សាលាដំបូងរាជធានីភ្នំពេញ ទាមទារអោយប្រធានសហព័ន្ធយុវជនខ្មែរ អ្នកស្នេហាជាតិ លោក នាង សុឃុន ដាក់ឯកសារភស្តុតាងទាក់ទិននឹងសំណុំរឿងដែលយុវជនរូបនោះប្ដឹង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាធ្វើអោយបាត់កោះត្រល់ និងតំបន់ដែនសមុទ្រមួយចំនួនទៀត ទៅអោយវៀតណាម ដោយខុសច្បាប់។
លោកបានប្រាប់តាមទូរស័ព្ទនៅក្រោយការសាកសួរជាលើកដំបូង នៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ថា តុលាការនៅមិនទាន់សម្រេចថានឹងចាត់វិធានការយ៉ាងណាចំពោះសំណុំរឿង ដែលលោកប្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះនៅឡើយ៖ «តុលាការគេនៅមិនទាន់សម្រេចចិត្តក្នុងការធ្វើសេចក្តីចោទប្រកាន់ទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឡើយទេ។ ហើយទាមទារអោយយើងបញ្ចេញឯកសារបន្ថែមមួយចំនួនទៀត។ ប៉ុន្តែក្នុងនាមយើងខ្ញុំជាយុវជន ខ្ញុំនឹងដាក់ឯកសារមួយចំនួនធំទៀត។ ខ្ញុំចង់ដេញជើងតុលាការដែលជាតុលាការមួយមានលេសច្រើនក្នុងការសម្រេចចិត្ត ចាត់វិធានការលើសំណុំរឿងរបស់ខ្ញុំនេះបាទ»។
លោក នាង សុឃុន បានដាក់បណ្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣ ខែកុម្ភៈ ដោយចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្នាក់គត់ជាអ្នកបានកាត់កោះត្រល់ និងកោះក្រចកសេះ ឲ្យទៅវៀតណាម ដោយខុសច្បាប់ក្រោមសន្ធិសញ្ញាឆ្នាំ១៩៨២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
