តើនៅមានបញ្ហាអ្វីខ្លះដែលជាភាពអយុត្តិធម៌ និងធ្វើឱ្យប្រជាពលរដ្ឋខ្មែរមិនអាចទទួលយកបាននោះ?
ស្ត្រីវ័យកណ្ដាលម្នាក់ដែលរស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប បានស្រែកទ្រហោយំ ហើយរត់ទៅដេកនៅកណ្ដាលទ្រូងផ្លូវលែងចង់រស់ ដោយសារតែគាត់យល់ថា ប្រព័ន្ធតុលាការមិនបានផ្ដល់យុត្តិធម៌សម្រាប់ក្រុមគ្រួសាររបស់គាត់ទេ។
«សំឡេង»
ការព្យាយាមរត់ទៅដេកលើទ្រូងផ្លូវ បំណងឱ្យរថយន្តកិនសម្លាប់នោះ បានកើតឡើងបន្ទាប់ពីគាត់បានឱ្យដីទៅស្ត្រីមេម៉ាយម្នាក់រស់នៅរយៈពេល ៣០ឆ្នាំមកហើយ ក៏ប៉ុន្តែនៅទីបំផុត គឺកូនៗរបស់ស្ត្រីមេម៉ាយនោះក្ដីក្ដាំយកដី និងផ្លូវចេញចូលរបស់គាត់។
ប្ដីរបស់ស្ត្រីដែលព្យាយាមរត់ចូលឡាននោះ គឺលោក អ៊ូ ជឿន។ លោកបានមានប្រសាសន៍ថា លោកបានកាន់កាប់ដីផ្ទះលេខ១១៩ នៅភូមិស្លក្រាម ចាប់តាំងតែពីអំឡុងឆ្នាំ១៩៨៣ មក។ បុរសដដែលបានបញ្ជាក់ថា ប្រហែលជា ២-៣ឆ្នាំក្រោយមក មានស្ត្រីមេម៉ាយម្នាក់ឈ្មោះ មាស អាត់ បានទៅសុំដីរស់នៅ ហើយលោកក៏អនុញ្ញាត ក៏ប៉ុន្តែបន្ទាប់ពីស្ត្រីនោះស្លាប់ គឺកូនៗរបស់ស្ត្រីនោះបានចាប់ផ្ដើមធ្វើប័ណ្ណកាន់កាប់ដីធ្លី ព្រមទាំងយកផ្លូវចេញចូលនៃផ្ទះរបស់លោកធ្វើជាដីរបស់ពួកគេទៀតផង។
លោក អ៊ូ ជឿន បានបញ្ជាក់ថា ក្នុងរឿងជម្លោះដីធ្លីនោះ គឺភាគីម្ខាងមានប្រៀបលើគ្រួសាររបស់លោកទាំងការសម្របសម្រួលនៅមូលដ្ឋាន និងការក្ដីក្ដាំនៅតុលាការ៖ «ខ្ញុំរស់នៅតាំងពីឆ្នាំ១៩៨៣ មក ខ្ញុំដើរចេញចូលតែផ្លូវនេះ ហើយអាស្រ័យផលនៅលើតែដីនេះ ហើយប្រពន្ធ លោក ទី សុផាត គឺអ្នកគ្រូ ដេត នឿម បានមកសុំឱ្យបងថ្លៃគាត់ឈ្មោះ មាស អាត់ នេះឯងនៅ។ ខ្ញុំក៏ចែកគាត់នៅទៅ។ រហូតមកដល់បច្ចុប្បន្ន ឆ្នាំ២០១៣ គេក៏ធ្វើសំបុត្រដីជាមួយប្រធានភូមិ ទើបតែបាន ៦-៧ខែ គេក៏យកមកឱ្យខ្ញុំមើល ហើយគេថា នឹងរើផ្លូវរបស់ខ្ញុំចេញ។ មិនឱ្យគេរុះរើ ក៏គេនៅចចេសថានឹងរុះរើ ហើយប្រពន្ធកូនខ្ញុំយំពេញតែផ្ទះ ហើយគេឈរសើច»។
ទោះយ៉ាងណា ភាគីជម្លោះម្ខាងទៀតនៅតែអះអាងថា គេបានប្ដឹងទៅអាជ្ញាធរមូលដ្ឋានផង និងប្ដឹងតុលាការផង ដើម្បីការពារដីធ្លីរបស់ម្ដាយដែលបានប្រគល់ឱ្យកូនៗកាន់កាប់បន្តនៅមុនពេលដែលគាត់ស្លាប់។
ស្ត្រីឈ្មោះ ស៊ឹង សុធី ជាតំណាងឱ្យភាគីដែលប្ដឹងទៅតុលាការ ដើម្បីសុំដីការក្សាការពារលើដីច្រកផ្លូវចេញចូលនោះ។ អ្នកស្រីបានមានប្រសាសន៍ថា ម្ដាយក្មេករបស់អ្នកស្រីឈ្មោះ មាស អាត់ បានទៅរស់នៅលើដីទំហំ ១០គុណនឹង ១៥ម៉ែត្រ ដែលកំពុងមានទំនាស់ចាប់តាំងពីអំឡុងឆ្នាំ១៩៨៥-១៩៨៦។ អ្នកស្រី ស៊ឹង សុធី បានបញ្ជាក់ថា