មន្ត្រី​មូលដ្ឋាន​នៅ​រតនគិរី​រង​ការ​ប្ដឹង​ពី​បទ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ភូមិ

ខណៈ​ពេល​តុលាការ​ខេត្ត​រតនគិរី កំពុង​ស៊ើប​អង្កេត​សំណុំ​រឿង​ចោទ​ប្រកាន់​មន្ត្រី​អាជ្ញាធរ​ថា បាន​លក់​ដី​ព្រៃ​ឈើ​ជាង ៤០០​ហិកតារ នៅ​ស្រុក​អូរយ៉ាដាវ។ ប្រជាពលរដ្ឋ​សហគមន៍​ជា​ដើម​បណ្ដឹង​អះអាង​ថា មេ​ភូមិ​បាន​ប្រើប្រាស់​អាជ្ញាធរ​ប្រពៃណី​ប៉ុនប៉ង​បណ្ដេញ​លោក​ចេញ​ពី​សហគមន៍ ដោយសារ​តែ​លោក​មិន​ព្រម​ដក​ពាក្យ​បញ្ឈប់​ប្ដឹង​ពី​ករណី​នេះ។

0:00 / 0:00

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ខេត្ត​រតនគិរី នៅ​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៣ ឲ្យ​ដឹង​ថា មន្ត្រី​ថ្នាក់​មេ​ភូមិ និង​ជំនួយ​ការ​ភូមិ​តេន ឃុំ​យ៉ាទុង កំពុង​រង​ការ​ប្ដឹង​តាម​ផ្លូវ​តុលាការ​ពី​បទ​រើសអើង គំរាម​កំហែង​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ភូមិ។

សេចក្ដី​អះអាង​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ភូមិ​តេន លោក រម៉ាស់ ស្វាង អាយុ ៤៧​ឆ្នាំ ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ កាល​ពី​ថ្ងៃ​សុក្រ ទី​១៧ ខែ​ឧសភា បាន​មក​ការិយាល័យ​សមាគម​អាដហុក សុំ​ឲ្យ​សមាគម​នេះ​ជួយ​អន្តរាគមន៍​ពាក្យ​ប្ដឹង​មេ​ភូមិ​តេន លោក សល់ ជី និង​ជំនួយ​ការ​ភូមិ លោក សេវ ធ្វី ជូន​មន្ត្រី​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​រតនគិរី។

ដើម​បណ្ដឹង​លោក រម៉ាស់ ស្វាង មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​ភូមិ​ទាំង​ពីរ​បាន​រៀប​ចំ​គម្រោង​ប្រើប្រាស់​អាជ្ញាធរ​ប្រពៃណី​ប្រជុំ​បណ្ដេញ​លោក​ចេញ​ពី​ភូមិ ដោយសារ​តែ​លោក​បាន​ប្ដឹង​មន្ត្រី​មូលដ្ឋាន​ឃុំ​ពី​បទ​លក់​ដី​ព្រៃ​ឈើ។

លោក​បន្ត​ថា នេះ​គឺ​ជា​ការ​គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​រស់​នៅ​របស់​លោក និង​រំលោភ​ទៅ​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ៖ «ធ្វើ​ខុស​អ៊ីចឹង ខ្ញុំ​ប្ដឹង​ហ្នឹង​ហើយ បើ​សិន​យើង​ទុក​ចោល​អ៊ីចឹង​វា​មក​បន្ត​ធ្វើ​អាក្រក់​ត​ទៅ​ទៀត។ ចង់​ឲ្យ​ថ្នាក់​លើ​ជួយ​ណែនាំ​គេ​កុំ​ឲ្យ​គេ​ធ្វើ​បន្ត​ទៀត»

យោង​ពាក្យ​បណ្ដឹង​របស់​លោក រម៉ាស់ ស្វាង ដែល​ប្ដឹង​មន្ត្រី​ភូមិ​ទាំង​ពីរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៣ លោក​បាន​ឃើញ​មាន​ការ​ប្រជុំ​សម្ងាត់​មួយ ក្នុង​នោះ​មាន​សមាសភាព​មេឃុំ​ ជំទប់​ទី​១​ឃុំ មេ​ប៉ុស្តិ៍ ជា​ជន​ដែល​លោក​បាន​ប្ដឹង​ពី​បទ​លក់​ដី​ព្រៃ​ជាង ៤០០​ហិកតារ កាល​ពី​ឆ្នាំ​២០១១ និង​មាន​ជំនួយ​ការ​ភូមិ និង​មេ​ភូមិ​ចូល​រួម​ផង។ ពួកគេ​បាន​ប្រជុំ​គ្នា​នៅ​ក្រោម​ផ្ទះ​ឈ្មោះ រម៉ាស អ៊ុក ប៉ុន្តែ​លោក​មិន​ដឹង​ថា ពួក​គេ​ប្រជុំ​ពី​រឿង​អ្វី​ទេ។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៣ វេលា​ម៉ោង ៦​ល្ងាច ឪពុក​ក្មេក និង​ប្អូន​ថ្លៃ​របស់​លោក បាន​ចូល​មក​ផ្ទះ ហើយ​សុំ​ឲ្យ​លោក​ដក​ពាក្យ​ប្ដឹង​មន្ត្រី​ឃុំ​វិញ ប៉ុន្តែ​លោក​មិន​យល់​ព្រម។

