ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល នឹងប្រកាសសាលដីកាសំណុំរឿងមោឃភាពនីតិវិធីរបស់សកម្មជនគណបក្សប្រឆាំងចំនួន ៥រូប នៅថ្ងៃទី២៥ មករា ខាងមុខ។ ចាប់ផ្ដើមបើកឆាកភ្លាម នៅក្នុងអង្គសវនាការកាលពីព្រឹកថ្ងៃទី១៨ មករា រវាងមេធាវីការពារក្ដីរបស់សកម្មជនគណបក្សសង្គ្រោះជាតិ និងអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល លោក វ៉េង ប៊ុនធឿន ហាក់ខ្វែងគំនិតគ្នាជុំវិញមោឃភាពនីតិវិធីនេះ។
មេធាវីការពារក្ដី គឺលោក ជូង ជូងី ដែលចូលរួមតតាំងនៅក្នុងអង្គសវនាការ បានលើកឡើងពីទិដ្ឋភាពច្បាប់មកពន្យល់យ៉ាងពិស្ដារទៅអង្គជំនុំជម្រះ ដោយបញ្ជាក់ពីមូលហេតុនៃការកើតទុក្ខមិនសុខចិត្តរបស់ក្រុមមេធាវីទាំងអស់ ទើបរៀបចំបណ្ដឹងសារទុក្ខអំពីមោឃភាពនីតិវិធីនេះឡើងប្រឆាំងទៅនឹងសេចក្ដីសម្រេចរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង កាលពីខែសីហា ឆ្នាំ២០១៦។
ការថ្លែងដូចនេះរបស់លោក ជូង ជូងី ធ្វើឡើងនៅក្រោយប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក សឹង បញ្ញាវុឌ្ឍ សម្រេចលើកពេលប្រកាសសាលដីកាលើបណ្ដឹងសារទុក្ខអំពីមោឃភាពនីតិវិធីនេះ នៅថ្ងៃទី២៥ ខែមករា ខាងមុខ។
យ៉ាងនេះក្ដី លោក ជូង ជូងី ប្រាប់អ្នកកាសែតនៅក្រោយបិទបញ្ចប់សវនាការថា មូលហេតុដែលខ្លួនប្ដឹងសារទុក្ខមកតុលាការកំពូលនេះ ដោយសារនៅក្នុងដំណាក់កាលនៃសេចក្ដីសម្រេចរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ គឺលោក ប្លង់ សំណាង មិនបានទទួលយកសំណើសុំមោឃភាពនីតិវិធីរបស់លោកទៅពិចារណា។ មេធាវីដែលហ៊ានការពារក្ដីឲ្យបក្សប្រឆាំងអស់ពេលជាច្រើនឆ្នាំណាស់មកហើយនេះ យល់ឃើញថា នេះជារបៀបធ្វើកិច្ចការដោយខ្ជីខ្ជា និងរំលោភលើវិជ្ជាជីវៈក្នុងនាមជាអ្នកកាន់ច្បាប់ រាប់ចាប់តាំងពីដំណាក់នៃការជំនុំជម្រះនៅតុលាការជាន់ទាបមក។ លោកបន្តថា «គឺបំពានច្បាប់ ទាំងស្រុង ហើយធ្ងន់ធ្ងរទៀត។ បើអំពើខុសច្បាប់ប្រព្រឹត្តដោយ រាស្ត្រសាមញ្ញ វាផ្ដល់គ្រោះថ្នាក់តិចទេដល់សង្គមជាតិ ប៉ុន្តែនៅពេលកំហុសប្រព្រឹត្តដោយអ្នកមានអំណាចតុលាការនេះ អាហ្នឹងព្យសនកម្មធ្ងន់ធ្ងរណាស់ដល់សង្គមជាតិ។ ខ្ញុំបានលើករួចហើយនៅ ក្នុងសវនាការ ថាតើតុលាការកំពូលគិតយ៉ាងម៉េច នៅពេលដែលក្រុមប្រឹក្សាសាលាដំបូងកាត់ក្ដីចេញសាលក្រមបទឧក្រិដ្ឋឥតមានមេធាវីបែបនេះ ?»។
ពាក់ព័ន្ធសំណុំរឿងនេះ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ បានចេញសាលក្រមដោយផ្ដន្ទាទោសសកម្មជនគណបក្សសង្គ្រោះជាតិ ១១នាក់ដាក់ពន្ធនាគារចន្លោះពី ៧ ទៅ ២០ឆ្នាំ ក្រោមបទចោទចូលរួមកុប្បកម្ម និងដឹកនាំបាតុកម្ម ដែលប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ។
ក្នុងថ្ងៃប្រកាសសាលក្រមទាក់ទិនសំណុំរឿងនៃបទឧក្រិដ្ឋនេះ គឺមានតែមេធាវីម្នាក់ប៉ុណ្ណោះដែលការពារក្ដីសម្រាប់សកម្មជន ៦រូប។ ដោយឡែកសកម្មជន ៥រូបផ្សេងទៀតក្នុងចំណោមនោះ គឺពុំមានវត្តមានមេធាវីចូលការពារក្ដីទេ នៅក្នុងថ្ងៃដែលតុលាការចេញសាលក្រម។
