ចៅក្រមតុលាការភ្នំពេញ ចោទប្រកាន់កម្មករសំណង់របស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ទាក់ទងការធ្លាក់ដែកពីទីខ្ពស់ បណ្ដាលឲ្យស្លាប់អ្នកដំណើរមួយរូប។ ក្រៅពីផ្ដន្ទាទោសកម្មករ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្អាកសកម្មភាពការដ្ឋានសំណង់អគារក្រុមហ៊ុនដែលបង្កឲ្យមានគ្រោះថ្នាក់នោះ។
កម្មករសំណង់ចំនួន ៥នាក់ ដែលសាងសង់សំណង់អគារ អូឡាំព្យា ស៊ីធី (Olympia City) ឲ្យក្រុមហ៊ុន អូស៊ីអាយស៊ី នៅជិតពហុកីឡាដ្ឋានជាតិអូឡាំពិក ត្រូវចៅក្រមតុលាការភ្នំពេញ ចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា។
ព្រះរាជអាជ្ញារងតុលាការរាជធានីភ្នំពេញ លោក កែវ សុជាតិ មានប្រសាសន៍នៅថ្ងៃទី៥ វិច្ឆិកា ថា ទោះបីជាគ្រួសារជនរងគ្រោះបានដកពាក្យបណ្ដឹងពីតុលាការវិញក៏ដោយ ក៏តុលាការនៅតែធ្វើការចោទប្រកាន់ដែរ ពីព្រោះអំពើនោះបណ្ដាលឲ្យមានមនុស្សស្លាប់៖ «មានអំពើមួយហើយ បើយើងមិនចោទប្រកាន់ ចុះបើមាន បើសិនសងជនរងគ្រោះទៅរួចខ្លួនទាំងអស់នោះ មិនបាច់ទេសង្គមយើង មិនវឹកវរទៅហើយទេ? ឧទាហរណ៍មានចេតនាសម្លាប់មនុស្ស សម្លាប់ហើយយកលុយទៅសងគេ ចប់ហើយ។ មិនអ៊ីចឹងទេច្បាប់ គឺបញ្ញត្តិអំពីអំពើមួយដែលក្លាយជាបទព្រហ្មទណ្ឌ ហើយត្រូវមានទោសទទួលខុសត្រូវពីបទព្រហ្មទណ្ឌហើយ។ ចំពោះសំណងស៊ីវិលផ្សេង»។
ក្រមព្រហ្មទណ្ឌប្រទេសកម្ពុជា មាត្រា២០៧ ទាក់ទងបទមនុស្សឃាតដោយអចេតនា បានចែងថា បទមនុស្សឃាតដោយអចេតនា គឺជាអំពើបណ្ដាលឲ្យស្លាប់អ្នកដទៃដោយការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា ការបំពានលើកាតព្វកិច្ច សន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ បទមនុស្សឃាតដោយអចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ ៦លានរៀល។
កាលពីល្ងាចថ្ងៃទី២ វិច្ឆិកា នៅចំណុចការដ្ឋានសំណង់អគារអូឡាំព្យាស៊ីធី នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា មានដែកប្រវែង ២ម៉ែត្រ បានធ្លាក់ពីលើសំណង់អគារកំពុងសាងសង់ បណ្ដាលឲ្យចំក្បាលអ្នកដំណើរមួយរូបដែលកំពុងជិះម៉ូតូជាមួយកូន បណ្ដាលឲ្យស្លាប់មួយរំពេច។ ស្ត្រីរងគ្រោះឈ្មោះ ប៊ុត វណ្ណី អាយុ ៤២ឆ្នាំ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ។ ក្រោយពេលសាច់ញាតិស្លាប់ គ្រួសារសព បានដាក់ពាក្យប្ដឹងទៅតុលាការភ្នំពេញ សុំឲ្យផ្ដន្ទាទោសជនប្រព្រឹត្តិ និងសងការខូចខាត និងជំងឺចិត្ត។ ប៉ុន្តែ គ្រួសារសព បានដកពាក្យប្ដឹងវិញ ក្រោយពីបានទទួលសំណងជាប្រាក់មួយចំនួន។ ក្រោយមកនៅថ្ងៃទី៣ វិច្ឆិកា អគ្គស្នងការប៉ូលិសជាតិ លោក នេត សាវឿន បានបញ្ជាឲ្យអាជ្ញាធរស៊ើបអង្កេតចាប់ខ្លួនអ្នកប្រព្រឹត្តិបទល្មើស និងអ្នកពាក់ព័ន្ធ មកផ្ដន្ទាទោសតាមច្បាប់។ អាជ្ញាធរប៉ូលិស បានចាប់ខ្លួនមនុស្ស ៧នាក់មកសាកសួរ តែក្រោយមកបានដោះលែង ២នាក់ទៅវិញ និងបានបញ្ជូន ៥នាក់ទៅឲ្យចៅក្រមតុលាការសាកសួរ និងចោទប្រកាន់។
កម្មករសំណង់ទាំង ៥នាក់ ដែលត្រូវចោទប្រកាន់នោះមានឈ្មោះ ចែម ឈុន ចែម ថើត លន់ សំអុល ឃួន វិជ្ជា និង សូ សាវ៉ៃ។ បច្ចុប្បន្ន អ្នកទាំង៥ ត្រូវឃុំខ្លួន។
ក្រោយពីមានហេតុការណ៍ធ្លាក់ដែកចំអ្នកធ្វើដំណើរតាមផ្លូវស្លាប់មក មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសផ្អាកសកម្មភាពការដ្ឋានសំណង់នោះមួយរយៈ ដើម្បីស្រាវជ្រាវអំពីមូលហេតុបណ្ដាលឲ្យមានដែកធ្លាក់មានគ្រោះថ្នាក់នោះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសុំការអធិប្បាយបានទេ។
ប៉ុន្តែ លោក ឡៅ ទិព្ធសីហា អគ្គនាយករងសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ប្រាប់កាសែត ឌឹ ខេមបូឌា ដេលី ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្អាកសកម្មភាពសំណង់បុរីអូឡាំព្យាស៊ីធីនោះ រហូតដល់ពេលជូនដំណឹងឡើងវិញ ជាពិសេស ក្រុមហ៊ុនត្រូវអនុវត្តតាមច្បាប់បទដ្ឋានគតិយុត្តិ ប្រុងប្រយ័ត្នគ្រោះថ្នាក់ និងឲ្យមានការរៀបចំត្រួតពិនិត្យការដ្ឋានឲ្យបានត្រឹមត្រូវឡើងវិញសិន មុននឹងបន្តដំណើរការសាងសង់តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
