សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​រឿង​ឃាតកម្ម​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ

0:00 / 0:00

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា ចាប់​ផ្ដើម​បើក​សវនាការ​លើ​សំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ដែល​កើត​ឡើង​កាល​ពី​ឆ្នាំ ២០១៤។ លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ជា​ថៅកែ​ហាង​មាស​ហុងកុង នៅ​រាជធានី​ភ្នំពេញ។

មន្ត្រី​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឱ្យ​ដឹង​ថា សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា នេះ អង្គ​សវនាការ​បាន​សួរ​ចម្លើយ​ជន​ជាប់​ចោទ​មួយ​រូប​ឈ្មោះ កូយ ចន្ទថុល ក្នុង​ករណី​ឃាតកម្ម​នេះ។

លោក អ៊ឹង ម៉េងជឺ ដែល​ជា​ម្ចាស់​ហាង​លក់​ត្បូងពេជ្រ ឈ្មោះ ហុងកុង នៅ​ក្បែរ​ផ្សារ​ថ្មី រាជធានី​ភ្នំពេញ ត្រូវ​បាន​ឃាតក ២​នាក់ បាញ់​សម្លាប់​នៅ​ម៉ោង​ប្រមាណ ៧​យប់ នៃ​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១៤។ លោក អ៊ឹង ម៉េងជឺ ស្លាប់​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​ឃាតក​បាញ់​ជា​ច្រើន​គ្រាប់ ពេល​លោក​ចុះ​ពី​ឡាន​ទៅ​រក​ទិញ​ផ្លែឈើ​នៅ​ហាង​លក់​ផ្លែ​ឈើ​មួយ​កន្លែង​យីហោ ឡោ តិចសេង ដែល​ស្ថិត​នៅ​ជិត​ស្តាត​អូឡាំពិក។

លោក លី សុផាណា ឱ្យ​ដឹង​ថា សវនាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លើ​រឿង​ក្ដី​ឃាតកម្ម​ទៅ​លើ​លោក អ៊ឹង ម៉េងជឺ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា គឺ​ទាក់ទង​ជនជាប់ចោទ ៦​រូប ដែល​មាន​ឈ្មោះ ថោង សារ៉ាត់ សៀង វាសនា លី សៅ មាស សម្បត្តិ កូយ ចន្ទ័ថុល និង​លោក ឈុន ចិត្រា។ ក្នុង​សវនាការ​នោះ​មាន​ជនជាប់ចោទ ២​រូប​អវត្តមាន គឺ​ជនជាប់ចោទ ថោង សារ៉ាត់ អវត្តមាន​ដោយ​មូលហេតុ​មាន​ជំងឺ ហើយ​ជនជាប់ចោទ​មួយ​រូប​ទៀត​ឈ្មោះ លី សៅ បាន​ស្លាប់។

ជនជាប់ចោទ​ទាំង ៦​រូប មាន​ជនជាប់ចោទ ថោង សារ៉ាត់ ជា​ប្រធាន​ក្រុមហ៊ុន​មាន​ជ័យ ៩៩៩ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥។ ជនជាប់ចោទ​ផ្សេង​ទៀត ដែល​ជា​អង្គរក្ស​របស់​លោក ថោង សារ៉ាត់ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​បាន​ជា​បន្តបន្ទាប់ ក្នុង​រយៈ​ពេល​ជាង​មួយ​សប្ដាហ៍​ក្រោយ​ការ​បាញ់​ប្រហារ​សម្លាប់​លោក អ៊ឹង ម៉េងជឺ។

ករណី​បាញ់​សម្លាប់​លោក អ៊ឹង ម៉េងជឺ ប្រភព​ពី​សមត្ថកិច្ច​កាល​ពី​ដំបូង​ត្រូវ​បាន​គេ​សង្ស័យ​ថា អាច​ពាក់ព័ន្ធ​នឹង​រឿង​គំនុំ ព្រោះ​ឃាតក​មិន​បាន​យក​ទ្រព្យ​សម្បត្តិ​អ្វី​ពី​ជន​រងគ្រោះ​ទេ បន្ទាប់​ការ​បាញ់​សម្លាប់​ជន​រងគ្រោះ​រួច​ហើយ។

ជនជាប់ចោទ ថោង សារ៉ាត់ នៅ​មុន​ពេល​អាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ បាន​បដិសេធ​តាម​រយៈ​វីដេអូ ពី​កន្លែង​លាក់​ខ្លួន​ថា ការ​ចោទ​ប្រកាន់​លោក និង​អង្គរក្ស ថា​ពាក់ព័ន្ធ​ការ​បាញ់​ប្រហារ​នេះ​មិន​យុត្តិធម៌៖ «ខ្ញុំ​បាទ និង​អង្គរក្ស​ទាំង​បួន បាន​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌។ ខ្ញុំ​បាទ និង​អង្គរក្ស សូម​អំពាវនាវ​ដល់​សម្ដេច​នាយករដ្ឋមន្ត្រី សូម​មេត្តា​ជួយ​រក​យុត្តិធម៌​ឱ្យ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ផង។ យើង​ខ្ញុំ​មាន​មូលហេតុ​ពីរ​យ៉ាង​ដែល​បញ្ជាក់​ថា ខ្ញុំ​ទាំង​អស់​គ្នា គឺ​គ្មាន​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​របស់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ឡើយ។ ទី​មួយ រូប​ខ្ញុំ​បាទ និង​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ មិន​ដែល​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​មក គ្មាន​ទំនាក់ទំនង​រកស៊ី​អ្វី​ជា​មួយ​គ្នា គ្មាន​ដី​ជាប់​ព្រំ​គ្នា គ្មាន​មូលហេតុ​អ្វី​ដែល​ខ្ញុំ​ត្រូវ​សម្លាប់​គាត់។ ទី​ពីរ បើ​សិន​ជា​អង្គរក្ស​របស់​ខ្ញុំ​បាទ​ជា​ឃាតក សួរ​ថា ពួក​គាត់​ហ៊ាន​ជិះ​ម៉ូតូ​តាម​ខ្ញុំ​ទៅ​គ្រប់​ទី​កន្លែង​ឬ​អត់ នៅ​ពេល​ដែល​រូប​ឃាតក​បាន​បង្ហោះ​ពេញ​បណ្ដាញ​ហ្វេសប៊ុក»

លោក លី សុផាណា បញ្ជាក់​ថា សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ គឺ​ជា​សវនាការ​លើ​អង្គ​សេចក្ដី​លើក​ដំបូង បន្ទាប់​ពី​បាន​បញ្ចប់​ការ​សាកសួរ​នៅ​ក្នុង​រឿង​ក្ដី​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ។ សវនាការ​នេះ មាន​សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ ៤​រូប គឺ​លោក តុប ឈុនហេង លោក ហេង កេសរោ លោក ម៉េង តូនី និង​ចូលរួម​ដោយ​តំណាង​អយ្យការ គឺ​លោក ហ៊ឹង ប៊ុនថន។ អង្គ​សវនាការ​សម្រេច​ផ្អាក​សវនាការ​នៅ​ម៉ោង ១១ និង ១៥ នាទី ហើយ​អង្គ​សវនាការ​នឹង​លើក​ទៅ​ជំនុំជម្រះ​បន្ត​ទៀត នៅ​វេលា​ម៉ោង ៨​ព្រឹក ថ្ងៃ​ទី​៨ ខែ​សីហា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។