ចាប់តាំងពីអំឡុងឆ្នាំ១៩៨៩ គឺម្ដាយក្មេករបស់អ្នកស្រីបានទៅធ្វើបង្កាន់ដៃកាន់កាប់ដីនោះ។ អ្នកស្រីយល់ថា កាលពីសម័យរដ្ឋកម្ពុជា បើអ្នកណារស់នៅលើដីណា ហើយមានបង្កាន់ដៃ គឺអាចធ្វើជាម្ចាស់កម្មសិទ្ធិនៃដីនោះ៖ «បើគាត់នៅរហូតមកដល់បច្ចុប្បន្នហ្នឹង។ ពេលដែលគាត់ស្លាប់ទៅ ស្រាប់តែមានអ្នកនៅខាងក្រោយ គាត់យករោងយកអីមកធ្វើលើដីយើងកាត់ពាក់កណ្ដាលហ្នឹងទៅ។ ហើយខ្ញុំក៏ហៅគាត់ទៅភូមិឃុំ ប្រាប់គាត់ឱ្យរើដែរ តែគាត់មិនរើ រហូតដល់គេហៅគាត់ទៅសម្រួលចុងក្រោយហ្នឹង គឺគាត់អត់ព្រម។ ដល់គាត់អត់ព្រមរើហើយ គឺគាត់ដាក់ពាក្យប្ដឹងខ្ញុំទៀត។ ដល់អ៊ីចឹង ខ្ញុំទៅសួរតុលាការទៅក៏ខ្ញុំដាក់ពាក្យបណ្ដឹងថាគាត់បានធ្វើលើដីយើង»។
ទោះយ៉ាងណា សាក្សីខ្លះបានសុខចិត្តចេញមុខសម្ដែងការអាណិតអាសូរដល់គ្រួសារ លោក អ៊ូ ជឿន ដោយចាត់ទុកជាអ្នករងគ្រោះ ពីព្រោះតែចិត្តល្អ និងយកអាសាអ្នកដទៃ។
អ្នកជិតខាង លោក អ៊ូ ជឿន ជាយូរមកហើយ គឺអ្នកស្រី ពេជ្រ ណារិន បានមានប្រសាសន៍ថា ដីដែលកំពុងមានទំនាស់នេះ បើតាមអ្នកស្រីដឹង គឺជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ូ ជឿន ដែលកាន់កាប់ដោយសុចរិតជាយូរមកហើយ៖ «ឈ្មោះ ជឿន នេះ គេនៅមុនគេ តែក្រោយមកបានឃើញយាយ អាត់ មកនៅត្រង់ហ្នឹង ដែលយើងស្គាល់គ្នា ជាជាងនេះទៅបានអ៊ូអរជាញាតិ ជាមិត្តអីអ៊ីចឹង។ វាមិនយុត្តិធម៌ទេ គឺសំឡេង និងសម្រែកយំឱ្យរកយុត្តិធម៌នេះ គឺវាច្រើនតែខុសថាត្រូវ ឯត្រូវថា ខុស! ពិបាកអ៊ីចឹង ហើយគ្នាអ្នកក្រីក្រអ្នកទន់ទាប គ្នាមានអ្វី? យ៉ាប់ណាស់! សម័យនេះ ក៏ប៉ុន្តែសម្ដេចតេជោ ក៏គាត់កំពុងតែរកមុខដែរ»។
កាលពីថ្ងៃទី២២ ខែសីហា កន្លងទៅ ភាគី អ្នកស្រី ស៊ឹង សុធី ធ្លាប់បានប្រើអំណាចខ្លួនឯង ដោយនាំកម្មករចំនួន ២០នាក់ ប្រដាប់ដោយពូថៅ ញញួរ និងដែកគាស់ ចូលទៅក្នុងបរិវេណផ្ទះរបស់ លោក អ៊ូ ជឿន ដើម្បីរុះរើរបារបងដែលកំណត់ព្រំដែននៃផ្លូវចេញចូលនោះម្ដងមកហើយ។
ក្រុមគ្រួសារ លោក អ៊ូ ជឿន និងសាក្សីមួយចំនួនបានឱ្យដឹងថា ចំពោះការប្រើអំណាចទៅរុះរើរបងកំណត់ព្រំដែនផ្លូវចេញចូលនោះ គឺគេបានដាក់ពាក្យប្ដឹងទៅតុលាការខេត្តសៀមរាប ម្ដងមកហើយ តែគេមិនឃើញតុលាការមានចំណាត់ការអ្វីនៅឡើយ។ ដោយឡែក ចំពោះភាគី អ្នកស្រី ស៊ឹង សុធី និងប្ដីឈ្មោះ ហង្ស សុវណ្ណា ដែលដាក់បណ្ដឹងទៅតុលាការ ដើម្បីស្នើសុំដីការក្សាការពារដីនោះវិញ គឺតុលាការបែរជាមានចំណាត់ការឆាប់រហ័ស។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ ចៅក្រមសាលាដំបូងខេត្តសៀមរាប លោក ឈុន ច័ន្ទសីហា បានចេញដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្នមួយ ដោយសម្រេចឱ្យ ឈ្មោះ អ៊ូ ជឿន រុះរើរបងឈើក្រាក់ និងរោងប្រក់ស័ង្កសី ដែលមានទីតាំងនៅចន្លោះកណ្ដាលដីឡូត៍ចេញ។
កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ព្រះរាជអាជ្ញារងអមសាលាដំបូង បានដឹកនាំកម្លាំងសមត្ថកិច្ចមួយចំនួន ដើម្បីអនុវត្តដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្ននោះ ក៏ប៉ុន្តែត្រូវបានផ្អាកទៅវិញបន្ទាប់ពីសមាជិកក្រុមគ្រួសាររបស់ លោក អ៊ូ ជឿន ជាច្រើនបានប្រតិកម្ម ព្រមទាំងមានស្ត្រីខ្លះបម្រុងគាំងបេះដូងសន្លប់ផងនោះ។
«សំឡេង»
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លោក សុខ កែវបណ្ឌិត បានមានប្រសាសន៍ថា លោកបានសម្រេចផ្អាកការអនុវត្តដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្ននេះ ដោយយោលទៅលើភាគីម្ខាងទើបតែទទួលបានសេចក្តីជូនដំណឹងតែ ១ថ្ងៃ នៅមុនពេលអនុវត្ត។
ចំណែកក្រុមអង្គការសិទ្ធិមនុស្ស បានហៅចំណាត់ការផ្លូវច្បាប់របស់តុលាការនោះថា មានភាពមិនប្រក្រតី។
អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តសៀមរាប លោក សួស ណារិន បានមានប្រសាសន៍ថា តុលាការដែលចេញដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្ននេះ គឺមានលក្ខណៈមិនត្រឹមត្រូវ ដោយសារការចេញដីកាមានលក្ខណៈរហ័សពេក គឺយកទៅឱ្យភាគីម្ខាងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ហើយចុះទៅអនុវត្តនៅថ្ងៃទី២២។ លោក សួស ណារិន បានរិះគន់ថា តុលាការគួរតែកែប្រែនីតិវិធីរបៀបនេះ ដើម្បីកុំឲ្យមានការអនុវត្តដូច្នេះនៅទូទាំងប្រទេស៖ «ជាអង្គការសង្គមស៊ីវិល ខ្ញុំគិតថា គួរតែចៅក្រមដែលកាន់រឿងក្តីរដ្ឋប្បវេណីហ្នឹងឈានទៅដល់អង្គសេចក្តី ដែលចេញជាសាលក្រមរកឱ្យឃើញថា នរណាជាម្ចាស់ដីពិតប្រាកដសិន ចាំអនុវត្តទៅលើសាលក្រមរុះរើ ដើម្បីប្រគល់ឱ្យទៅភាគីណាមួយ។ តែរឿងនេះអត់ទាន់មានសវនាការទេ គ្រាន់តែបានកោះហៅគាត់ទៅសាកសួរលើកដំបូងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ហើយក៏ចេញដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្ន ធ្វើឱ្យសង្គមស៊ីវិលមើលឃើញថា មានភាពមិនប្រក្រតីច្រើនក្នុងការអនុវត្តដីកាបណ្ដោះអាសន្ននេះ»។
អង្គការសង្គមស៊ីវិល បានចាត់ទុកថា នេះជាកំហុសនីតិវិធីរបស់តុលាការ ហើយគេនឹងផ្ដល់មេធាវីដើម្បីជួយការពារផ្លូវច្បាប់ដល់ក្រុមគ្រួសារ លោក អ៊ូ ជឿន ជុំវិញរឿងទំនាស់ដីធ្លីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
