នាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) ចុះស៊ើបអង្កេតករណីប្ដឹងផ្ដល់គ្នារវាងអាជ្ញាធរក្រុងកំពង់ឆ្នាំង និងគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តនេះ នៅថ្ងៃទី១៣ ខែឧសភា។
ការស៊ើបអង្កេតនេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់មន្ត្រីគណបក្សប្រឆាំង ដែលចោទប្រកាន់ លោក ហៃ មនោរម្យ ជាអភិបាលក្រុង ថាបានចាក់ផ្សាយខ្សែអាត់តាមឧបករណ៍បំពងសំឡេង រារាំងមិនឲ្យប្រជាពលរដ្ឋចូលរួមស្ដាប់ការឃោសនាបោះឆ្នោតរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
គណៈកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង ធ្លាប់បដិសេធលើអង្គហេតុនៃបណ្ដឹងនេះម្ដងរួចហើយ ដោយយល់ថា ខ្លឹមសារទាំងស្រុងនៃការផ្សព្វផ្សាយរបស់អាជ្ញាធរកាលពីយប់ថ្ងៃទី៥ ខែឧសភា គឺគ្រាន់តែចង់រក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងក្រុង មិនមែនជាចេតនារារាំងពលរដ្ឋមិនឲ្យទៅចូលរួមស្ដាប់សារនយោបាយគណបក្សប្រឆាំងនោះទេ។ ប៉ុន្តែ លោក ហែម សម្ផស្ស ដែលជាដើមបណ្ដឹង នៅតែបន្តប្ដឹងករណីនេះទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៀត ដើម្បីឲ្យមានការផ្ដន្ទាទោសទៅតាមច្បាប់ ចំពោះអ្នកដែលខ្លួនគិតថា ប្រព្រឹត្តខុសច្បាប់នោះ។
ប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក កែវ ផល្លា មិនទាន់អាចធ្វើអត្ថាធិប្បាយពិស្ដារជុំវិញករណីនេះបាននៅឡើយទេ ដោយលោកប្រាប់ថា កំពុងស្ថិតនៅក្នុងដំណើរការស៊ើបអង្កេត ប៉ុន្តែការស៊ើបអង្កេតនឹងបញ្ចប់ក្នុងពេលឆាប់ៗ រួចបញ្ជូនទៅកាត់សេចក្ដីនៅមុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកខណ្ឌខេត្តក្រុងអាណត្តិទី២នេះ៖ «ស៊ើបអង្កេតចប់ គឺយើងត្រូវដាក់ចូលទៅក្នុងអង្គប្រជុំគណៈកម្មការជាតិរៀបចំការបោះឆ្នោត ដើម្បីសម្រេចថា តើបណ្ដឹងនេះត្រូវដោះស្រាយបន្តទៀតយ៉ាងណា»។
ដើមបណ្ដឹង និងជាបេក្ខជនក្រុមប្រឹក្សាខេត្តគណបក្សសង្គ្រោះជាតិ លោក ហែម សម្ផស្ស មានប្រសាសន៍ថា គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត កន្លងមកមិនបានកោះហៅភាគីទាំងសងខាងទៅបំភ្លឺ និងធ្វើការកាត់សេចក្ដីអ្វីឡើយ ប៉ុន្តែលោកគិតថា បើការស៊ើបអង្កេតរបស់មន្ត្រីថ្នាក់ជាតិនាពេលនេះ ផ្អែកលើមូលដ្ឋានច្បាប់ នឹងរកឃើញកំហុសជាច្រើនរបស់អាជ្ញាធរ ដូចជា ការប្រមាថ និងការគំរាមកំហែងរារាំងមិនឲ្យប្រជាពលរដ្ឋចូលរួមក្នុងរឿងនយោបាយ៖ «លោក ហៃ មនោរម្យ ជាអភិបាលក្រុងកំពង់ឆ្នាំង ជួលគេដើរចាក់ហ្នឹងន័យចុងក្រោយ គឺគាត់ហាមពលរដ្ឋ សិស្សានុសិស្ស អាជីវករ មន្ត្រីរាជការ កុំឲ្យចូលរួមស្ដាប់ការឃោសនារបស់គណបក្សសង្គ្រោះជាតិ ហើយគេចាត់ទុកថា ជាជនអគតិដែលបង្កឲ្យមានអសន្តិសុខសង្គម»។

ឆ្លើយតបនឹងការចោទប្រកាន់នេះ អភិបាលក្រុងកំពង់ឆ្នាំង លោក ហៃ មនោរម្យ ថ្លែងបញ្ជាក់ថា ការផ្សព្វផ្សាយរបស់អាជ្ញាធរនាពេលនោះ គឺមិនបានប្រមាថមើលងាយ ឬហាមឃាត់ប្រជាពលរដ្ឋមិនឲ្យទៅជួបជុំជាមួយគណបក្សសង្គ្រោះជាតិ នោះទេ ផ្ទុយទៅវិញ ក្រុមការងារថ្នាក់ខេត្តរបស់គណបក្សសង្គ្រោះជាតិ បានដើរឃោសនាថា អាជ្ញាធរមានភាពផ្ដាច់ការដោយមិនផ្ដល់កន្លែងជួបជុំដល់ខ្លួន និងប្រើពាក្យអសុរោះជាច្រើនទៅលើអភិបាលខេត្ត និងក្រុង តាំងពីថ្ងៃទី២ រហូតដល់ថ្ងៃទី៥ ខែឧសភា ដែលជាថ្ងៃកើតហេតុ៖ «ហេតុផលដែលផ្សព្វផ្សាយចំពេលថ្ងៃទី៥ ហ្នឹង គឺដើម្បីឲ្យប្រជាពលរដ្ឋយល់ពីអ្វីដែលគាត់ឃោសនាភូតកុហក បំផ្លើសការពិតតែប៉ុណ្ណឹងទេ អត់មានហេតុផលអីផ្សេងពីហ្នឹងទេ។ ខ្ញុំអត់មានប្រមាថកាតទានគាត់ ឬក៏រារាំងគាត់ទេ មានតែគាត់ហ្នឹងប្រមាថកាតទានគំរាមកំហែងអ្នកដែលខ្ញុំជួលមេក្រូបើកឡានតាក់ស៊ីនោះវិញ»។
កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤ មានឡានពីរគ្រឿងប្រដាប់ដោយឧបករណ៍បំពងសំឡេង បើកផ្សព្វផ្សាយអំពីសន្តិសុខសណ្ដាប់ធ្នាប់ក្នុងក្រុងកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងថា ឡានទាំងនោះត្រូវបានអភិបាលក្រុង លោក ហៃ មនោរម្យ ជួលក្នុងមួយគ្រឿងតម្លៃ ៥ម៉ឺនរៀល ដើម្បីដើរផ្សព្វផ្សាយគំរាមកំហែងប្រជាពលរដ្ឋ និងប្រមាថមើលងាយមន្ត្រីគណបក្សសង្គ្រោះជាតិ ដោយប្រើពាក្យជនអគតិបង្កអសន្តិសុខសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
