យុវជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​តុលាការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​តាម​ដាន

យុវជន​​គណបក្ស​សង្គ្រោះជាតិ​ម្នាក់​ ​ គឺ​លោក​ សាន​ សីហៈ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​ បន្ទាប់​ពី​តុលាការ​បាន​សាកសួរ​រយៈពេល​ ២​ម៉ោង នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៧ សីហា។

​លោក​ សាន​ សីហៈ ត្រូវ​តុលាការ​ចោទ​ប្រ​កាន់​​ពី​បទ​ចូល​រួម​ធ្វើ​​កុបកម្ម​ប្រឆាំង​នឹង​មន្ត្រី​រាជការ​សាធារណៈ​ និង​ហិង្សាដោយ​ចេតនា​ ដែល​បាន​ប្រព្រឹត្ត​នៅទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

តាម​រយៈ​ ​ការ​សម្រេច​របស់​ចៅ​ក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ កែវ​ មុនី សកម្មជន​ជា​យុវជន​របស់​គណបក្ស​សង្គ្រោះជាតិ​ម្នាក់​នេះ នឹង​ត្រូវ​ចូលខ្លួន​​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ២​ដង​ក្នុង ១​ខែ គឺ​នៅ​ថ្ងៃ​ទី​១ និង​ទី​១៥។ លើសពី​នេះ​ទៅ​ទៀត លោក​ សាន​ សីហៈ ត្រូវ​សុំការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ បើសិន​ជា​លោក​ចង់​ផ្លាស់​ប្តូរ​ទីលំនៅ ឬ​ធ្វើ​ដំណើរ​ទៅ​បរទេស។

លោក សាន​ សីហៈ មាន​អាយុ​ ២៦​ឆ្នាំ ជា​លេខាធិការ​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ និង​ជា​ជំនួយការ​លោក​​ ចេប គឹមអ៊ាង​ សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស សម រង្ស៊ី។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា តុលាការ​បាន​កោះហៅសកម្ម​ជនគណបក្ស​សង្គ្រោះជាតិ​ម្នាក់​ គឺ លោក​ អ៊ុក ពេជ្រសំណាង ឱ្យ​មក​បំភ្លឺ​ករណី​ដូច​គ្នា​នេះ​ដែរ ហើយ​នៅ​ថ្ងៃ​ទី​២៨ និង ២៩ យុវជន​គណបក្ស​សង្គ្រោះជាតិ​ ២​នាក់​ទៀត គឺលោក​ អាន​ បឋម និង​លោក ទេព ណារិន​ ក៏​នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​ដែរ ចំពោះ​សំណុំ​រឿង​ដូចគ្នា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។