លុះ​ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៣ វេលា​ម៉ោង ៦ និង ២៣​នាទី​ល្ងាច ឪពុក​ក្មេក និង​មេ​កន្ទ្រាញ បាន​ជួប​លោក​មក​ម្ដង​ទៀត ដើម្បី​បញ្ជាក់​ពី​ករណី​នេះ ប៉ុន្តែ​លោក​បាន​បដិសេធ​ដដែល។ បន្ទាប់​មក​លោក​បាន​ឮ​សំឡេង​មេក្រូ គឺ​សំឡេង លោក សេវ ធ្វី បាន​ជិះ​ម៉ូតូ​កាន់​មេក្រូ​ស្រែក​ហៅ​ជុំវិញ​ភូមិ​ថា ចូល​ប្រជុំ​ទាំង​ក្មេង​ទាំង​ចាស់​យប់​នេះ យើង​នឹង​ប្រជុំ​ពី​មនុស្ស​ម្នាក់​ដែល​បាន​ប្ដឹង​យើង​ពី​មុន​នោះ ​និង​បាន​ប្រកាស​ចេញ​ពី​រោង​​​​ប្រជុំ​ភូមិ​ថា តើ​យើង​ទាំង​អស់​គ្នា​ចង់​ទុក​វា​នៅ​​​ទីនេះ ឬ​ចង់​បណ្ដេញ​​វា​ចេញ? បើ​យើង​ទុក​វា​នៅ​ទី​នេះ​ទៀត យើង​នឹង​ដួល​រលំ​ដោយសារ​វា​ម្នាក់។ ឮ​សំឡេង​​​ប្រកាស​ដូច្នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​​បាន​ស្រែក​ឡើង​ថា បណ្ដេញ​ចេញៗ អ្នក​ខ្លះ​ថា សម្លាប់​វា​ចោលៗ ខ្លះ​ថា ចាប់​ដាក់​គុកៗ និង​ខ្លះ​ទៀត​ថា ដុត​ផ្ទះ​វា​ចោល​ឲ្យ​វា​ចេញ​ពី​ទី​នេះ។ ដោយ​ភ័យ​ខ្លាច​បញ្ហា​នេះ លោក​និង​គ្រួសារ​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ភូមិ​ទាំង​យប់​ដើម្បី​សុវត្ថិភាព។

ឆ្លើយ​តប​បញ្ហា​នេះ មេ​ភូមិ​តេន លោក សល់ ជី បដិសេធ​ថា សេចក្ដី​ចោទ​ប្រកាន់​ថា មិន​ពិត គឺ​លោក​ប្រជុំ​អ្នក​ភូមិ​ក្នុង​គម្រោង​បណ្ដេញ​ក្រុមហ៊ុន​សម្បទាន​ដែល​ឈូស​ឆាយ​ព្រៃ​សហគមន៍​ទៅ​វិញ​ទេ៖ «កុំ​ជឿ​បើ​ជឿ​អ៊ីចឹង​ងាប់​ហើយ ចេះ​តែ​វាយ​ប្រហារ​គេ​អ៊ីចឹង​អត់​បាន​ទេ»

យ៉ាង​នេះ​ក្ដី​ប្រជាពលរដ្ឋ​ភូមិ​តេន ដែល​បាន​ចូល​រួម​ប្រជុំ​ជាមួយ​មេ​ភូមិ ​គឺ​លោក រម៉ាស វែត មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មេ​ភូមិ​ពិត​ជា​បាន​ប្រជុំ​ចលនា​ឲ្យ​អ្នក​ភូមិ​មាន​ចាស់​ទុំ មេ​កន្ទ្រាញ បណ្ដេញ​លោក រម៉ាស ស្វាង ចេញ​ពី​ភូមិ និង​សុំ​ឲ្យ​អ្នក​ភូមិ​រៃ​ប្រាក់​មួយ​គ្រួសារ ២០០​ដុល្លារ ដើម្បី​យក​ប្រាក់​នោះ​ប្រើប្រាស់​យក​ឈ្នះ​តាម​ផ្លូវ​តុលាការ​ក្នុង​រឿង​ក្តី​ជាមួយ​លោក រម៉ាស់ ស្វាង៖ «ជយោ! ពួក​យើង​ដេញ​គាត់​ចេញ​ពី​ទី​នេះ កុំ​ឲ្យ​គាត់​នៅ​នេះ គេ​ថា អ៊ីចឹង។ ...មាន​ភាគ​តិច​ទេ​មិន​ចង់​ឲ្យ​គាត់​ទៅ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​លោក​បាន​រៀបចំ​ពាក្យ​បណ្ដឹង​ករណី​នេះ​ជូន​មន្ត្រី​ស្ថាប័ន​អយ្យការ​រួច​ហើយ។ លោក​បន្ត​ថា ប្រសិន​មេ​ភូមិ​ធ្វើ​ដូច្នេះ​មែន ​គឺ​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស៖ «ប្រើ​តួនាទី​ក្នុង​អាជ្ញាធរ​បណ្ដេញ​ចេញ​គឺ​ជា​លក្ខណៈ​ខុស​ច្បាប់»

កាល​ពី​ឆ្នាំ​២០១១ លោក រម៉ាស ស្វាង បាន​ដាក់​ពាក្យ​ប្ដឹង​មក​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​រតនគិរី ប្ដឹង​មេ​ឃុំ​ជំទប់​ទី​១ និង​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​តេន ពី​បទ​ឃុបឃិត​គ្នា​យក​ដី​ព្រៃ​ជាង ៤០០​ហិកតារ លក់​ចែក​ប្រាក់​គ្នា ហើយ​យក​ប្រាក់​មួយ​ចំណែក​ចែក​សហគមន៍​មួយ​គ្រួសារ​បាន ២០០​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។