ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​គ្រោង​ប្ដឹង​បក​ទៅ​មន្ត្រី​នគរបាល​ដែល​ចោទ​ថា​ពុក​រលួយ

ដោយ សូត សុខប្រាថ្នា
2017.02.26
ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ៨៥៥ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ។ រូបថត​កាល​ពី​ឆ្នាំ​២០១៤
RFA/Saut Sokprathna

មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​ស្នងការ និង​ស្នងការ​រង​ខេត្ត​ពីរ​រូប​ទៀត​ពាក់ព័ន្ធ​រឿង​អាស្រូវ​ពុក​រលួយ​ពី​សំណាក់​មន្ត្រី​នគរបាល​មួយ​ចំនួន គឺ​ដើម្បី​បង្ខូច​កិត្តិយស​របស់​លោក និង​អង្គភាព​ប៉ុណ្ណោះ។ ស្នងការ​នគរបាល​ខេត្ត គ្រោង​នឹង​ប្ដឹង​មន្ត្រី​ទាំងនោះ​ទៅ​តាម​ច្បាប់​វិញ ព្រម​ទាំង​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ស្រាវជ្រាវ និង​វិនិច្ឆ័យ​រក​ការពិត​ឲ្យ​បាន​ច្បាស់លាស់​ជុំវិញ​ករណី​នេះ។

សំណុំ​រឿង​ពុក​រលួយ និង​រឿង​អាស្រូវ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ កាន់​តែ​ល្បីល្បាញ បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​មួយ​ច្បាប់​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ដើម​ខែ​កុម្ភៈ។ ពាក្យ​បណ្ដឹង​នោះ គឺ​ចោទ​ប្រកាន់​ស្នងការ​នគរបាល​ខេត្ត និង​ស្នងការ​រង​ពីរ​នាក់​ផ្សេង​ទៀត ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យក​ប្រាក់​ពី​មន្ត្រី​ថ្មី​ដែល​ជ្រើសរើស​ចូល​ក្របខ័ណ្ឌ​នគរបាល និង​ជា​ថ្នូរ​ការ​តែងតាំង​ឡើង​តំណែង ជាដើម។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក ជូ សំអាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ ថា ការ​ប្ដឹង​រូប​លោក និង​ស្នងការ​រង​ពីរ​រូប​ផ្សេង​ទៀត​នោះ គឺ​ជា​ការ​បង្ខូច​កិត្តិយស​ពួក​គាត់ ព្រោះ​ជា​រឿង​មិន​ពិត និង​អយុត្តិធម៌។ បន្ថែម​ពី​នេះ ពាក្យ​បណ្ដឹង​ដែល​មាន​ឈ្មោះ​មន្ត្រី​នគរបាល​ចំនួន ៦​រូប គឺ​មាន​មន្ត្រី​ការិយាល័យ​ផែន​សន្តិសុខ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ម្នាក់​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ពួក​គេ​ទាំងនោះ៖ «ធ្វើ​ឲ្យ​ខ្ញុំ​អាប់​កិត្តិយស អាប់​កេរ្តិ៍​ឈ្មោះ។ ស្អុយ​ទាំង​ស្នងការ ស្អុយ​ទាំង​អង្គភាព។ ខ្លួន​វា​សោះ ដើរ​អត់​ធ្វើ​ការងារ​អី។ ដើរ​តែ​កកូរកកាយ ដើរ​បង្ក​បក្ខពួក ដើរ​គាប​យក​លុយ​គេ អត់​បាន ហើយ​ពេល​គេ​បាន​ឡើង​បុណ្យ​ស័ក្តិ ហើយ​ចោទ​គេ​ថា​យក​លុយ​មក​ឲ្យ​ស្នងការ»

កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ ពាក្យ​បណ្ដឹង​មួយ​ច្បាប់​ដែល​មាន​ស្នាម​មេដៃ​មើល​មិន​ច្បាស់ និង​ឈ្មោះ​ខ្លះ​អាន​មិន​ដាច់ ដោយ​អះអាង​ថា​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​នៅ​ខេត្ត​កំពង់ធំ ចំនួន ៦​រូប ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដោយ​រៀបរាប់​ពី​ភាព​អសកម្ម​របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ គឺ​លោក ជូ សំអាន។ ក្នុង​លិខិត​បន្ថែម​ថា ស្នងការ​ខេត្ត​រូប​នេះ​បាន​ឃុបឃិត​គ្នា​ជាមួយ​ស្នងការ​រង​ទទួល​ផែន​ធនធាន​មនុស្ស គឺ​លោក អ៊ិត គឹមស្រ៊ុន និង​ស្នងការ​រង​ម្នាក់​ទៀត​ទទួល​ផែន​សន្តិសុខ គឺ​លោក ខៀវ ចាននី ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ អំពើ​ពុក​រលួយ​ទាំងនោះ ដូចជា​ករណី​រើស​បញ្ចូល​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ថ្មី ដោយ​ក្នុង​បុគ្គល​ម្នាក់​ត្រូវ​ចំណាយ​ប្រាក់​ចំនួន ៥​ពាន់​ដុល្លារ​ទៅ ៧​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​មាន​ពលរដ្ឋ​ខ្លះ​មិន​ជាប់​ជា​មន្ត្រី​នគរបាល​ផង ប៉ុន្តែ​ប្រាក់​ទាំងនោះ​ក៏​ត្រូវ​ស៊ី​ដាច់​ថែម​ទៀត។ លិខិត​ដដែល​បញ្ជាក់​ថា ការ​តែងតាំង​មន្ត្រី​វិញ គឺ​ត្រូវ​បង់​ប្រាក់​ចំនួន ២​លាន​រៀល​ទៅ​ជាង ១០​លាន​រៀល ឬ​ស្មើ​ប្រមាណ​ពី ៥០០​ដុល្លារ​ទៅ ៣​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មន្ត្រី​ម្នាក់ ចំពោះ​ការ​ទទួល​បាន​តំណែង​ដូចជា​មេ​ប៉ុស្តិ៍ នាយ​រង​ផ្នែក នាយ​ផ្នែក និង​អធិការ​រង​ស្រុក ជាដើម។

យ៉ាង​នេះ​ក្តី ស្នងការ​ខេត្ត​ដដែល​អះអាង​ថា លោក និង​ស្នងការ​រង​ពីរ​នាក់​ទៀត​ដែល​រង​ការ​ចោទ​ប្រកាន់ គឺ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​លើក​ឡើង​ទេ ពីព្រោះ​ការ​ជ្រើសរើស​មន្ត្រី​ចូល​បម្រើ​ការងារ គឺ​មាន​ការ​ប្រឡង​ត្រឹមត្រូវ។ ចំណែក​ការ​តែង​មន្ត្រី​ណា​ម្នាក់ គឺ​ឆ្លង​កាត់​ការ​វាយ​តម្លៃ​ហ្មត់ចត់ ដូចជា​រក​បុគ្គល​មាន​សកម្មភាព​ល្អ មាន​សមត្ថភាព​ខ្ពស់ និង​អតីតភាព​ការងារ​យូរ​ជាដើម។ ស្នងការ​ខេត្ត​ដដែល​ហៅ​ការ​ប្ដឹង​ពួក​គាត់ គឺ​ជា​ល្បិច​ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ ហើយ​លោក​នឹង​រៀបចំ​ឯកសារ​ប្ដឹង​មន្ត្រី​នគរបាល​ទាំង ៦​នាក់​នោះ​តាម​ច្បាប់​តែ​ម្តង៖ «ខ្ញុំ​នេះ ខ្ញុំ​វា​ជិត​ចប់​អាណត្តិ​ទៅ​ហើយ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​បារម្ភ​ថា កុំ​ឲ្យ​គេ​ដក​ខ្ញុំ​មុន​រ៉ឺត្រែត​ហ្នឹង​ដោយសារ​គ្មាន​កំហុស​អី​សោះ​ហ្នឹង វា​ខ្មាស​គេ»