លោក ជូង ជូងី បានជម្រាបដល់អង្គជំនុំជម្រះថា ដោយសារបទល្មើសឧក្រិដ្ឋផ្អែកនីតិវិធី គឺជាចាំបាច់ត្រូវមានមេធាវី។ ប៉ុន្តែនៅក្នុងសំណុំរឿងនេះ នៅថ្ងៃប្រកាសសាលក្រមកាលពីខែកក្កដា ឆ្នាំ២០១៥ គឺពុំមានវត្តមានមេធាវីការពារក្ដីចូលរួមក្នុងដំណាក់កាលដែលតុលាការក្រុងភ្នំពេញ ចេញសេចក្ដីសម្រេចទេ។ លោក ជូង ជូងី បានប្រាប់អង្គសវនាការថា ដោយមើលឃើញពីការអនុវត្តដោយរំលោភលើច្បាប់ដូចនេះ ទើបក្រុមមេធាវីសម្រេចដាក់បណ្ដឹងចំនួន២ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ គឺមួយ បណ្ដឹងឧទ្ធរណ៍ប្រឆាំងទៅនឹងសេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញ ហើយបណ្ដឹងមួយផ្សេងទៀត គឺបណ្ដឹងមោឃភាពនីតិវិធី។

នៅក្នុងដំណាក់កាលនៃការញែកសំណុំរឿងជាពីរនេះ កាលពីខែសីហា ឆ្នាំ២០១៦ គឺសំណុំរឿងលើអង្គសេចក្ដី និងមោឃភាពនីតិវិធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង ពុំបានពិចារណាលើការស្នើសុំរបស់ក្រុមមេធាវីអំពីមោឃភាពនីតិវិធីសកម្មជនទាំង ៥រូបនោះទេ។ ផ្ទុយទៅវិញ បែរជាសកម្មជន ៦រូបផ្សេងទៀតក្នុងចំណោម ១១នាក់នោះ ត្រូវមានឈ្មោះនៅក្នុងសំណុំរឿងមោឃភាពនីតិវិធីទៅវិញ ដែលតាមពិត អ្នកទាំង ៦នាក់នោះ មានមេធាវីការពាររួចហើយក្នុងដំណាក់កាលនៃការសម្រេចរបស់តុលាការក្រុងភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៥។
លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ប្រតិកម្មមុនចូលសវនាការ ដោយចាត់ទុកថា ឲ្យតែមនុស្សដែលស្និទ្ធនឹងបក្សកាន់អំណាច បើទោះជាធ្វើបែបណាក៏ដោយ ក៏នៅអាចរស់ដោយសុខដែរ។ លោកបន្តថា «អ្នកវ ៉ៃ តំណាងរាស្ត្រ វ ៉ៃ ប៉ុនប៉ងធ្វើឃាតសម្លាប់អ្នក តំណាងរាស្ត្រ កាត់ទោស ៤ឆ្នាំ ព្យួរ ៣ឆ្នាំ ហើយឥឡូវបានមួយឆ្នាំក្នុងគុក ហើយដំឡើងបុណ្យទៅទៀត»។
នៅថ្ងៃតែមួយនៃសវនាការសកម្មជនទាំង ៥រូប រួមមានលោក មាជ សុវណ្ណារ៉ា លោក អ៊ុក ពេជ្រសំណាង លោក អាន បឋម លោក សាន សីហៈ និងលោក ទេព ណារិន ទន្ទឹមនឹងនេះ អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីសហគមន៍បឹងកក់ ក៏ត្រូវបានតុលាការកំពូល បើកសវនាការដែរ។ សំណុំរឿងស្នើសុំនៅក្រៅ ដែលអ្នកស្រីជាប់ចោទពីបទប្រើហិង្សានៅក្បែរផ្ទះលោក ហ៊ុន សែន កាលពីឆ្នាំ២០១៣ ប៉ុន្តែសំណុំរឿងនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល គឺអ្នកស្រី គឹម សុថាវី សម្រេចនឹងប្រកាសសាលដីកានៅថ្ងៃទី២៥ ខែមករា ខាងមុខនេះដែរ។
បើទោះជាបែបណា ទាំងមេធាវីការពារក្ដី និងសកម្មជនទាំង ៥រូបរបស់បក្សប្រឆាំង បានស្នើសុំឲ្យតុលាការកំពូល ដែលមានភារកិច្ចពិនិត្យទៅលើអង្គច្បាប់ សម្រេចដាក់បញ្ចូលពួកគេទាំង ៥នាក់នៅក្នុងសំណុំរឿងមោឃភាពនីតិវិធី។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការជាន់ខ្ពស់ គឺលោក សឹង បញ្ញាវុឌ្ឍ អះអាងនៅក្នុងសវនាការថា នឹងពិចារណាទៅលើការស្នើសុំនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
