តុលាការ​ខេត្ត​ពោធិ៍សាត់​ពន្លឿន​ការ​សាកសួរ​ស្ត្រី​ជាប់​ចោទ​ឈូស​ឆាយ​ដី​រដ្ឋ

0:00 / 0:00

ចៅក្រម​នៃ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ កំពុង​តែ​ពន្លឿន​នីតិវិធី​ស៊ើបសួរ​របស់​ខ្លួន​ទៅ​លើ​ស្ត្រី​ម្នាក់​ឈ្មោះ ស៊ិន សៀន ក្រោម​បទ​ចោទ​កាប់​រាន​ឈូស​ឆាយ​ដី​ព្រៃ​ហ៊ុមព័ទ្ធ​ធ្វើ​ជា​កម្មសិទ្ធិ។

អ្នកស្រី ស៊ិន សៀន ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ នៅ​គ្រា​ដែល​អាជ្ញាធរ​ចុះ​បង្ក្រាប និង​ដុត​បំផ្លាញ​ផ្ទះ​ប្រជា​ពលរដ្ឋ​ជាង ៧០​ខ្នង ស្ថិត​ក្នុង​ឃុំ​ក្រពើពីរ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ត្រៀម​នឹង​បង្កើត​គណៈកម្មការ​ប្រព្រឹត្តិកម្ម​មួយ ដើម្បី​ចុះ​ស៊ើប​អង្កេត​ក្នុង​ករណី​នេះ​ឲ្យ​បាន​ច្បាស់​លាស់។

ករណី​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ និង​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បាន​ឈាន​ដល់​ការ​ដុត​បំផ្លាញ​ផ្ទះ ចាប់​មនុស្ស​ដាក់​គុក និង​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ​ក្នុង​រូបភាព​មួយ​ដែល​មន្ត្រី​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា ជា​អំពើ​អមនុស្ស​ធម៌ និង​រំលោភ​សិទ្ធិមនុស្ស។ អាជ្ញាធរ​បាន​ប្រើ​វិធានការ​ក្ដៅ​នេះ ដោយ​យោង​លើ​ហេតុ​ផល​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​កំពុង​តែ​រស់​នៅ​ខុស​ច្បាប់​នៅ​លើ​ដី​ព្រៃ​ការពារ​របស់​រដ្ឋ។

ប្រធាន​តុលាការ​ខេត្ត​ពោធិ៍សាត់ និង​ជា​ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំ​រឿង​នេះ លោក ថោង អុល មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ថា លោក​កំពុង​តែ​ពិនិត្យ​មើល និង​ជជីក​សួរ​បន្ថែម​ទៀត​ទៅ​លើ​ជន​សង្ស័យ ប៉ុន្តែ​លោក​មិន​អាច​បង្ហើប​ពី​លទ្ធផល​នៃ​ការ​សាកសួរ ឬ​ថា​អាច​នឹង​មាន​ការ​ឃាត់​ខ្លួន​​ពលរដ្ឋ​ផ្សេង​ទៀត​ក្នុង​ករណី​នេះ​ឬ​អត់​នោះ​ទេ។

លោក ថោង អុល៖ «ការ​ចោទ​ប្រកាន់​គេ​មាន​ឯកសារ​មួយ​ចំនួន​នោះ​វា​មាន​ស្រេច​ហើយ​បាន​យើង​ស៊ើប​សួរ​បញ្ជាក់​បន្ថែម​ទៀត វា​លេចចេញ​ទៅ​ជា​ស្អី​ទៅ​ណា​មក​ណា​ទៀត អា​ហ្នឹង​ការងារ​ក្រោយ​យើង​អត់​អាច​និយាយ​មុន​បាន​ទេ»

ច្បាប់​ស្ដី​អំពី​ព្រៃ​ឈើ​​មាត្រា ៩៧ ត្រង់​ចំណុច​ទី​៦​ ចែង​ថា ជន​ណា​ដែល​កាប់​រាន​ព្រៃ ឈូស​ឆាយ​ដី​ព្រៃ ហ៊ុមព័ទ្ធ​កាន់​កាប់​ដី​ព្រៃ​ ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ថ្នាក់​ទី​១ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ចាប់​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ និង​ត្រូវ​រឹប​អូស​វត្ថុ​តាង​ទាំង​អស់​មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា បាន​ថ្លែង​រិះគន់​ចំពោះ​អាជ្ញាធរ និង​តុលាការ​ថា ការ​ចាប់​ខ្លួន​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ស៊ិន សៀន គឺ​ជា​ការ​អនុវត្ត​ខុស​ពី​នីតិវិធី​ច្បាប់ ដោយ​ការ​ចាប់​ខ្លួន​នោះ​ធ្វើ​ឡើង​ដោយ​គ្មាន​ដីកា និង​មិន​មែន​ជា​បទល្មើស​ជាក់​ស្ដែង។ ចំណែក​សកម្មភាព​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នេះ អាជ្ញាធរ​ហាក់​មិន​បាន​គិត​ពី​សិទ្ធិ និង​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​ឡើយ។

