គ្រួសារ​ជន​រង​គ្រោះ​ប្រតិកម្ម​ចំពោះ​តុលាការ​ខេត្ត​ប៉ៃលិន​ដោះលែង​ជន​ជាប់​ចោទ

0:00 / 0:00

ក្រុម​គ្រួសារ​ជនរងគ្រោះ​និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ប្រតិកម្ម​ចំពោះ​ចៅក្រម​តុលាការ​ខេត្ត​ប៉ៃលិន ដែល​បាន​ដោះលែង​ជនជាប់ចោទ​ទាក់ទង​ករណី​គប់​គ្រាប់​បែក​ពីរ​នាក់​ ឲ្យ​ឋិត​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។

ជនជាប់ចោទ​ទាំង​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោយ​បាន​យក​គ្រាប់​បែក​ដៃ​មួយ​គ្រាប់​គប់​ទៅ​ជន​រង​គ្រោះ​ នៅ​ក្នុង​វង់​ផឹកស៊ី​មួយ នៅ​ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤។

អង្គការ​ការពារ​យុត្តិធម៌​កុមារ​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ភ្នំពេញ​ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ចៅក្រម​តុលាការ​ខេត្ត​ប៉ៃលិន ដែល​បាន​សម្រេច​ដោះលែង​ជនជាប់​ចោទ​ពីរ​នាក់​ ឲ្យ​ឋិត​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។ ជនជាប់ចោទ​ទាំង​ពីរ​នាក់​នោះ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់ព័ន្ធ​លើ​ករណី​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​ទៅ​លើ​ប្រជាពលរដ្ឋ​ម្នាក់ នៅ​ខេត្ត​ប៉ៃលិន បណ្ដាល​រង​របួស​ធ្ងន់ធ្ងរ​ និង​ធ្លាក់​ខ្លួន​ជា​មនុស្ស​ពិការ។

មន្ត្រី​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​យុត្តិធម៌​កុមារ លោក ​ច័ន្ទ ​វាសនា​ ថ្លែង​ថា ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៤​ ចៅ​ក្រម​តុលាការ​ខេត្ត​ប៉ៃលិន ​លោក ម៉ក់ ភាង​ បាន​ចេញ​ដីកា​សម្រេច​ដោះ​លែង​ ឈ្មោះ​ ធិន សាមុត​ និង​ឈ្មោះ​ វិត ​ភេង ឲ្យ​​ឋិត​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ ដោយ​សំអាង​ថា គ្រួសារ​របស់​ជនជាប់ចោទ​ទាំង​ពីរ​គ្មាន​អ្នក​រកស៊ី​ចិញ្ចឹម។ លោកចៅ​ក្រម​គ្រាន់​តែ​បាន​តម្រូវ​ឲ្យ​ជនជាប់​ចោទ​ទាំង​ពីរ​នាក់​ដាក់​ប្រាក់​តម្កល់​ចំនួន ១​លាន​រៀល​ប៉ុណ្ណោះ។

លោក ​ច័ន្ទ ​វាសនា៖ «ជនរងគ្រោះ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ស្ទើរ​ស្លាប់​ទៅ​ហើយ​ ក្លាយ​ខ្លួន​ពិការ​ជា​អចិន្ត្រៃយ៍ ហើយ​គាត់​លែង​ជន​ល្មើស​ទៅ។ រឿង​នេះ​យើង​មាន​ការ​ព្រួយ​បារម្ភ​ជនរងគ្រោះ​ទើប​ចេញ​ពី​មន្ទីរពេទ្យ​មក​ កាល​ពី​ថ្ងៃ​ទី​១១ ដើរ​អត់​ទាន់​រួច​ទេ អ៊ីចឹង​គាត់​យល់​ថា​ បទ​ល្មើស​ហ្នឹង​មិន​ធ្ងន់ធ្ងរ។ ម្យ៉ាង​ទៀត​គាត់​ព្រួយ​បារម្ភ ​គ្រួសារ​ប្រពន្ធ​កូន​ជន​ត្រូវ​ចោទ​គ្មាន​អ្នក​ណា​រក​ស៊ី​ចិញ្ចឹម​​គាត់​ហ្នឹង​ទៅ ព្រួយ​តែ​ខាង​ជន​ត្រូវ​ចោទ​វិញ​ ចំណែក​គ្នា​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ពេក បែរ​ជា​គាត់​លែង​ជន​ល្មើស​អ៊ីចឹង»

