពីថ្ងៃទី១៥ ខែកក្កដា ថាជាការដាក់សម្ពាធនយោបាយទៅដល់មេដឹកនាំបក្សជំទាស់ និងជាការបំបែកឆន្ទៈនយោបាយបក្សប្រឆាំងឲ្យខ្លបខ្លាច។
ទោះយ៉ាងណា មិនមានអត្ថាធិប្បាយពីមន្ត្រីតុលាការសាលាដំបូង ជុំវិញការអះអាងរបស់មន្ត្រីសង្គមស៊ីវិលមួយចំនួននេះទេ ប៉ុន្តែ លោក កែវ មុនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីសប្ដាហ៍មុននេះ បានចេញដីកាដាច់ដោយឡែកពីគ្នា បង្គាប់ឲ្យមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ៥រូបបន្ថែមទៀត ចូលខ្លួនទៅឆ្លើយបំភ្លឺនៅតុលាការចន្លោះពីថ្ងៃទី២៦ ខែសីហា រហូតដល់ថ្ងៃទី១ ខែកញ្ញា ទាក់ទងអំពើហិង្សាកាលពីថ្ងៃទី១៥ ខែកក្កដា។
ដីកាកោះមនុស្សទាំង ៥រូបទៅឆ្លើយបំភ្លឺនេះ ធ្វើឡើងនៅគ្រាសកម្មជន ឬយុវជន ៣រូប របស់គណបក្សសង្គ្រោះជាតិ កំពុងជាប់ក្នុងពន្ធនាគារព្រៃស ទាក់ទងសំណុំរឿងដូចគ្នានេះ។ ទោះបីមេដឹកនាំគណបក្សនេះអះអាងថា ពួកគេនឹងត្រូវដោះលែងឲ្យមានសេរីភាព បន្ទាប់ពីមានកិច្ចសម្របសម្រួលជាមួយគណបក្សប្រជាជនកម្ពុជា ស្របតាមកិច្ចព្រមព្រៀងនយោបាយ ថ្ងៃទី២២ ខែកក្កដា បែបណាក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
