តំណាងរាស្ត្របក្សសង្គ្រោះជាតិ រិះគន់ប្រព័ន្ធរដ្ឋបាលពន្ធនាគារខេត្តពោធិ៍សាត់ ថាអនុវត្តមិនបានត្រឹមត្រូវដែលពលរដ្ឋលំបាកនឹងទទួលយក។
ការរិះគន់នេះ បន្ទាប់ពីតំណាងរាស្ត្រ និងមន្ត្រីបក្សប្រឆាំងប្រមាណ១០នាក់ ស្នើសុំជួបសួរសុខទុក្ខជនសង្ស័យម្នាក់ដែលកំពុងឃុំខ្លួននៅក្នុងពន្ធនាគារនេះ ប៉ុន្តែមន្ត្រីពន្ធនាគារមិនអនុញ្ញាតឲ្យជួបសួរសុខទុក្ខកាលរសៀលថ្ងៃទី៤ ខែសីហា។
រយៈពេលពីរថ្ងៃ ក្រោយដាក់លិខិតចូលស្ថាប័នអយ្យការខេត្តពោធិ៍សាត់ ដើម្បីសុំជួបសួរសុខទុក្ខអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តក្នុងពន្ធនាគារ។ តំណាងរាស្ត្រ និងមន្ត្រីបក្សប្រឆាំង ខកចិត្តចំពោះស្ថាប័នតុលាការ និងប្រធានអគ្គានុរក្សដែលមិនឲ្យពួកគេជួបជនសង្ស័យតាមការស្នើសុំ។ ប៉ុន្តែមន្ត្រីទាំងនេះ ប្ដេជ្ញាថានឹងរកគ្រប់មធ្យោបាយដើម្បីចូលជួបសួរសុខទុក្ខឲ្យបាន។
តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់មកពីគណបក្សសង្គ្រោះជាតិលោក ងឹប ញេង ថ្លែងនៅថ្ងៃទី៥ ខែសីហា ថាមន្ត្រីពន្ធនាគារមិនបានផ្ដល់ហេតុផល នៃការមិនអនុញ្ញាតឲ្យចូលជួបសួរសុខទុក្ខអ្វីទាំងអស់ ដូចជាមិនទទួលខុសត្រូវលើការងាររបស់ខ្លួន។ លោករំលឹកថា ក្នុងលិខិតលោកបានបញ្ជាក់ថានឹងមានមនុស្សដប់នាក់ចូលសួរសុខទុក្ខជនសង្ស័យនៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ប៉ុន្តែគេមិនឲ្យជួប រហូតដល់លោកសុខចិត្តនាំគ្នាតែបីនាក់តាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារចូលសួរសុខទុក្ខក៏គេមិនព្រម ហើយប្រធានពន្ធនាគារខេត្តពោធិ៍សាត់ ក៏មិនចេញមកប្រាប់លោកដែរ៖ «អាហ្នឹងជាសេវារដ្ឋបាលមួយដែលខ្ញុំយល់ថាអត់មែនទែន ដែលប្រជាពលរដ្ឋមិនអាចទទួលយកបានទេ ហើយខ្ញុំស្នើសុំទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើម៉េចពង្រឹងសេវាសាធារណៈឲ្យ ជាសេវាទាំងអស់បម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរជាងនេះ។ ការដែលរារាំងមិនឲ្យខ្ញុំចូលជួបសួរសុខទុក្ខអ្នកដែលឃុំខ្លួន ជាការបំបិទសេរីភាពខ្ញុំមួយ ហើយខ្ញុំធ្វើម៉េចដឹងថានៅក្នុងមន្ទីរឃុំឃាំងហ្នឹងគេធ្វើបាបគាត់ ឬមួយសុខភាពគាត់យ៉ាងណា»។