ជន​រងគ្រោះ​ក្នុង​ករណី​វាយ​ប្រហារ​គ្រាប់​បែក​ក្នុង​វង់​ផឹកស៊ី​នោះ​ មាន​ឈ្មោះ ​ឌី ឡាយហេង អាយុ ១៩​ឆ្នាំ​ រស់​នៅ​ឃុំ​សាលាក្រៅ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន។ បច្ចុប្បន្ន​កំពុង​ដេក​សម្រាក​ព្យាបាល​បន្ត​នៅ​ផ្ទះ​ក្រោយ​ពី​ចេញ​ពី​មន្ទីរពេទ្យ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៤។ ជន​រងគ្រោះ​ឈ្មោះ ​ឌី ឡាយហេង ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤ រូប​គាត់​បាន​ទៅ​អង្គុយ​ផឹក​ស្រាបៀ​នៅ​ផ្ទះ​របស់​ឈ្មោះ​ វិត ភេន​ រស់​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា។

ជនរងគ្រោះ​បញ្ជាក់​ថា នៅ​ក្នុង​វង់​ផឹក​ស៊ី​នោះ ​ឈ្មោះ ​វិត​ ភេន​ បាន​យក​គ្រាប់​បែក​ដៃ​មួយ​គ្រាប់​ដែល​​រើស​បាន​ពី​ចម្ការ​របស់​ខ្លួន​ ស្រាប់​តែ​ឈ្មោះ​ ធិន សាមុត​ ដណ្ដើម​យក​គ្រាប់​បែក​នោះ​ដក​គន្លឹះ (ស្លាបព្រា) បោះ​ទៅ​លើ​ឈ្មោះ​ ឌី ឡាយហេង បន្ទាប់​មក​ពួកគេ​ទាំង​ពីរ​បាន​រត់​គេច​ចេញ​ពី​វង់​ផឹក​ស៊ី៖ «នៅ​ពេល​កើត​ហេតុ ខ្ញុំ​អង្គុយ​ហូប​ជាមួយ​នឹង​ពួក​ពូ មុត និង​បង ភេន ហ្នឹង​ពេល​អង្គុយ​ហូប​ស្រា​ម្នាក់​​ ឈ្មោះ មុត គាត់​សុំ​គ្រាប់​បែក​ពី​ឈ្មោះ បង ភេន ដែល​រើស​បាន​ពី​ចម្ការ​មក​មើល។ ពេល​មើល​ហើយ​គាត់​ដោះ​គន្លឹះ​គ្រាប់​បែក​បោះ​មក​លើ​ខ្ញុំ​វា​ផ្ទុះ ហើយ​ពួកគាត់​រត់​អស់​ទៅ​ របួស​ចំ​ពោះ​ចំ​ជើង​ ធ្លុះ​ពោះ​វៀន ដាច់​ពោះ​វៀន​ ហើយ​ត្រូវ​ថ្លើម​ ជើង​ធ្លុះ​ជើង​មិន​ទាន់​ជា​ផង​នៅ​ព្យាបាល​នៅ​ផ្ទះ​ចង់​ឲ្យ​គេ​ចាប់ គាត់​ចូល​ពន្ធនាគារ​វិញ ដោយសារ​គាត់​អត់​បាន​សង​ថ្លៃ​ព្យាបាល​របួស»

ក្រោយ​មួយ​ថ្ងៃ​នៃ​ថ្ងៃ​កើត​ហេតុ​ គឺ​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ ឈ្មោះ ធិន សាមុត និង​ឈ្មោះ វិត ភេន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ប៉ៃលិន។ នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៤​ តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​ឈ្មោះ​ ធិន សាមុត និង វិត ភេន ពី​បទ​កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ខុស​ច្បាប់ និង​ការ​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​​ជនរងគ្រោះ ហើយ​បាន​បញ្ជូន​ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ។

