មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ចោទតំណាងអយ្យការខែត្រក្រចេះថា ឃុំខ្លួនអ្នកភូមិម្នាក់ខុសនីតិវិធី។ ការចោទប្រកាន់នេះ បន្ទាប់ពីពលរដ្ឋម្នាក់រស់នៅឃុំឃ្សឹម ស្រុកស្នូល ខែត្រក្រចេះ ត្រូវបានវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យខែត្រក្រចេះ ចេញលិខិតបញ្ជាក់ពីស្ថានភាពជំងឺសរសៃប្រសាទកាលពីចុងខែកុម្ភៈ ហើយតំណាងអយ្យការនៅតែបន្តឃុំខ្លួន។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខែត្រក្រចេះ អះអាងថា ព្រះរាជអាជ្ញាអមសាលាដំបូងខែត្រក្រចេះ នៅតែបន្តឃុំខ្លួនអ្នកភូមិម្នាក់ ខណៈពលរដ្ឋមានជំងឺសរសៃប្រសាទដែលទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យក្ដី។
មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) ខែត្រក្រចេះ លោក ឌិន ខន្នី ឲ្យដឹងថា បើតាមឆ្មាំពន្ធនាគារស្ថានភាពជំងឺពលរដ្ឋម្នាក់ឈ្មោះ រឹម ឌុយ ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិដូង ឃុំឃ្សឹម ស្រុកស្នូល ខែត្រក្រចេះ ដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារមានលក្ខណៈធ្ងន់ធ្ងរ។ លោកថា ព្រះរាជអាជ្ញាអមសាលាដំបូងខែត្រក្រចេះ គួរតែលើកលែងបទចោទដោយផ្អែកលើលិខិតពេទ្យចុះថ្ងៃទី២៣ ខែ កុម្ភៈ ដែលបញ្ជាក់ថា ពលរដ្ឋឈ្មោះ រឹម ឌុយ មានជំងឺសរសៃប្រសាទដើម្បីអនុលោមតាមច្បាប់ក្រមព្រហ្មទណ្ឌ៖ «ស្ថានភាពជំងឺរបស់គាត់កំពុងធ្វើទុក្ខខ្លាំង ហើយស្គមច្រើនទៀត ទាក់ទងជំងឺសរសៃប្រសាទ។ ជំងឺសរសៃប្រសាទរបស់គាត់គឺមានលិខិតបញ្ជាក់ពីគ្រូពេទ្យថា គាត់មានជំងឺសរសៃប្រសាទ គឺវាដល់ពេលហើយដែលត្រូវដោះលែងគាត់»។
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្មាំក្រុមហ៊ុនចម្ការកៅស៊ូមេមត់ និងមន្ត្រីបរិស្ថាន បានឃាត់ខ្លួនពលរដ្ឋម្នាក់ឈ្មោះ រឹម ឌុយ ហើយបានបញ្ជូនទៅសាលាដំបូងខែត្រក្រចេះ ដោយចោទថា ពលរដ្ឋម្នាក់នោះបានកាប់រានដីព្រៃក្នុងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចម្ការកៅស៊ូមេមត់។
វិទ្យុអាស៊ីសេរី មិនទាក់ទងព្រះរាជអាជ្ញាអមសាលាដំបូងខែត្រក្រចេះ លោក ធី សុវណ្ណថាល់ ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់បានទេ នៅថ្ងៃទី៤ ខែមីនា។
ចំណែកពលរដ្ឋរស់នៅភូមិដូង លោក ម៉េត ធី កត់សម្គាល់ថា ការចាប់ខ្លួនអ្នកភូមិដោយសន្តិសុខក្រុមហ៊ុន និងមន្ត្រីបរិស្ថានខែត្រក្រចេះ គឺជាហេតុផលផ្សេង ព្រោះពលរដ្ឋត្រូវគេចាប់ខ្លួនបាននៅពេលគាស់ដំឡូងដើម្បីបរិភោគនៅខាងមុខផ្ទះពុំបានកាប់ព្រៃក្រុមហ៊ុនដូចការចោទប្រកាន់ទេ។ លើសពីនេះ ស្ថានភាពជំងឺរបស់ពលរដ្ឋក៏កាន់តែធ្ងន់ធ្ងរ អាចមានគ្រោះថ្នាក់ដល់អាយុជីវិត បើព្រះរាជអាជ្ញាខែត្រនេះនៅតែបន្តឃុំខ្លួន។ លោកអំពាវនាវឲ្យព្រះរាជអាជ្ញាខែត្រក្រចេះ លើកលែងបទចោទដល់ពលរដ្ឋដែលកំពុងមានជំងឺ៖ «គាត់ជំងឺសរសៃប្រសាទហើយជំងឺរបស់គាត់គឺជំងឺប្រចាំកាយទៀត។ អ៊ីចឹងអាចទុកគាត់សម្លាប់នៅក្នុងគុកតែម្ដង។ មើលទៅមិនយកយុត្តិធម៌ឲ្យប្រជាជនទេ»។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យបង្អែកខែត្រក្រចេះ ឈ្មោះ នាង យ៉ុង បានចេញលិខិតបញ្ជាក់ថា លោក រឹម ឌុយ មានជំងឺសរសៃប្រសាទ។
ច្បាប់ព្រហ្មទណ្ឌថ្មី មាត្រា ៣១ ចែងថា កាលបើជនណាម្នាក់ ប្រព្រឹត្តបទល្មើសនៅពេលដែលជននោះ កើតវិបល្លាស ឬមានជំងឺសរសៃប្រសាទជននោះ មិនទទួលខុសត្រូវច្បាប់ព្រហ្មទណ្ឌនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
