សហគមន៍ការពារព្រៃឈើភូមិអន្លង់ក្រមួន ខេត្តស្ទឹងត្រែង អំពាវនាវឲ្យតុលាការពន្លឿននីតិវិធីលើសំណុំរឿងរបស់សហគមន៍ ដែលប្ដឹងអាជ្ញាធរមូលដ្ឋាន និងឈ្មួញមួយចំនួនរឿងឈូសឆាយដីព្រៃសហគមន៍។ សហគមន៍ថា ពួកគេមានសង្ឃឹមតិចណាស់ចំពោះចំណាត់ការតាមប្រព័ន្ធតុលាការ ថាអាចផ្ដល់យុត្តិធម៌ឲ្យសហគមន៍ ខណៈសំណុំរឿងនេះបានអូសបន្លាយជាង ៣ឆ្នាំមកហើយ។
ប្រជាសហគមន៍ការពារព្រៃឈើភូមិអន្លង់ក្រមួន ឲ្យដឹងនៅថ្ងៃទី២២ សីហា ថា តំណាងអយ្យការខេត្តស្ទឹងត្រែង បានកោះហៅសហគមន៍ដែលជាដើមបណ្ដឹង ៤នាក់មកឆ្លើយបំភ្លឺកាលពីដើមខែកក្កដា ឆ្នាំ២០១៦ សំណុំរឿងឈូសឆាយព្រៃសហគមន៍ជាប់ពាក់ព័ន្ធមេភូមិ មេឃុំ និងឈ្មួញ។ សំណុំរឿងនេះ សហគមន៍បានចោទមេភូមិ និងមេឃុំ ថាជាអ្នកនៅពីក្រោយខ្នងនៃសកម្មភាពកាប់បំផ្លាញព្រៃសហគមន៍ជាបន្តបន្ទាប់តាំងពីឆ្នាំ២០១២។
តំណាងសហគមន៍ លោក ថាន់ វ៉ន មើលឃើញថា តុលាការហាក់ដូចជាស្ទាក់ស្ទើរកាត់ក្តីសំណុំរឿងនេះ បើទោះបីជាសហគមន៍មានភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានជាប់ពាក់ព័ន្ធការកាប់ព្រៃរានយកដីក៏ដោយ។ លោកថា ការស្វែងរកដំណោះស្រាយតាមរយៈប្រព័ន្ធតុលាការ ជាជម្រើសចុងក្រោយរបស់ពួកគេ ខណៈសហគមន៍បានស្វែងរកអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋាន រហូតដល់ថ្នាក់ជាតិ តែពុំមានលទ្ធផល។ លោកកត់សម្គាល់ថា ព្រៃការពារសហគមន៍ភូមិអន្លង់ក្រមួន ត្រូវបានគេកាប់បំផ្លាញប្រមាណជាង ៤០០ហិកតារ និងគ្រប់គ្រងជាកម្មសិទ្ធិបុគ្គល។ បន្ទាប់ពីការកាប់បំផ្លាញ ឈ្មួញបានដាំដំឡូងមី និងសង់ខ្ទមជាង៥០ ក្នុងបរិវេណដីព្រៃសហគមន៍នោះ៖ « ដល់ពេលប្ដឹងទៅគាត់ ( មេឃុំ ) អំពាវនាវប្រាប់ប្រជាពលរដ្ឋថា សហគមន៍រកប្ដឹងប្រជាពលរដ្ឋ។ ពលរដ្ឋកាប់ព្រៃមិនបានអីមិនបាន ដល់ពេលគាត់ទៅលើនៅតុលាការ គាត់និយាយថា គាត់បង្កើតធ្វើម៉េចបើពលរដ្ឋសុទ្ធតែក្រីក្រ ក្នុងប្រទេសគេកំពុងតែអភិវឌ្ឍ។ ខ្ញុំថា អភិវឌ្ឍមែនហើយ តែរដ្ឋាភិបាលគេមានកន្លែងអភិវឌ្ឍ »។
លោក ថាន់ វ៉ន បន្ថែមថា សហគមន៍ភូមិអន្លង់ក្រមួន បានដាក់ពាក្យប្ដឹងអ្នកពាក់ព័ន្ធដែលជាឈ្មួញចំនួន ២នាក់ផ្សេងទៀត ឈ្មោះ មាស សុខសាន និង ដេត ទៅតំណាងអយ្យការនៃសាលាដំបូងខេត្តស្ទឹងត្រែង តាំងពីឆ្នាំ២០១៣។ ចំណែកឈ្មួញទាំងនោះបានសន្យាចំពោះមុខតុលាការថា នឹងប្រគល់ដីឲ្យសហគមន៍វិញ ក៏ប៉ុន្តែតួលេខដែលឈ្មួញកាប់ទន្ទ្រាននោះហាក់មិនសមាមាត្រគ្នា និងការប្រគល់ឲ្យសហគមន៍នោះឡើយ៖ « អស់ខ្ញុំអ្នកទប់ស្កាត់គ្មានឥទ្ធិពល ដោយសារតែមេឃុំ និងមេភូមិអត់ទទួលស្គាល់។ មិនទទួលស្គាល់ពួកខ្ញុំបម្រើសហគមន៍ក៏ហីទៅចុះ តែគាត់អត់ទទួលស្គាល់ត្រារបស់គាត់ផង ត្រាឈ្មោះផង ត្រាឃុំផង។ គាត់ចាត់ទុកថា ច្បាប់វាអត់ប្រយោជន៍។ ព្រៃនេះវាកាត់តែរិចរិលទៅហើយ »។

ព្រៃសហគមន៍ភូមិអន្លង់ក្រមួន មានផ្ទៃដីចំនួន ៨១០ហិកតារ ឋិតនៅឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយពុំទាន់ចុះបញ្ជីជាដីសមូហភាពសហគមន៍ស្របច្បាប់ឡើយ ក៏ប៉ុន្តែមានតែផែនទីកំណត់ទំហំផ្ទៃដីគ្រប់គ្រង ដែលរៀបចំឡើងដោយមន្ត្រីរដ្ឋបាលព្រៃឈើ និងមានការជួយជ្រោមជ្រែងដោយអង្គការមិនមែនរដ្ឋាភិបាល។ សហគមន៍អះអាងថា អាជ្ញាធរឃុំធ្លាប់ទទួលស្គាល់ដីព្រៃសហគមន៍នេះ និងធ្លាប់ធ្វើលិខិតស្នើសុំទៅអាជ្ញាធរស្រុក ក៏ប៉ុន្តែត្រូវបានអាក់ខានដោយលោកអតីតអភិបាលស្រុកបដិសេធ។
ឆ្លើយតបការចោទប្រកាន់នេះ មេឃុំស្រែឫស្សី លោក លួន ណាន បញ្ជាក់ថា ដីព្រៃសហគមន៍ភូមិអន្លង់ក្រមួន ពុំទាន់ទទួលស្គាល់ជាផ្លូវការនៅឡើយ។ ហេតុនេះ ការកាន់កាប់ គឺធ្វើឡើងដោយខុសច្បាប់។ លោកថា ពលរដ្ឋបានកាប់ឆ្ការបន្តិចបន្តួចនៅកន្ទុយដីពង្រីកផ្ទៃដីកសិកម្ម។ លោកកត់សម្គាល់ថា កាលពីឆ្នាំ២០១៣ មានពលរដ្ឋចំនួន ១៨០នាក់ ធ្លាប់បានផ្ដិតមេដៃមិនទទួលស្គាល់សហគមន៍ការពារព្រៃឈើអន្លង់ក្រមួន ដោយលើកហេតុផលថា សហគមន៍បានរារាំងអ្នកភូមិមិនឲ្យកាប់ឆ្ការព្រៃបន្តិចបន្តួច ដើម្បីយកដីធ្វើចម្ការជាលក្ខណៈគ្រួសារ៖ « អាជ្ញាធរភូមិ - ឃុំក៏ហាមទប់ស្កាត់ដែរ ( ការទន្ទ្រានដី ) ក៏ប៉ុន្តែហាមមិនបានដោយសារអី ដោយសារគាត់បទល្មើសគាត់ចេះតែកាប់រំលំ។ គម្រោងការរបស់ឃុំ ទប់ស្កាត់ពេលលើផែនការ គឺទប់ស្កាត់ព្រៃឈើមិនឲ្យភាពអនាធិបតេយ្យរុករានដីរដ្ឋ។ ធ្វើឯកជនវាខុសច្បាប់។ ដូច្នេះខំដែរ តែវាទប់មិនបាន ព្រោះថាមនុស្សវាកើនផ្ទៃដីឃុំវាតិច »។
អាស៊ីសេរី មិនអាចទាក់ទងប្រធានសាលាដំបូងខេត្តស្ទឹងត្រែង លោក អៀង គឹមថុល ដើម្បីសុំការបំភ្លឺករណីនេះបានទេនៅថ្ងៃទី២២ សីហា ព្រោះទូរស័ព្ទមិនអាចទាក់ទងបាន។
តំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ផាត់ ថៃ ធ្លាប់មានប្រសាសន៍ថា តំណាងអយ្យការបានចុះធ្វើការអង្កេតលើសំណុំរឿងនេះ និងបានដាក់ជូនប្រធានចៅក្រមខេត្តរួចរាល់ហើយកាលពីចុងឆ្នាំ២០១៤ ដើម្បីពិនិត្យសម្រេច។ លោកបង្ហើបថា ករណីនេះអាជ្ញាធរមូលដ្ឋានអាចជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើផ្អែកតាមច្បាប់ព្រៃឈើឆ្នាំ២០០២ មាត្រា១០០។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល ថ្លែងថា ប្រមុខរដ្ឋាភិបាលធ្លាប់ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ លើកទឹកចិត្តដល់សហគមន៍ការពារព្រៃឈើ និងជួយជ្រោមជ្រែងឲ្យសហគមន៍គ្រប់គ្រងដីព្រៃស្របច្បាប់ ដើម្បីសង្គ្រោះធនធានធម្មជាតិនៅសេសសល់ចុងក្រោយ។ លោកមើលឃើញថា ការសហការគ្នាជាមួយសហគមន៍ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើរបស់អាជ្ញាធរ និងមន្ត្រីរដ្ឋបាលព្រៃឈើឋិតនៅភាពផុយស្រួយនៅឡើយ បណ្ដាលឲ្យបទល្មើសទ្រង់ទ្រាយធំនៅតែបន្តកើតមាន។ លោកបារម្ភថា នីតិវិធីរបស់សាលាដំបូងខេត្តស្ទឹងត្រែង ដែលអូសបន្លាយពេលនេះ ប៉ះពាល់ដល់ដំណើរការអភិរក្សព្រៃឈើរបស់សហគមន៍ដែលកំពុងរងការកាប់ទន្ទ្រានជាប្រព័ន្ធ ខណៈសហគមន៍មិនទាន់មានលទ្ធភាពអភិរក្សព្រៃសហគមន៍ និងការចុះល្បាតរឹងមាំនៅឡើយទេ៖ « ប្រសិនបើតុលាការនៅតែមិនធ្វើការចោទប្រកាន់ ឬចោទប្រកាន់ហើយដាក់ទោសទណ្ឌតិចពេក វាអាចជាគំរូមួយអាក្រក់ដល់ឲ្យឧក្រិដ្ឋជនក្រោយៗវាអត់ខ្លាច។ យើងអត់ទាន់ឃើញតុលាការក៏ដោយ ជាចៅក្រមជម្រះណាដាក់ជនល្មើសឲ្យចេញជាដុំកំភួន »។
ច្បាប់ព្រៃឈើឆ្នាំ២០០២ មាត្រា១០០ ចែងថា សកម្មភាពទាំងឡាយណាដែលធ្វើឡើងដោយអាជ្ញាធរដែនដី ឬមន្ត្រីអាជ្ញាធរផ្សេងទៀតដើម្បីធ្វើការអន្តរាគមន៍ផ្តល់ការអនុញ្ញាតដោយផ្ទាល់ ឬដោយប្រយោល ជួយដល់អាជីវកម្មព្រៃឈើ និងធ្វើសកម្មភាពគ្រប់យ៉ាងផ្ទុយពីបទបញ្ញត្តិនៃច្បាប់ ត្រូវចាត់ទុកជាបទល្មើសត្រូវផ្ដន្ទាទោសពី ១ឆ្នាំទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀលទៅ ១០០លានរៀល។
ប្រពៃណីចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិចកួយ ដូចជាបោចវល្លិ រកឃ្មុំ បរបាញ់សត្វ បេះបន្លែផ្លែឈើ និងដងជ័រជាដើម។ ប្រពៃណីនេះគឺជាដង្ហើមនៃរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋជនជាតិដើមភាគតិចកួយ តាំងពីដើមមក។ ការថែរក្សាព្រៃឈើឲ្យគង់វង្ស គឺជាបំណងប្រាថ្នារបស់ជនជាតិដើមភាគតិច និងជាផ្នែកមួយជួយអភិរក្សបរិស្ថានធម្មជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
