តុលាការ​បន្ត​ឃុំ​លោក វន់ ពៅ និង​មនុស្ស​២០​នាក់​ផ្សេង​ទៀត

ដោយ វោហារ ជាតិ
2014.03.24
វន់ ពៅ ៦១០ ព្រះសង្ឃ ប្រជាពលរដ្ឋ និង​កម្មករ លើក​បដា​ទាមទារ​ឲ្យ​ដោះ​លែង លោក វន់ ពៅ សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ ២០​នាក់​ផ្សេង​ទៀត នា​មុខ​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៤។
RFA/Vohar Cheath

តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ឃុំ​ខ្លួន លោក វន់ ពៅ អតីត​ប្រធាន​សមាគម​ប្រជាធិបតេយ្យ ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នក ២០​នាក់​ទៀត តាម​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដដែល។ លោក​ចៅក្រម​សាលា​ឧទ្ធរណ៍​បាន​លើក​ហេតុផល​ថា ការ​ដោះ​លែង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ព្រោះ​ប៉ះពាល់​ដល់​នីតិវិធី​ច្បាប់។

បន្ទាប់​ពី​បើក​សវនាការ​មិន​ឲ្យ​សាធារណជន​ចូល​ស្ដាប់​អស់​រយៈពេល​ប្រហែល​ពីរ​ម៉ោង​រួច​មក ប្រធាន​ក្រុម​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ គឺ​លោក​ចៅក្រម សេង ស៊ីវត្ថា បាន​សម្រេច​ប្រកាស​ឃុំ​ខ្លួន លោក វន់ ពៅ និង​អ្នក ២០​នាក់​បន្ត​ទៅ​ទៀត។

មេធាវី​នៃ​សហភាព​ការងារ​កម្ពុជា លោក គីម សុជាតិ ដែល​ការពារ​ក្ដី លោក វន់ ពៅ បាន​ប្រាប់​អ្នក​កាសែត​ក្រោយ​សវនាការ​នោះ​ថា លោក​បាន​លើក​ហេតុផល​ជាច្រើន ដើម្បី​សុំ​ឲ្យ លោក វន់ ពៅ បាន​នៅ​ក្រៅ​ឃុំ។ ក៏ប៉ុន្តែ ចៅក្រម​នៅ​តែ​សំអាង​ហេតុផល​នីតិ​ច្បាប់​ដដែល៖ «យើង​មេធា​ហ្នឹង​បាន​លើក​ឡើង ៥ (ទៅ) ៦​ចំណុច ពាក់ព័ន្ធ​មូលហេតុ​ដែល​យើង​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ។ ទី​១ ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព។ ទី​២ ប៉ះពាល់​ដល់​សុខភាព​របស់​គាត់។ ទី​៣ ប៉ះពាល់​ដល់​កូន​របស់​គាត់​ជា​អនីតិជន ដែល​គាត់​ចាំ​បាច់​គាត់​ថែ​រក្សា។ ទី​៤ ក្នុង​នាម​យើង​សហភាព​ការងារ​កម្ពុជា ស៊ី.អិល.ស៊ី នឹង​ដាក់​ប្រាក់​តម្កល់ ៥​លាន ដើម្បី​ធានា​ខ្លួន។ អា​ហ្នឹង! ជា​ចំណុច​សំខាន់ៗ​ដែល​យើង​បាន​លើក។ ប៉ុន្តែ តុលាការ​គាត់​យក​ទៅ​ពិចារណា​ដែរ ប៉ុន្តែ​គាត់​សំអាង​ហេតុ​របស់​គាត់​ចៅក្រម​យល់​ថា ការ​អនុញ្ញាត​នៅ​ក្រៅ​ឃុំ វា​អាច​ប៉ះពាល់​នីតិវិធី​តុលាការ។ អ៊ីចឹង បាន​គាត់​រក្សា​ទុក​ជន​ជាប់​ចោទ​ហ្នឹង»

សវនាការ​ជំនុំ​ជម្រះ​នេះ​មិន​មាន​វត្តមាន​ជន​ជាប់​ចោទ​ទេ។ ចំណែក​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ ក៏​មិន​ឃើញ​ដែរ។

នៅ​ក្នុង​សវនាការ​ថ្ងៃ​ទី​២៤ មីនា នេះ​ដែរ សាលា​ឧទ្ធរណ៍​ក៏​បាន​សម្រេច​រក្សា​ទុក​វត្ថុ​តាង​មួយ​ចំនួន ដែល​រឹប​អូស​បាន​ពេល​ចាប់​ខ្លួន លោក វន់ ពៅ ដូច​ជា រ៉ឺម៉ក​ម៉ូតូ​កង់​បី ២​គ្រឿង មេក្រូ អាំភ្លី ធុងបាស ដែល​ប្រើ​ជា​ឧបករណ៍​ឃោសនា​ពេល លោក វន់ ពៅ ធ្វើ​បាតុកម្ម។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​សាលា​ឧទ្ធរណ៍​សម្រេច​បន្ត​ឃុំ​ខ្លួន លោក វន់ ពៅ។ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៤ សាលា​ឧទ្ធរណ៍​បាន​សម្រេច​ឃុំ លោក វន់ ពៅ មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​ម្ដង​រួច​មក​ហើយ។

ស្រប​ពេល​ដែល​សាលា​ឧទ្ធរណ៍​កំពុង​ជំនុំ​ជម្រះ​ក្ដី លោក វន់ ពៅ អ្នក​តវ៉ា​ជិត ១០០​នាក់ បាន​ស្រែក​នៅ​ខាង​ក្រៅ​សាលា​ឧទ្ធរណ៍​ទាមទារ​ឲ្យ​ដោះ​លែង លោក វន់ ពៅ ដែល​សម្រែក​ទាមទារ​ទាំង​នោះ​ឮ​ដល់​ក្នុង​បរិវេណ​សាលា​ឧទ្ធរណ៍។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ ដែល​ចូល​រួម​តវ៉ា​នោះ​ដែរ​បាន​ប្រកាស​ថា កម្មករ​នឹង​បន្ត​ធ្វើ​មហា​បាតុកម្ម​បន្ត​ទៅ​ទៀត ដើម្បី​ទាមទារ​យុត្តិធម៌ បើ​តុលាការ​នៅ​តែ​មិន​ដោះ​លែង លោក វន់ ពៅ និង​អ្នក ២០​នាក់​ទៀត​នោះ​ទេ។

ចំណែក​មេធាវី លោក វន់ ពៅ គឺ​លោក គីម សុជាតិ បាន​អះអាង​ថា លោក​នឹង​បន្ត​ប្ដឹង​ទៅ​តុលាការ​កំពូល​ទៀត​នៅ​ដើម​ខែ​ក្រោយ​នេះ។

គិត​មក​ដល់​ពេល​នេះ លោក វន់ ពៅ និង​កម្មករ រួម​ទាំង​សកម្មជន​ដីធ្លី ២០​នាក់​ទៀត​នោះ បាន​ជាប់​ឃុំ​ជាង ២​ខែ​ហើយ។ អ្នក​ទាំង ២១​នាក់​នោះ ជាប់​ចោទ​ពី​បទ​ពាក់ព័ន្ធ​អំពើ​ហិង្សា និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​នៅ​ពេល​ពួក​គេ​ធ្វើ​បាតុកម្ម​ជាមួយ​កម្មករ នៅ​ថ្ងៃ​ទី​២ មករា ឆ្នាំ​២០១៤ នៅ​ជាយ​រាជធានី​ភ្នំពេញ ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ មិន​បាន​សម្រេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។