លោក ភួង សុធា៖ «ការ​បង្កើត​ហ្នឹង គឺ​យើង​ស្រាវជ្រាវ​ឲ្យ​ដល់​ឫសគល់​នៃ​បញ្ហា ថា​តើ​ប្រជាពលរដ្ឋ​ទាំង​អស់​ហ្នឹង​ក្រីក្រ​ពិត​ប្រាកដ​មែន ឬ​អត់? អាជ្ញាធរ​ខេត្ត​គាត់​បាន​រៀបចំ​ដី​សម្បទាន​សង្គម​កិច្ច​ឲ្យ​ពួក​គាត់​ហ្នឹង​ទៅ​តំបន់​ទួលក្រួស ​ហើយ​តំបន់​ទួលក្រួស​ហ្នឹង វា​ជា​ប្រភេទ​ដី​យ៉ាង​ដូច​ម្ដេច? នៅ​ពេល​ដែល​យើង​រក​ឃើញ​បញ្ហា​ទាំង​អស់​ហ្នឹង​ហើយ យើង​នឹង​ដាក់​បញ្ហា​ទាំង​អស់​ហ្នឹង​ជូន​ខាង​គណៈ​អភិបាល​ដើម្បី​ធ្វើ​ការ​ពិចារណា​ឡើង​វិញ»

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​បំបែក​ក្រុម​ប្រជាពលរដ្ឋ​ចេញ​ពី​ខាង​មុខ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ដែល​តវ៉ា​ឲ្យ​មាន​ការ​ដោះលែង​ស្ត្រី​ម្នាក់​ឈ្មោះ ស៊ិន សៀន និង​បញ្ឈប់​សកម្មភាព​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ។ ក្រោយ​ពី​នោះ ពួកគាត់​បាន​រស់​នៅ​បែក​ខ្ញែក​គ្នា និង​ខ្លះ​ពុំ​មាន​ទី​លំនៅ​ពិត​ប្រាកដ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​វាលវែង លោក ឆេ ឈីវ មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ចលនា​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​មក​រស់នៅ​ជុំ​គ្នា​ក្នុង​តំបន់​ទួលក្រួស ដែល​រដ្ឋ​បាន​កំណត់​ជា​ទីតាំង​ផ្ដល់​ដីសម្បទាន​សង្គមកិច្ច​ជូន​ពួកគាត់ ដើម្បី​ងាយ​ស្រួល​គ្រប់​គ្រង​ផ្នែក​សន្តិសុខ ជីវភាព និង​សុខភាព។

លោក ឆេ ឈីវ៖ «ឃើញ​គេ​មក ប៉ុន្តែ​ថា​មក​អា​កន្លែង​ផ្លូវ​ចូល​ហ្នឹង ហើយ​ឥឡូវ​បំបែក​គ្នា។ អ្នក​ខ្លះ​គេ​មាន​ផ្ទះ​តាម​ដង​ផ្លូវ និង​ខ្លះ​មាន​ផ្ទះ​បង​ប្អូន​ចូល​ជ្រៀត​ជ្រក​នៅ​ទៅ។ គេ​ធ្វើ​ស្រែ​ក្បែរៗ​ហ្នឹង ដាំ​ដំណាំ​អី​ក៏​គេ​រស់ ប៉ុន្តែ​គាត់​មិន​ធ្វើ គាត់​ដើរ​តែ​ចោះ​ត្រង់​ណេះ​មួយ​កញ្ចុប ត្រង់​ណោះ​មួយ​កញ្ចុប អា​ព្រៃ​ស្រោង​ហ្នឹង»

លោក​បញ្ជាក់​ថា កាល​ពី​ចុង​ឆ្នាំ​២០១២ មាន​ប្រជាពលរដ្ឋ​ទទួល​បាន​ដី និង​រស់​នៅ​តំបន់​ទួលក្រួស ជាង ៧០​គ្រួសារ។ ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ទទួល​ដី​សម្រាប់​បង្ក​បង្កើន​ផល​ចំនួន ១​ហិកតារ​កន្លះ និង​ដី​លំនៅឋាន​ទំហំ​ទទឹង ៣០​ម៉ែត្រ បណ្ដោយ ៤០​ម៉ែត្រ។ ចំពោះ​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ​ដែល​អះអាង​ថា ខ្លួន​បាន​ចូល​ទៅ​រស់​នៅ​ចំណុច​អូរ​ធំ និង​ចម្ការ​ចេក នៃ​ឃុំ​ក្រពើ​ពីរ ជា​យូរ​មក​ហើយ​នោះ ត្រូវ​បាន​អាជ្ញាធរ​បដិសេធ និង​បញ្ជាក់​ថា ពួកគាត់​ទើប​ចូល​មក​កាប់​រាន​ដី​ព្រៃ និង​រស់នៅ​ក្នុង​ពេល​ពេល​ថ្មីៗ​ទើប​អាជ្ញាធរ​មាន​វិធានការ​បណ្ដេញ​ចេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។