ចំណែកកូនស្រីទី២របស់ជនសង្ស័យ គឺលោកស្រី ថន លក្ខិណា រៀបរាប់ថា ម្ដាយលោកស្រីមានវ័យ៦២ឆ្នាំ មានជំងឺឡើងឈាម ឆ្អឹងស្ពោត និងអាស៊ីដឡើងខ្លាំង កំពុងរស់នៅក្នុងពន្ធនាគារទាំងភាពភ័យខ្លាច៖ «ពេលខ្ញុំយកបាយឲ្យគាត់ៗប្រាប់ខ្ញុំទាំងយំថា អ្នកដែលជាប់ទោសដូចគ្នាយកកាំបិតមកគំរាមគាត់ ហើយចង្អុលគាត់ដល់ថ្ងាស។ ខ្ញុំមើលទៅមិនអាចជាប់ប៉ះពាល់រឿងដីដែរ វាអាចទាក់ទងនឹងរឿងនយោបាយ ព្រោះអីនៅក្នុងខេត្តពោធិ៍សាត់ចេញមុខលេចធ្លោជាងគេ។ ហើយខ្ញុំក៏បានសួរសមត្ថកិច្ចខ្ញុំថា កន្លែងម៉ាក់ខ្ញុំគេចេះតែធ្វើបាបគាត់បងជួយមើលគាត់ផង គេថា ធម្មតាអ្នកជាប់ទោសដូចគ្នា ហើយខ្ញុំថាបើសិនគាត់គ្រោះថ្នាក់អីគិតយ៉ាងម៉េច ? អគ្គានុរក្ស៖បើគ្រោះថ្នាក់ជារឿងរបស់យើង»។
ឆ្លើយតបបញ្ហានេះប្រធានពន្ធនាគារខេត្តពោធិ៍សាត់លោក អ៊ី អៀម បញ្ជាក់យ៉ាងខ្លីថា ការដែលមិនអនុញ្ញាតឲ្យតំណាងរាស្ត្រចូលសួរសុខទុក្ខជនសង្ស័យនោះ គឺដោយសារលោកមិនទាន់ទទួលបានចំណារពីស្ថាប័នអយ្យការ ហើយលោកបដិសេធថា នៅក្នុងពន្ធនាគារពុំមានករណីប្រើអំពើហិង្សា ឬគំរាមកំហែងអ្នកទោស ឬជនសង្ស័យនោះទេ៖ «ម្សិលមិញម៉ោងពីរ គាត់មកមានលិខិតមួយសរសេរដាក់ចូលទៅព្រះរាជអាជ្ញា ហើយដល់ពេលហ្នឹងអត់ទាន់មានឃើញចំណារពីព្រះរាជអាជ្ញាខ្ញុំអត់អនុញ្ញាតឲ្យចូល»។
អាស៊ីសេរីមិនអាចទាក់ទងព្រះរាជអាជ្ញាលោក តន់ សីហតេជៈ ដើម្បីសុំការអត្ថាធិប្បាយជុំវិញលិខិតស្នើសុំជួបជនសង្ស័យដែលស្នើដោយមន្ត្រីបក្សប្រឆាំងនេះទេ នៅថ្ងៃទី៥ ខែសីហា។ ចំណែកអ្នកនាំពាក្យរបស់ស្ថាប័នអយ្យការ នៃសាលាដំបូងខេត្តពោធិ៍សាត់ លោក ឡុង ជាប បដិសេធថា លោកមិនទាន់ទទួលបានលិខិតស្នើសុំជួបជនសង្ស័យដែលជាសកម្មជនបក្សសង្គ្រោះជាតិនេះនៅឡើយទេ។
មន្ត្រីបក្សប្រឆាំង និងកូនស្រីរបស់ជនសង្ស័យអះអាងថាលោកស្រី ទេព ធីតា ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ តាមអំណាច នៃបណ្ដឹងរបស់ស្ត្រីម្នាក់ឈ្មោះ កែ មិនា ពាក់ព័ន្ធនឹងរឿងបោះបង្គោលព្រំដី។ នៅអំឡុងឆ្នាំ២០១៤ តុលាការសម្រេចចោទលោកស្រី ទេព ធីតា ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងបំផ្លាញធនធានធម្មជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