ការ​ឃុំ​ខ្លួន​នោះ​បាន​ធ្វើ​ឡើង​រយៈពេល ​១​ខែ​ប៉ុណ្ណោះ​ ស្រាប់​តែ​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៤​ ចៅក្រម​តុលាការ​ខេត្ត​ប៉ៃលិន លោក ម៉ក់ ភាង បាន​សម្រេច​ដោះលែង​ឲ្យ​ជន​បង្ក​ហេតុ​ទាំង​ពីរ​នាក់​ឋិត​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ដោយ​គ្រាន់​តែ​តម្រូវ​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​ពីរ​នាក់​តម្កល់​ប្រាក់​ធានា​ចំនួន ១​លាន​រៀល។

វិទ្យុ​អាស៊ីសេរី​ បាន​សុំ​ការ​បញ្ជាក់​ពី​លោក​ចៅក្រម ម៉ក់ ភាង ​ជុំវិញ​ហេតុផល​នៃ​ការ​សម្រេច​ឲ្យ​ជនជាប់ចោទ​ឋិត​នៅ​ក្រៅ​ឃុំ​ ប៉ុន្តែ​លោក​បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​នោះ​ឡើយ។

​លោក ​ច័ន្ទ ​វាសនា ជា​មន្ត្រី​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​យុត្តិធម៌​កុមារ​ថ្លែង​ថា លោក ម៉ក់ ភាង​ ជា​ចៅក្រម​តុលាការ​ខេត្ត​ប៉ៃលិន ​មាន​ភាព​លំអៀង​ទៅ​លើ​ជនជាប់ចោទ។ លោក​រហូត​ដល់​ពេល​ជន​រងគ្រោះ​ ឈ្មោះ ​ឌី ឡាយហេង ធ្លាក់​ខ្លួន​ពិការ​ និង​ពុំ​ទាន់​បាន​ព្យាបាល​របួស​ជា​សះស្បើយ​នៅ​ឡើយ៖ «ហើយ​គាត់​ហ៊ាន​ចិត្ត​ធំ​លែង ហើយ​គាត់​ថា របួស​ហ្នឹង​មិន​ធ្ងន់ធ្ងរ​ទេ​ សំដី​គាត់​អ៊ីចឹង​មិន​សាក សម​ជា​ចៅក្រម​ស៊ើប​សួរ​ គាត់​អត់​កាន់​ជំហរ​កណ្ដាល​ ឥឡូវ​ហ្នឹង​ខាង​ខ្ញុំ​ក៏​ដូច​ជា​ដើម​បណ្ដឹង​ដែរ​ ខ្លាច​លោក ម៉ក់ ភាង គាត់​លើក​លែង​ការ​ចោទ​ប្រកាន់​ឲ្យ​ជន​ត្រូវ​ចោទ​ហ្នឹង​ទៀត»

មន្ត្រី​អង្គការ​ការពារ​យុត្តិធម៌​កុមារ​និង​ជន​រងគ្រោះ​ថ្លែង​ថា ឈ្មោះ ​ធិន សាមុត និង​ឈ្មោះ​ វិត​ ភេន ក្រោយ​ពី​តុលាការ​សម្រេច​ដាក់​ឲ្យ​ឋិត​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ ពួកគេ​កំពុង​រស់​នៅ​ក្នុង​ភូមិ​ជាមួយ​ជន​រងគ្រោះ​ក្នុង​សង្កាត់​សាលាក្រៅ​ស្រុក​សាលាក្រៅ​ខេត្ត​ប៉ៃលិន។ ទោះ​យ៉ាង​នេះ​ក្ដី​ជន​រងគ្រោះ​នៅ​តែ​ទាមទារ​យក​រក​យុត្តិធម៌​ ហើយ​សុំ​ឲ្យ​តុលាការ​ខេត្ត​ប៉ៃលិន ​ផ្ដន្ទាទោស​ជន​ត្រូវ​ចោទ​ទាំង​ពីរ​នាក់​ទៅ​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។