តុលាការ​សន្យា​បើក​សវនាការ​សំណុំ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​លើ​គ្រួសារ​ក្រីក្រ​នៅ​ចុង​ខែ​មីនា

0:00 / 0:00

សាលាដំបូង​រាជធានី​ភ្នំពេញ សន្យា​ថា នឹង​លើក​យក​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​ឡើង​លើ​គ្រួសារ​ក្រីក្រ​មួយ​នៅ​ខណ្ឌ​ឫស្សីកែវ ជិត​មួយ​ឆ្នាំ​មក​ហើយ​នោះ មក​ជំនុំជម្រះ​នៅ​ចុង​ខែ​មីនា ខាង​មុខ។ ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ បាន​ហៅ​ជនរងគ្រោះ​មក​ប្រាប់​ដំណឹង​នេះ ក្រោយ​ពី​មាន​បណ្ដាញ​សារព័ត៌មាន​ចុះផ្សាយ​ពី​ចំណាត់​ការ​យឺតយ៉ាវ​របស់​តុលាការ។

ជនរងគ្រោះ​សម្ដែង​ក្ដី​សង្ឃឹម​ថា យុត្តិធម៌​ដែល​គាត់​បាន​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ទៅ​ហើយ​នោះ ហាក់​មាន​ពន្លឺ​តិចៗ​មក​វិញ​ហើយ ក្រោយ​ពី​តុលាការ​ហៅ​មក​ប្រាប់​ដំណឹង​នេះ។

ថ្លែង​ក្រោយ​ពេល​ចេញ​ពី​តុលាការ ជនរងគ្រោះ​ឈ្មោះ ខេង សុខុម ហៅ ម៉ៅ ដែល​បាន​ធ្លាក់ខ្លួន​ពិការ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​កូនប្រុស​ម្នាក់​របស់​គាត់​បាន​បាត់​បង់ជីវិត ឲ្យ​ដឹង​ថា តុលាការ​សន្យា​ថា នឹង​បញ្ជូន​សំណុំរឿង​របស់​គាត់​យក​ទៅ​ជំនុំជម្រះ​នៅ​ចុង​ខែ​មីនា។ តុលាការ​ប្រាប់​គាត់​ដែរ​ថា មូលហេតុ​នៃ​ការ​យឺតយ៉ាវ​កន្លង​មក ដោយសារ​តុលាការ​កំពុងតែ​ស៊ើប​អង្កេត ហើយ​តុលាការ​បាន​ស្នើ​លោក​ទុក​ពេល​ឲ្យ​តុលាការ​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទៀត។

​លោក ខេង សុខុម៖ «គិត​ថា រង់ចាំ​បន្តិច​សាកមើល ព្រោះ​គាត់​បាន​និយាយ​ជាមួយ​ខ្ញុំ​ដែរ​ថា នឹង​អាច​ធ្វើ​នៅ​ចុង​ខែ​៣ តែ​បើ​គាត់​ស៊ើបអង្កេត​មិន​ទាន់​មាន​ន័យ​គ្រប់គ្រាន់​នោះ​ទេ តុលាការ​គេ​ប្រាប់​ថា រឹត​តែ​យូរ​ទៀត​ហើយ អ៊ីចឹង​ទេ មាន​តែ​ទុក​ពេល​វេលា​ឲ្យ​គាត់​ស៊ើបអង្កេត​ច្បាស់លាស់​សិន»

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ លោក ខេង សុខុម ហៅ ម៉ៅ និង​កូនប្រុស​ឈ្មោះ ទឹង សុខា អាយុ ២០​ឆ្នាំ ត្រូវ​បាន​រថយន្ត​ដែល​គេ​ដឹង​ថា ជា​របស់​ក្រុមហ៊ុន​លក់​ទឹកកក​មួយ បាន​បុក​ចំ​ពី​មុខ ហើយ​អូស​ជា​ច្រើន​ម៉ែត្រ​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​កំពុង​ដឹក​កូន​ចេញ​ពី​ផ្ទះ​ទៅ​ឡើង​ឡាន​នៅ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​ក្នុង​សង្កាត់​ទឹកថ្លា ដើម្បី​រួម​ដំណើរ​ជាមួយ​មិត្ត​រួម​ថ្នាក់​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ក្រុង​ព្រះសីហនុ។

គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​ផ្ដាច់​យក​ជីវិត​កូន​ប្រុស​តែមួយ​គត់​របស់​គាត់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ។ ចំណែក​លោក ខេង សុខុម បាន​ធ្លាក់​ខ្លួន​ពិការ​រហូត​មក​ទល់​សព្វថ្ងៃ។

