មន្ត្រីនៃមហាអយ្យការអបសាលាឧទ្ធរណ៍បដិសេធបណ្ដឹងរបស់យុវជនដែលប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីការធ្វើអោយបាត់បង់ទឹកអោយដីខ្មែរទៅប្រទេសវៀតណាម។
ដើមបណ្ដឹង លោក នាង សុឃុន ដែលជាប្រធានសហព័ន្ធយុវជនខ្មែរអ្នកស្នេហាជាតិ មានប្រសាសន៍នៅក្រោយពាក្យបណ្ដឹងនៅសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃពុធ ទី៧ ខែឧសភា ថា មន្ត្រីនៃមហាអយ្យការអបសាលាឧទ្ធរណ៍បានជំរុញអោយលោកត្រឡប់ទៅសាលាដំបូងវិញ ដោយសំអាងថា បណ្ដឹងនៅពេលនេះគឺខុសនីតិវិធី។
លោក សុឃុន បញ្ជាក់ថា បណ្ដឹងរបស់លោកមកកាន់សាលាឧទ្ធរណ៍នេះ គឺធ្វើឡើងបន្ទាប់ពីសាលាដំបូងកាលពីពាក់កណ្ដាលខែមីនា បានជូនដំណឹងថា តុលាការនេះមិនចាត់ការបណ្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រីរបស់លោក សុឃុន ឡើយ និងបានជំរុញអោយប្ដឹងទាស់ទៅសាលាឧទ្ធរណ៍។ ការរុញច្រានបណ្ដឹងនេះត្រូវលោក នាង សុឃុន ចាត់ទុកថា ជានីតិវិធីដែលស្មុគស្មាញមួយ ប៉ុន្តែនឹងធ្វើតាមការណែនាំរបស់សាលាឧទ្ធរណ៍។
លោក នាង សុឃុន៖ «គេមិនទទួលទេ គេអោយទៅសាលាដំបូងវិញហើយ អោយសាលាដំបូងបញ្ជូនសំណុំរឿងឡើងទៅឧទ្ធរណ៍។ ខ្ញុំគិតថា នេះជានីតិវិធីដែលសាំញ៉ាំច្រើន ក្នុងនាមជាយុវជនខ្ញុំមិនបានដឹងថា នេះជានីតិវិធីពិតប្រាកដរបស់តុលាការ ឬគ្រាន់តែជាលេសរបស់តុលាការទេ»។
លោក នាង សុឃុន បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងកាលពីថ្ងៃទី៣ ខែកុម្ភៈ ដោយប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទកាត់ដីកោះត្រល់ និងកោះក្រចកសេះ ទៅអោយវៀតណាម ដោយខុសច្បាប់។ ប៉ុន្តែសាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់ទុកមិនចាត់ការចំពោះពាក្យបណ្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។