មន្ត្រី​នគរបាល​នៅ​ខេត្ត​កំពង់ធំ ម្នាក់​ដែល​មាន​ឈ្មោះ​ក្នុង​ពាក្យ​បណ្ដឹង ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង និយាយ​ថា ការ​ប្ដឹង​ស្នងការ ឬ​ស្នងការ​រង​ពីរ​នាក់​ទៀត គឺ​មិន​មាន​នរណា​នៅ​ពី​ក្រោយ​ខ្នង​ទេ។ ប្រភព​រូប​នេះ​អះអាង​ថា មាន​ពាក្យ​បណ្ដឹង​មួយ​ទៀត​ដែល​មាន​ន័យ​ប្រហាក់​ប្រហែល​គ្នា​នឹង​ពាក្យ​បណ្ដឹង​របស់​ពួក​គាត់ ប៉ុន្តែ​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​មាន​ស្នងការ​រង​ចំនួន ៥​នាក់ បាន​ប្ដឹង​ស្នងការ និង​ស្នងការ​រង​ពីរ​នាក់​នោះ​ដែរ។ ចំពោះ​រឿង​ពុក​រលួយ ឬ​អសកម្ម​របស់​ស្នងការ និង​ស្នងការ​រង​ខេត្ត​យ៉ាង​ណា មន្ត្រី​រូប​នេះ​មិន​ទាន់​អាច​ជម្រាប​ជូន​បាន​ទេ ពីព្រោះ​ត្រូវការ​ឆ្លើយ​បំភ្លឺ​ជូន​ក្រុម​អធិការកិច្ច​របស់​ក្រសួង​មហាផ្ទៃ ជា​មុន​សិន។ លោក​មិន​បារម្ភ​ឡើយ​ចំពោះ​គម្រោង​ប្ដឹង​ពួក​គាត់​ពី​សំណាក់​ស្នងការ​ខេត្ត ព្រោះ​មាន​ឯកសារ​សំអាង​រៀង​ខ្លួន។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ​នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ។ កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​មន្ត្រី​អធិការកិច្ច​ចុះ​អង្កេត​ជុំវិញ​ករណី​នេះ ប៉ុន្តែ​មិន​ទាន់​បង្ហាញ​លទ្ធផល​យ៉ាង​ណា​ឡើយ។

ចំណែក​លោក ជូ សំអាន បញ្ជាក់​ថា លោក​មិន​បាន​ជួប​ក្រុម​អធិការកិច្ច​ទាំងនោះ​ទេ ពីព្រោះ​លោក​ជាប់​ចូលរួម​សន្និបាត​នៅ​ក្រសួង​មហាផ្ទៃ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មើល​ឃើញ​ថា ដើម្បី​បង្ហាញ​ការពិត​លើ​សំណុំ​រឿង​មួយ​នេះ ក្រសួង​មហាផ្ទៃ ត្រូវ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ និង​សម្រេច​ចិត្ត​ប្រកប​ដោយ​យុត្តិធម៌ និង​ឯករាជ្យ។ ចំពោះ​គម្រោង​ប្ដឹង​បក​ពី​សំណាក់​ស្នងការ​ខេត្ត​ទៅ​កាន់​មន្ត្រី​នគរបាល​ទាំងនោះ លោក​ថា​ជា​ប្រភេទ​នៃ​ការ​ស្រាយ​បំភ្លឺ​ផ្នែក​រដ្ឋបាល​ក្នុង​ស្ថាប័ន​តែ​មួយ រវាង​អ្នក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់ និង​អ្នក​ចោទ​ប្រកាន់​គេ៖ «ក្នុង​ករណីពាក្យ​បណ្ដឹង​នេះ​ដល់​ដៃតុលាការ​ភ្លាមៗ នៅ​ពេល​តុលាការ​មិន​ទាន់​ចាត់ការ​ទៅ​លើ​បណ្ដឹង​ផង ហើយ​មាន​ករណី​ប្ដឹង​បក គឺ​វា​មិន​អាច​ទៅ​រួច​ទេ»

ជាង​នេះ​ទៀត តួអង្គ​សំខាន់​ដើម្បី​ស៊ើប​អង្កេត​រឿង​នេះ គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បើ​ទោះ​បី​ជា​មិន​មាន​ពាក្យ​បណ្ដឹង​ពី​ជន​រងគ្រោះ​ក៏ដោយ ប៉ុន្តែ​រាល់​ពាក្យ​បណ្ដឹង​របស់​មន្ត្រី​នគរបាល គឺ​ជា​តម្រុយ​ក្នុង​ការ​ស៊ើប​អង្កេត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។