មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទពីបទកាប់រុករានដីព្រៃបម្រុងទុក ដែលជាសកម្មជនបក្សសង្គ្រោះជាតិ ប្រចាំស្រុកក្រគរ ខេត្តពោធិ៍សាត់ នឹងរៀបចំបណ្ដឹងប្ដឹងឧទ្ធរណ៍ បន្ទាប់ពីចៅក្រមសាលាដំបូងខេត្តពោធិ៍សាត់ ប្រកាសសាលក្រមផ្ដន្ទាទោសដាក់គុកកូនក្ដីរបស់ខ្លួនរយៈពេល ៥ឆ្នាំ។ មេធាវី និងមន្ត្រីការពារសិទ្ធិមនុស្សចាត់ទុកសាលក្រមនេះថា មានភាពអយុត្តិធម៌។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តពោធិ៍សាត់ ដែលកាន់សំណុំរឿងនេះ គឺលោក ម៉ៅ ស៊ីណា បដិសេធមិនអត្ថាធិប្បាយថា លោកបានចេញដីកាតាមចាប់ខ្លួនលោក សោម សារាវុត ឬយ៉ាងណានោះទេ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា បន្ទាប់ពីចៅក្រមរូបនេះប្រកាសសាលក្រមផ្ដន្ទាទោសដាក់ពន្ធនាគារលោក សោម សារាវុត កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ។
ប៉ុន្តែមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទអ្នកស្រី សន ស៊ីដាណែត ថ្លែងថា អ្នកស្រីអាចប្រើពេលមួយរយៈខ្លីទៀត តែហួសមួយខែនៃការប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់នោះទេ ដើម្បីពិភាក្សាបន្ថែមជាមួយកូនក្ដីរៀបចំបណ្ដឹងទៅសាលាឧទ្ធរណ៍។ អ្នកស្រីមិនចង់អត្ថាធិប្បាយពីអង្គហេតុ ឬដំណើរការក្នុងពេលសវនាការយ៉ាងណានោះទេ ប៉ុន្តែថា ចៅក្រមមិនបានផ្ដល់យុត្តិធម៌ដល់កូនក្ដីអ្នកស្រី៖ «អត់យុត្តិធម៌សម្រាប់កូនក្ដីខ្ញុំទេ ហើយខ្ញុំនឹងត្រៀមលក្ខណៈជាមួយកូនក្ដីក្នុងដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ទៀត»។
សកម្មជនគណបក្សសង្គ្រោះជាតិ ស្រុកក្រគរ និងជាសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក សោម សារាវុត ត្រូវខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ដាក់ពាក្យប្ដឹងទៅតុលាការកាលពីឆ្នាំ២០១៣ ដោយចោទពីបទកាប់រុករានដីព្រៃបម្រុងទុក។ បណ្ដឹងនេះធ្វើឡើងក្រោយពីរដ្ឋាភិបាលចេញសេចក្ដីជូនដំណឹងកំណត់ដីទំហំ ៥០០ហិកតារ នៅចំណុចអន្សរក្ដាម ធ្វើជាព្រៃសហគមន៍កាលពីឆ្នាំ២០១១។
ការកំណត់ដីព្រៃសហគមន៍ដោយផ្អែកលើរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាននេះ បានប៉ះពាល់ដល់ដីអ្នកភូមិអន្សរក្ដាម នៃឃុំស្នាអន្សា ចំនួន ៦៤គ្រួសារ ប៉ុន្តែពួកគាត់ភាគច្រើនយល់ព្រមដោះដូរដីចេញ ដោយឡែកក្រុមគ្រួសារលោក សោម សារាវតុ មិនព្រមដោះដូរ។ ប្រជាពលរដ្ឋអះអាងថា ការដោះដូររបស់អាជ្ញាធរនេះបានប៉ះចំលើដីត្រួតប្លង់គ្នា និងអ្នកភូមិខ្លះទៀតមិនទទួលបានដីតែម្ដង។
ទាក់ទងបញ្ហានេះមន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តពោធិ៍សាត់ លោក ភួង សុធា យល់ថា ចៅក្រមមិនបានផ្ដល់យុត្តិធម៌ដល់ជនជាប់ចោទឡើយ ដោយក្នុងដំណើរការសួរដេញដោលក្នុងសវនាការមានវិមតិសង្ស័យជាច្រើន ដែលនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ រាល់វិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនសង្ស័យ។ លោកថា ការពិតជនជាប់ចោទបានកាន់កាប់ដីនៅតំបន់នោះបន្តជំនាន់៖ «ក្រោយមកលោកគ្រូ វុត បានចូលធ្វើសកម្មភាពជាមួយគណបក្សសង្គ្រោះជាតិ និងគ្រូបង្រៀនឯករាជ្យ។ ដល់ពេលអ៊ីចឹងទៅគេចាប់ផ្ដើមរើសអើងគាត់ ហើយដាក់គាត់ជាអ្នកកាប់រុករានយកដីដោយខុសច្បាប់ទៅវិញ ប៉ុន្តែអ្វីដែលយើងស្រាវជ្រាវដីហ្នឹង គឺជាដីបានកាន់កាប់តាំងពីដូនតាមក»។
យ៉ាងណាទាំងនាយផ្នែករដ្ឋបាលព្រៃឈើក្រគរ លោក ប៉ុល ចាន់ថា និងមេឃុំស្នាអន្សា លោក មោក កោ ធ្លាប់បញ្ជាក់ស្រដៀងគ្នាថា អាជ្ញាធរមានសមត្ថកិច្ចបានពិនិត្យគ្រប់លទ្ធភាពក្នុងការដោះស្រាយបញ្ហានេះ តែលោក សោម សារាវុត នៅតែមិនព្រមទទួលយកការដោះស្រាយ ហើយបានបំបែកចំនួនគ្រួសារពី ៦ ទៅជា ២១គ្រួសារទៀតផង ដើម្បីតវ៉ាទាមទារយកដីនៅតំបន់ដែលមានព្រៃច្រើននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
