សមាជិកគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មួយរូប កំពុងគេចខ្លួនក្រោយពេលទទួលដីកាកោះហៅរបស់តុលាការឱ្យចូលរួមសវនាការចំពោះសំណុំរឿងចាស់ដែលកើតឡើងកាលពីឆ្នាំ២០១១។ ការកោះហៅជាថ្មីនេះ លោកយល់ថា ជាការគំរាមកំហែងផ្នែកនយោបាយ ត្បិតអីរឿងនេះបានស្ងប់ស្ងាត់ជាយូរណាស់មកហើយ។
រយៈពេលកន្លះខែមកហើយដែលសមាជិកគណៈកម្មការប្រតិបត្តិស្រុកជើងព្រៃ លោក ម៉ិច មាឃ គេចខ្លួនពីស្រុកកំណើត។ ការគេចខ្លួនរបស់លោក បន្ទាប់ពីទទួលបានដីកាកោះហៅរបស់តុលាការឱ្យចូលបំភ្លឺក្នុងអង្គសវនាការចំពោះសំណុំរឿងចាស់ ដោយចោទប្រកាន់លោកថា បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃដោយចេតនា។
អតីតមេឃុំសូទិព្វ មកពីគណបក្ស សម រង្ស៊ី និងបច្ចុប្បន្នជាសមាជិកគណៈកម្មការប្រតិបត្តិស្រុកជើងព្រៃ លោក ម៉ិច មាឃ មានប្រសាសន៍ថា លោកមិនដឹងថា តុលាការជំនុំជម្រះរឿងក្តីរបស់លោកយ៉ាងណានោះទេ ពីព្រោះលោកមិនបានចូលរួមសវនាការពេលនោះ។ លោកបញ្ជាក់ថា មិនបានចូលបំភ្លឺ ពីព្រោះសមត្ថកិច្ចប្រគល់ដីកាឱ្យលោក គឺនៅចំថ្ងៃជំនុំជម្រះតែម្ដង ម្យ៉ាងលោកមានបទពិសោធន៍រួចទៅហើយកាលពីឆ្នាំ២០១៤ តុលាការបានឃុំខ្លួនលោកដោយអយុត្តិធម៌រយៈពេលបីខែ ដោយគ្មានកំហុស។ លោកថា សំណុំរឿងពេលនេះបានកើតឡើងតាំងពីឆ្នាំ២០១១ ហើយក៏ស្ងាត់ទៅវិញ ស្រាប់តែនៅពេលស្ថានភាពនយោបាយកំពុងឡើងកម្ដៅ ដីកាកោះហៅរូបលោកជាថ្មីទៀតក៏កើតមានឡើង៖ «ខ្ញុំសូមឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទាំងអស់ ដែលពាក់ព័ន្ធរឿងរបស់ខ្ញុំតាំងពីឆ្នាំ២០០៨ មក កុំធ្វើបាបអ្នកដែលបម្រើប្រយោជន៍ប្រជាជន»។
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ តុលាការខេត្តកំពង់ចាម ដែលមានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក រៀល សុភិន បានចេញដីកាកោះហៅលោក ម៉ិច មាឃ ឱ្យចូលទៅបំភ្លឺនៅថ្ងៃទី១៥ ខែធ្នូ វេលាម៉ោង ២កន្លះ ដោយចោទប្រកាន់ពីបទធ្វើឱ្យខូចខាតដោយចេតនាដែលប្រព្រឹត្តឡើងនៅភូមិបឹងជ្រោយ ឃុំសូទិព្វ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១១។
ចៅក្រមជំនុំជម្រះរឿងក្ដីនេះ អ្នកស្រី ហៃ ណៃហេង មានប្រសាសន៍ថា បើទោះបីជា ជនជាប់ចោទមិនបានចូលរួមសវនាការក៏ដោយ ប៉ុន្តែតុលាការអាចបន្តនីតិវិធីបានតាមរយៈជំនុំជម្រះក្តីកំបាំងមុខ។
អ្នកស្រីថា សំណុំរឿងនេះ តុលាការបានចេញសាលក្រមរួចហើយ ប៉ុន្តែអ្នកស្រីមិនអាចប្រាប់ពីនីតិវិធីបានឡើយ ព្រោះមិនទាន់បានជូនដំណឹងបញ្ហានេះ៖ «តាមពិតសាលក្រមខ្ញុំមានរួចទៅហើយ ប៉ុន្តែខ្ញុំអត់មានបានជូនដំណឹងឱ្យគេ អ៊ីចឹងខ្ញុំមិនអាចប្រាប់បានទេ»។
ដោយឡែកមេធាវីការពារក្ដីឱ្យលោក ម៉ិច មាឃ លោកមេធាវី ជូង ជូងី មានប្រសាសន៍ថា នីតិវិធីសំណុំរឿងនេះ មានភាពមិនប្រក្រតីមួយចំនួន ពីព្រោះលោកជាមេធាវីការពារក្ដីឱ្យជនជាប់ចោទ ប៉ុន្តែតុលាការមិនបានអញ្ជើញជាលាយលក្ខណ៍អក្សរឱ្យចូលរួមទេ។ មួយវិញទៀត កូនក្ដីរបស់លោកទទួលបានដីកានៅចំថ្ងៃជំនុំជម្រះតែម្ដង ដែលមិនអាចត្រៀមខ្លួនទាន់។ បន្ថែមពីនេះ បើតុលាការជំនុំជម្រះរួច ត្រូវជូនដំណឹងទៅខាងមេធាវីការពារក្ដី ឬសាមីខ្លួនឱ្យបានឆាប់រហ័ស ប៉ុន្តែមកទល់ពេលនេះ ខាងលោកនៅមិនទាន់ទទួលបានសេចក្ដីជូនដំណឹងពីតុលាការឡើយ៖ «ខ្ញុំរង់ចាំការជូនដំណឹងពីខាងតុលាការ។ ប្រសិនបើគ្មានការជូនដំណឹងពីតុលាការ គឺស្មើខ្ញុំអត់ដឹងពីចំណាត់ការតុលាការ»។
លោកយល់ថា ការចោទប្រកាន់កើតឡើង គឺដោយសារកូនក្តីរបស់លោកជាសកម្មជនគណបក្សប្រឆាំង ប្រសិនបើគណបក្សកាន់អំណាចវិញ គឺគ្មានឡើយការចោទប្រកាន់បែបនេះ ហើយអាចមានការសរសើរទៀតផង ពីព្រោះសកម្មភាពដែលគាត់ធ្វើកាលនោះ គឺដើម្បីប្រយោជន៍ពលរដ្ឋទូទៅ។
ជាមួយគ្នានេះ ជំទប់ទី១ ឃុំសូទិព្វ លោក កែវ ហុកគ្រី ដែលបានដឹងរឿងនេះច្បាស់ រំលឹកថា កាលពីឆ្នាំ២០១១ ជំនាន់ លោក ម៉ិច មាឃ ធ្វើជាមេឃុំ គឺគាត់ដឹកនាំធ្វើផ្លូវនៅភូមិបឹងជ្រោយ មួយខ្សែ ដោយឆ្លងកាត់កិច្ចពិភាក្សាពីអាជ្ញាធរស្រុក និងខេត្តផង។ លោកបន្តថា ដោយសារគម្រោងផ្លូវនោះ ត្រូវពង្រីក ហើយពលរដ្ឋដែលមានចំណែកដីប៉ះពាល់ ក៏បានយល់ព្រមបរិច្ចាគ ចំណែកដីខ្លះសម្រាប់ធ្វើផ្លូវដោយមានស្នាមមេដៃបញ្ជាក់ទៀតផង។
លុះគម្រោងធ្វើផ្លូវដំណើរការរួចរាល់ទើបមានពាក្យបណ្ដឹងទៅតុលាការពីសំណាក់ពលរដ្ឋពីរគ្រួសារ ដោយប្ដឹងមេឃុំថា បានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់ពួកគេទៅវិញ។ លោកថា ការសើរើរឿងក្តីចាស់ពេលនេះ គឺធ្វើឱ្យលោកមានក្ដីបារម្ភ ត្បិតអី លោកគឺជាមន្ត្រីអាជ្ញាធរឃុំកាលណោះដែរ ហើយលោកយល់ថា រឿងនេះអាចជាចេតនាបំបាក់ស្មារតីសកម្មជនគណបក្សប្រឆាំងតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
