តុលាការ​សម្រេច​ដាក់​​យុវជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​ឲ្យ​ស្ថិត​ក្រោម​ការ​តាម​ដាន

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុនី ​នៅ​ថ្ងៃ​ទី​២៨ សីហា បាន​សម្រេច​ដាក់​​យុវជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត គឺ​លោក អាន បឋម ​​ អោយ​ស្ថិត​ក្រោម​ការ​តាម​ដាន​របស់​តុលាការ។

លោក អាន បឋម ឲ្យ​ដឹង​ក្រោយ​ពេល​តុលាការ​សាកសួរ​ថា លោក​ចៅក្រម កែវ មុនី បាន​សាកសួរ​លោក​ជាច្រើន​ទាក់ទង​ទៅ​នឹង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ តែ​លោក​មិន​បាន​ដឹង និង​មិន​បាន​ពាក់ព័ន្ធ​រឿង​នោះ​ទេ៖ «(តុលាការ)សួរ​ច្រើន​ណាស់​ខ្ញុំ​ចាំ​អត់​អស់​ដែរ សួរ​តែ​រឿង​ពាក់ព័ន្ធ​នៅ​ទីលាន (ប្រជាធិបតេយ្យ)។ ខ្ញុំ (ឆ្លើយ) អត់​ដឹង ព្រោះ​ខ្ញុំ​អត់​ដឹង។ ខាង​តុលាការ​គេ​នៅ​តាម​ដាន​សំណុំ​រឿង​បន្ត​ទៀត គាត់​អត់​មាន​ឃុំ​ខ្លួន​ទេ តែ​គាត់​ដាក់​លក្ខខណ្ឌ​ឲ្យ​យើង»

លោក អាន បឋម បន្ត​ថា លោក​ចៅក្រម​បាន​ដាក់​ខ្លួន​លោក​ក្នុង​ការ​តាមដាន​យ៉ាង​តឹងតែង ដូច​ជា​​ត្រូវ​ចូលខ្លួន​​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ២​ដង​ក្នុង​១​ខែ ត្រូវ​សុំ​​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ បើ​សិន​ជា​លោក​ចង់​ផ្លាស់​ប្ដូរ​ទីលំនៅ ឬ​ធ្វើ​ដំណើរ​ទៅ​បរទេសជាដើម។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ៥​នាក់ ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ទាក់ទង​រឿង​ប្រើ​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ដែល​បណ្ដាល​ឲ្យ​កង​សន្តិសុខ​និង​អ្នក​តវ៉ា​ជិត ៤០​នាក់​រង​របួស ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ក្រុម​បាតុករ​ជា​អ្នក​គាំទ្រ​​បក្ស​សង្គ្រោះ​ជាតិ។​

សកម្មជន​ដែល​តុលាការ​កោះហៅ​ទាំង​នោះ​មាន​ដូច​ជា លោក​ សាន​ សីហៈ លោក​ អ៊ុក ពេជ្រសំណាង លោក ទេព ណារិន លោក អាន បឋម និង​លោក មៀច សុវណ្ណារ៉ា ជា​ដើម។

តុលាការ​បាន​សាកសួរ​សកម្មជន​ទាំងនោះ​ ៣​នាក់​ហើយ នៅ​ក្នុង​ខែ​សីហា នេះ។ នៅ​សល់​តែ​លោក ទេព ណារិន ដែល​នឹង​ត្រូវ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៩ សីហា និង​លោក មាជ សុវណ្ណារ៉ា ​នឹង​ចូល​ខ្លួន​បន្ត​នៅ​ពេល​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។