ទោះ​ជា​បែប​នេះ​ក្តី រហូត​មក​ទល់​ពេល​នេះ គ្រួសារ​លោក ខេង សុខុម ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌ ឬ​សំណង​ពី​ជន​បង្ក​ហេតុ​នៅ​ឡើយ បើ​ទោះ​ជា​រថយន្ត​បង្កហេតុ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ប្រគល់​ជូន​តុលាការ​រក្សា​ទុក​រួច​ហើយ​ក្តី។

កន្លង​មក​នៅ​ពេល​មាន​ភាព​ស្ងប់ស្ងាត់​ពី​តុលាការ ក្រុម​គ្រួសារ​លោក ខេង សុខុម បាន​សម្ដែង​ការ​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​ចំពោះ​ប្រព័ន្ធ​តុលាការ​កម្ពុជា។

លោក ខេង សុខុម មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ លោក​ហាក់​មាន​អារម្មណ៍​ស្ងប់​ជាង​មុន បន្ទាប់​ពី​តុលាការ​ហៅ​មក​ប្រាប់​ថា នឹង​លើក​យក​សំណុំរឿង​របស់​គាត់​ទៅ​ជំនុំជម្រះ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ចុះ លោក​នឹង​នៅ​តាមដាន​ចំណាត់​ការ​របស់​តុលាការ​បន្ត​ទៀត៖ «ឥឡូវ​តាម​ចិត្ត​ខ្ញុំ ខ្ញុំ​សង្ឃឹម​ដល់ ៩០​ភាគរយ នៅ ១០​ភាគរយ​ទៀត ទាល់តែ​ចប់​បាន​សង្ឃឹម ១០០​ភាគរយ។ ពីមុន​នឹក​ឃើញ​ថា ខ្លួនឯង​ជា​កម្មករ​លីសែង អត់​មាន​បងប្អូន សាច់ញាតិ​ធ្វើ​ការ មិន​មាន​លុយ​មាន​កាក់ ដល់​អ៊ីចឹង​ដូចជា​មិន​មាន​សង្ឃឹម​ទាល់តែសោះ»

ជា​កសិករ​មកពី​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម លោក ខេង សុខុម បច្ចុប្បន្ន​រស់​នៅ​ជាមួយ​ភរិយា​ក្នុង​បន្ទប់​ជួល​មួយ​តម្លៃ ២០​ដុល្លារ​ក្នុង​១​ខែ ឋិត​នៅ​ភូមិ​ស្ពានខ្ពស់ សង្កាត់​គីឡូម៉ែត្រលេខ៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ បើ​ទោះ​ជា​មាន​ជីវភាព​ទីទ័លក្រ គ្រួសារ​លោក ខេង សុខុម ខិតខំ​រកស៊ី​ដើម្បី​ចិញ្ចឹម​កូន​ឲ្យ​បាន​រៀន​សូត្រ​រហូត​ដល់​ចប់​ថ្នាក់​មហាវិទ្យាល័យ។ ប៉ុន្តែ ជា​អកុសល​កូនប្រុស​របស់​គាត់​ត្រូវ​បាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្ដាច់​យក​ជីវិត ដោយ​បន្សល់​ទុក​នូវ​តែ​ភាព​សោកសៅ និង​ឈឺ​ចាប់​សម្រាប់​គ្រួសារ​ក្រីក្រ​មួយ​នេះ។

ចាប់​ពី​មាន​គ្រោះថ្នាក់​កើត​ឡើង ប្រភព​ចំណូល​របស់​គ្រួសារ​ទាំង​មូល គឺ​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ការងារ​របស់​ភរិយា​លោក ខេង សុខុម ដែល​សព្វថ្ងៃ​ប្រកប​របរ​ជា​កម្មករ​សែ​ង​ដំឡូង​នៅ​រោងចក្រ​មួយ​ក្នុង​ខណ្ឌ​ឫស្សីកែវ។ ការងារ​នេះ​ផ្តល់​ចំណូល​ជា​មធ្យម ១៥.០០០​រៀល​ក្នុង​១​ថ្ងៃ។

ចំពោះ​រឿង​នេះ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ដើម្បី​ជៀសវាង​កុំ​ឲ្យ​ពលរដ្ឋ​ចោទ​ប្រកាន់​ថា តុលាការ​មើល​ឃើញ​តែ​ប្រាក់ ឬ​ជៀសវាង​ពលរដ្ឋ​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា តុលាការ​គួរ​ពន្លឿន​ការ​ជំនុំជម្រះ​លើ​សំណុំ​រឿង​នេះ ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។