ក្រុមកម្មករនិងសហជីពរិះគន់ថា សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសហជីព នឹងនាំឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់សហជីព ដែលបំពេញការងារជួយការពារប្រយោជន៍កម្មករ និយោជិត ប្រសិនបើច្បាប់នេះត្រូវបានអនុម័តមែននោះ។
ផ្ទុយពីការរិះគន់នេះ រដ្ឋមន្ត្រីក្រសួងការងារ បែរជាអះអាងថា ច្បាប់នេះនឹងលើកស្ទួយសិទ្ធិសេរីភាពរបស់សហជីព និងអង្គការវិជ្ជាជីវៈនៅកម្ពុជា ទៅវិញ ហើយថា សេចក្ដីព្រាងច្បាប់នេះ អាចនឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗ។
ទាំងសហជីព និងកម្មកររិះគន់ថា ច្បាប់សហជីពនឹងមិនជួយលើកស្ទួយសិទ្ធិ និងសេរីភាពជូនសហជីព និងកម្មករនោះឡើយ។ ពួកគេចង់ឃើញរដ្ឋាភិបាលទម្លាក់ចោលច្បាប់គ្រប់គ្រងសហជីព ព្រោះពួកគេយល់ថា ច្បាប់នេះ មិនទាន់សក្ដិសមនឹងស្ថានភាពសហជីព និងកម្មករនៅកម្ពុជា បច្ចុប្បន្ននៅឡើយ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ថា លោកមិនជំទាស់ទេ បើសិនរដ្ឋាភិបាលពិនិត្យលើសំណើរបស់សហជីពជាង ៣០ចំណុចលើសេចក្ដីព្រាងច្បាប់នេះ ដែលបានដាក់ជូនក្រសួងការងារ ជុំវិញក្ដីបារម្ភលើច្បាប់នេះ កាលពីពេលកន្លងទៅ។ ប៉ុន្តែលោក អាត់ ធន់ រិះគន់ថា ច្បាប់សហជីពដែលបច្ចុប្បន្នស្ថិតនៅក្នុងដៃក្រសួងការងារនៅឡើយ បានធ្វើឲ្យក្រុមសហជីព និងកម្មករនៅកម្ពុជា កំពុងព្រួយបារម្ភ។
លោកថា មានចំណុចមួយចំនួនក្នុងច្បាប់នេះ រឹតត្បិតសេរីភាពរបស់សហជីព ហើយចំណុចដែលរឹតត្បិតខ្លាំង គឺការកំណត់ចំនួនកម្មករពី ២០% ទៅ ២៥% សម្រាប់បង្កើតសហជីព និងការពិន័យថ្នាក់ដឹកនាំសហជីព។
ប្រធានសហភាពការងារកម្ពុជា រូបនេះ បានបញ្ជាក់ពីជំហររបស់លោកថា លោកចង់ឲ្យរដ្ឋាភិបាលទម្លាក់ចោលច្បាប់នេះ ព្រោះនៅពេលច្បាប់នេះ ត្រូវបង្កើតឡើងនឹងធ្វើឲ្យប៉ះពាល់ដល់សេរីភាពរបស់កម្មករគ្រប់វិស័យទាំងអស់នៅកម្ពុជា ដូច្នេះរដ្ឋាភិបាលត្រូវតែពិចារណាពីផលប៉ះពាល់នៃច្បាប់នេះទៅលើសេរីភាពសហជីព និងអត្ថប្រយោជន៍របស់កម្មករ៖ «ខ្ញុំមិនជំទាស់ទេ បើច្បាប់នេះធ្វើយ៉ាងណាស្របទៅតាមអនុសញ្ញាអន្តរជាតិ ស្របតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា វាអាចនឹងប្រសើរ តែបើវាមានចំណុចខ្វះចន្លោះ ច្បាប់នេះនឹងប៉ះពាល់ស្ទើរគ្រប់វិស័យនៅកម្ពុជា ពិសេសកម្មករដែលមានចំណូលតិចតួច ពួកយើងជាសហជីពនឹងធ្វើការទាមទារនានា ឲ្យមានការកែប្រែច្បាប់នេះ»។
ទន្ទឹមនឹងនេះ កម្មកររោងចក្រមកពីរោងចក្រ វីនស៊ីនតិច នៅខណ្ឌឫស្សីកែវ កញ្ញា ហ៊ីម ស្រី បានលើកឡើងថា កម្មកររោងចក្រនៅកម្ពុជា ភាគច្រើនជួបគ្រោះថ្នាក់ការងារដែលក្នុងនោះមានទាំងបរិស្ថានកន្លែងការងារមិនល្អ ប្រាក់ខែតិច និងមិនបានសម្រាកគ្រប់គ្រាន់ជាដើម ដែលបញ្ហាទាំងនេះត្រូវទាមទារឲ្យមានសហជីពជួយដោះស្រាយជូនកម្មករ។
កម្មកររូបនេះព្រួយបារម្ភថា ច្បាប់នេះនឹងមិនជួយលើកស្ទួយសិទ្ធិសហជីព និងកម្មករនោះទេ ផ្ទុយទៅវិញ ច្បាប់នេះនឹងធ្វើឲ្យកម្មករបាត់បង់សេរីភាព និងរងការរំលោភសិទ្ធិកាន់តែខ្លាំងពីថៅកែរោងចក្រ៖ «ខ្ញុំយល់ថា ច្បាប់គ្រប់គ្រងសហជីពមិនត្រឹមតែប៉ះពាល់ដល់ជីវភាពរស់នៅរបស់កម្មករនៅក្នុងតែវិស័យកាត់ដេរប៉ុណ្ណោះ ហើយខាងពួកខ្ញុំកម្មករ មិនចង់ឲ្យរដ្ឋាភិបាលចេញច្បាប់នេះនោះទេ ព្រោះពួកកម្មករបានមកដល់ថ្ងៃនេះ គឺដោយសារតែមានសហជីពជួយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ដើម្បីឆ្លើយតបជុំវិញការរិះគន់របស់ក្រុមសហជីព និងកម្មករបាននៅឡើយ នៅថ្ងៃទី៣០ ខែកក្កដា។ ប៉ុន្តែកាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំត្រីភាគីលើសេចក្ដីព្រាងច្បាប់សហជីពនៅឯទីស្ដីការក្រសួងថា ច្បាប់នេះមិនត្រឹមតែបង្កើតឡើងដើម្បីលើកស្ទួយសិទ្ធិ និងសេរីភាពរបស់អង្គការសហជីព និងអង្គការវិជ្ជាជីវៈនៅកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែច្បាប់នេះក៏ជួយទប់ស្កាត់នូវបាតុភាពណាមួយដែលអាចបង្កអសន្តិសុខដល់សង្គមជាតិផងដែរ។
សេចក្ដីព្រាងច្បាប់សហជីពដែលក្រសួងការងារអះអាងថា មានប្រមាណជិត ១០០មាត្រា កំពុងសិ្ថតនៅក្នុងដៃក្រសួងការងារនៅឡើយ ហើយនឹងត្រូវដាក់ទៅកាន់ទីស្ដីការគណរដ្ឋមន្ត្រីយ៉ាងយូរបំផុតក្នុងខែសីហា ខាងមុខនេះ។ ជាងនេះទៀត ក្រសួងការងាររំពឹងថា បើគ្មានអ្វីប្រែប្រួលទេ ច្បាប់នេះនឹងអាចដាក់ជូនរដ្ឋសភាអនុម័ត យ៉ាងយូរបំផុតចុងឆ្នាំ២០១៥ នេះ។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងការងារ មិនអាចបញ្ជាក់បានឡើយចំពោះការកែប្រែ ឬការលុបចោលចំណុចណាមួយនៃសេចក្ដីព្រាងច្បាប់នោះ ដោយសារតែកំពុងស្ថិតក្នុងការពិភាក្សានៅឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កាលពីថ្ងៃទី៨ ខែមិថុនា កន្លងទៅ បានចេញសេចក្ដីអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យកែលំអសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពឲ្យស្របតាមបទដ្ឋានអន្តរជាតិ និងដាក់ឲ្យមានការពិគ្រោះយោបល់ជាសាធារណៈ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ចាត់ទុកសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពថា ជាមហន្តរាយមួយដល់សិទ្ធិមនុស្សរបស់កម្មករ។
លើសពីនេះ នៅក្នុងសេចក្ដីអំពាវនាវរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បានសរសេរថា សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពកម្ពុជា នឹងរំលោភសិទ្ធិស្ដីពីការរៀបចំសមាគម ហើយក៏ជាជំហានដើរថយក្រោយដ៏ធំមួយចំពោះការលើកកម្ពស់សិទ្ធិកម្មករនៅកម្ពុជា។
សហជីពអះអាងថា មានចំណុចមួយចំនួននៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ដែលក្រុមសហជីពព្រួយបារម្ភ និងចង់ឲ្យរដ្ឋាភិបាលពិចារណាមុននឹងអនុម័តច្បាប់នេះ រួមមានសិទ្ធិក្នុងការបង្កើតសហជីព សិទ្ធិក្នុងការតាក់តែងលក្ខន្តិកៈ សិទ្ធិក្នុងការពារលើកតម្កើងសហជីព សិទ្ធិក្នុងការតវ៉ាបាតុកម្ម និងកូដកម្ម។ សិទ្ធិអនុសញ្ញារួមដែលមានចែងក្នុងមាត្រា៦១ ការដាក់ទណ្ឌកម្ម និងផាកពិន័យសហជីព ដែលធ្វើឲ្យប៉ះពាល់ដល់ការទាមទារប្រយោជន៍ជូនកម្មករដែលមានចែងនៅក្នុងមាត្រា ៧៨ ៨០ និង ៨១ ព្រមទាំងចំណុចមួយចំនួនទៀតដែលមានចែងក្នុងសេចក្ដីព្រាងច្បាប់នេះ។
ទាំងសហជីព និងកម្មករយល់ថា ប្រសិនបើរដ្ឋាភិបាលអនុម័តមែននោះ វានឹងមិនធានាដល់ការការពារសិទ្ធិសេរីភាពរបស់កម្មករ និងសហជីពឡើយ ហើយពួកគេអំពាវនាវឲ្យរដ្ឋាភិបាលដកសេចក្ដីព្រាងច្បាប់នេះវិញ ហើយដាក់ឲ្យមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញ សមាជិកសហជីព និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីកែលំអឲ្យស្របតាមបទដ្ឋានអន្តរជាតិ មុនពេលបញ្ជូនឲ្យសភាអនុម័ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
