គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​តាកែវ​នឹង​រក​មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​ខ្លួន

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​តាកែវ ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​កញ្ញា គណបក្ស​នឹង​រក​មេធាវី​ដើម្បី​ការពារ​ក្ដី​ឲ្យ​លោក ឈា តាំងស៊ន។

អនុ​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​ព្រៃកប្បាស ខែត្រ​តាកែវ ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ខ្លួន​នៅ​ស្នងការ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៅ​ឡើយ បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា។

រដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​ចាប់​ខ្លួន​អ្នក​ដែល​ហ៊ាន​រិះគន់​ចំៗ​ប្រឆាំង​ផែនទី​ក្លែងក្លាយ និង​ពាក់ព័ន្ធ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម ជា​បន្តបន្ទាប់ ដែល​ការ​ចាប់​ខ្លួន​នេះ បាន​កើន​ឡើង​រហូត​ដល់ ១៦​នាក់​ហើយ។ តួលេខ​នេះ គឺ​នៅ​មិន​ទាន់​គិត​ដល់​សកម្មជន​ដីធ្លី បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​យុវជន​ដែល​គំរាម​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) សម្លាប់​លោក សុខ ទូច នៅ​ឡើយ​ផង។

លោក ម៉ៅ សុផល ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ខេត្ត​តាកែវ របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ថា គណបក្ស​ជំទាស់​ប្រចាំ​ខេត្ត​តាកែវ នឹង​ស្វះស្វែង​រក​ជំនួយ​មេធាវី​ពី​អង្គការ​លីកាដូ (LICADHO) ឬ​សមាគម​អាដហុក (ADHOC) ដើម្បី​ជួយ​ការពារ​ក្ដី លោក ឈា តាំងស៊ន នៅ​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​កញ្ញា។ លោក ម៉ៅ សុផល ថ្លែង​បន្ត​ថា ចាប់​ពី​ថ្ងៃ​ចាប់​ខ្លួន​លោក ឈា តាំងស៊ន ​រហូត​មក​ពេល​នេះ សមត្ថកិច្ច​នៅ​បន្ត​ឃុំ​ខ្លួន​លោក​នៅ​ស្នងការ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​តាកែវ នៅ​ឡើយ។ លោក​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ​សុទ្ធសាធ និង​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ដើម្បី​ស្វែងរក​យុត្តិធម៌​ឲ្យ​លោក ឈា តាំងស៊ន៖ «នៅ​ទេ ចាំ​រក អាដហុក ឬ លីកាដូ ដើម្បី​ចាំ​ថ្ងៃ​ច័ន្ទ បាន​រៀបចំ​មេធាវី​ដើម្បី​​ជួយ​គាត់ ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង»

លោក ឈា តាំងស៊ន អនុ​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​ព្រៃកប្បាស ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខេត្ត​តាកែវ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា បន្ទាប់​ពី​សួរ​ចម្លើយ​រួច​នៅ​អធិការ​​ស្រុក​ព្រៃកប្បាស មុន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ស្នងការ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​តាកែវ លោក អ៊ុក សំណាង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា។

មន្ត្រី​ដែល​ស្និទ្ធ​នឹង​លោក ឈា តាំងស៊ន បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​នេះ បន្ទាប់​ពី​លោក ឈា តាំងស៊ន យក​ឯកសារ​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​និយាយ​អំពី​យុទ្ធសាស្ត្រ ២០​ចំណុច​របស់​វៀតណាម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា កន្លង​ទៅ។ ឯកសារ​បាន​សរសេរ​ពី​យុទ្ធសាស្ត្រ ២០​ចំណុច​នោះ​ថា ខ្មែរ​ត្រូវ​តែ​រលាយ​ដោយ​វិធី ២០​យ៉ាង​របស់​វៀតណាម។ ឯកសារ​បន្ត​ថា បំបែក​ញាតិវង្ស​ស្ដេច​ខ្មែរ និង​បន្ថយ​ជំនឿ និង​ពិធី​លើក​បន្តុប​មនុស្ស​លក់​ជាតិ​របស់​ខ្លួន និង​ឲ្យ​កាន់​អំណាច​តំណែង​ជាដើម។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ អះអាង​ថា គិត​មក​ដល់​ពេល​នេះ ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​មួយ​នេះ នៅ​ពុំ​ទាន់​ទទួល​បាន​ការ​ពឹង​ពាក់​រក​មេធាវី​ពី​ជន​រងគ្រោះ​នៅ​ឡើយ​ទេ។ លើស​ពី​នេះ​ទៀត លោក អំ សំអាត អះអាង​ថា ថ្វី​បើ​មាន​បទបញ្ជា​ពី​លោក ហ៊ុន សែន ឲ្យ​ចាប់​ខ្លួន​អ្នក​ដែល​ឈឺ​ឆ្អាល​រឿង​ព្រំដែន​នេះ​ក៏ដោយ​ចុះ ការ​អនុវត្ត​របស់​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ ឬ​កម្លាំង​សមត្ថកិច្ច​តែង​ធ្វើ​ហួស​ព្រំដែន​កំណត់៖ «ទាល់​តែ​មាន​បទបញ្ជា​កន្លង​មក​គឺ​អាជ្ញាធរ​គាត់​អនុវត្ត ហើយ​អនុវត្ត​លើស​ទៅ​ទៀត ដោយ​សារ​តែ​ការ​ភិតភ័យ និង​ការ​អនុវត្ត​តាម​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល។ អ៊ីចឹង​យើង​គិត​ថា អនុវត្ត​តាម​បទបញ្ជា​វា​ហួស​ពី​បទបញ្ជា​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ»

ពាក់ព័ន្ធ​រឿង​នេះ លោក ម៉ៅ សុផល ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ខេត្ត​តាកែវ ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​នៅ​ស្នងការ​ខេត្ត បាន​រឹត​បន្តឹង​សន្តិសុខ​ដ៏​តឹងរ៉ឹង ពុំ​ផ្ដល់​ឲ្យ​សាច់ញាតិ​របស់​ជន​ត្រូវ​ចោទ​គឺ​លោក ឈា តាំងស៊ន បាន​ចូល​សួរ​សុខទុក្ខ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។