តុលាការ​ខេត្ត​ពោធិ៍សាត់​គ្រោង​ប្រកាស​សាលក្រម​លើ​សកម្មជន​បក្ស​ប្រឆាំង​ដើម​ខែ​ក្រោយ

0:00 / 0:00

មន្ត្រី​សិទ្ធិមនុស្ស និង​ជនសង្ស័យ​ដែល​ជា​សកម្មជន​បក្ស​ប្រឆាំង​ក្នុង​សំណុំ​រឿង​កាប់​រុករាន​ដី​ព្រៃ​បម្រុង​ទុក ឬ​ព្រៃ​សហគមន៍ រិះគន់​ចៅក្រម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់។ ការ​រិះគន់​នេះ គឺ​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បើក​សវនាការ​សួរដេញដោល​លើ​ជនសង្ស័យ​ម្នាក់​ កាល​ពី​ថ្ងៃ​២៨ ខែ​តុលា ហើយ​ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិមនុស្ស និង​ជន​សង្ស័យ​ថា មាន​ភាព​មិន​ប្រក្រតី។

បើ​ពុំ​មាន​អ្វី​ប្រែប្រួល​ទេ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ក្នុង​សំណុំ​រឿង​នេះ គឺ​លោក ម៉ៅ ស៊ីណា នឹង​សម្រេច​សេចក្ដី​ផ្ដន្ទាទោស ឬ​មិន​ផ្ដន្ទាទោស​លើ​លោក សោម សារាវុត ដែល​ជា​អនុ​ប្រធាន​ទី​២ នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​ស្រុក​ក្រគរ គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ ជន​សង្ស័យ​គិត​ថា សាលក្រម​នោះ​នឹង​មាន​អយុត្តិធម៌​ចំពោះ​ខ្លួន។

ជន​សង្ស័យ​ដែល​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់ ប្ដឹង​ចោទ​ថា បាន​កាប់​ព្រៃ​សហគមន៍ គឺ​លោក សោម សារាវុត ថ្លែង​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ថា ចៅក្រម​មិន​ទទួល​យក​ការ​បកស្រាយ​របស់​លោក ហើយ​ទទួល​យក​ការ​ចោទ​ប្រកាន់​ដោយ​មិន​ត្រឹម​ត្រូវ​របស់​អាជ្ញាធរ និង​តំណាង​រដ្ឋបាល​ព្រៃ​ឈើ។

លោក​បន្ត​ថា លោក​នឹង​មិន​ចូល​ស្ដាប់​ការ​ប្រកាស​សាលក្រម​នោះ​ទេ ហើយ​លោក​ក៏​មិន​គេច​ខ្លួន​ដែរ​បើ​តុលា​ការ​សម្រេច​ផ្ដន្ទាទោស​រូប​លោក​ដាក់​ពន្ធនាគារ​នោះ៖ «គេ (ដើម​បណ្ដឹង) ​មាន​ឌីស​ទូរទស្សន៍​បាយ័ន​មួយ ដែល​គេ​ថត​បាន កាល​ពី​ឆ្នាំ​២០១២ ឬ​២០១៣ ហ្នឹង! ខ្ញុំ​បាន​ដឹកនាំ​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​របស់​ខ្ញុំ​ដែល​ត្រូវ​គេ​រំលោភ​ដីធ្លី​ហ្នឹង​តវ៉ា​នៅ​លើ​ដី​របស់​ខ្លួន នៅ​ពេល​គេ​ចុះ​ដាប់​ដុត​បំផ្លាញ​របង ស្រែ​ចម្ការ និង​ដំណាំ​ផ្សេងៗ ហើយ​គេ​ថត​បាន​ខ្ញុំ​នៅ​ពេល​នោះ ស្រាប់​តែ​គេ​ចោទ​ថា ខ្ញុំ​ប្រាកដ​ជា​បាន​កាប់​រាន​ដី​ព្រៃ​របស់​គេ​ហ្នឹង​មែន»

លោក សោម សារាវុត ត្រូវ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់ ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​កាល​ពី​ឆ្នាំ​២០១៣ ដោយ​ចោទ​ពី​បទ​កាប់​រុករាន​ដី​ព្រៃ​បម្រុង​ទុក។ បណ្ដឹង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ចេញ​សេចក្ដី​ជូន​ដំណឹង​កំណត់​ដី​ទំហំ ៥០០​ហិកតារ នៅ​ចំណុច​អន្សរក្ដាម ធ្វើ​ជា​ព្រៃ​សហគមន៍។ ការ​កំណត់​ដី​សហគមន៍​ដោយ​ផ្អែក​លើ​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​នេះ បាន​ប៉ះពាល់​ដល់​ដី​អ្នក​ភូមិ​អន្សរក្ដាម នៃ​ឃុំ​ស្នាអន្សា ចំនួន ៦៤​គ្រួសារ ប៉ុន្តែ​ពួកគេ​បាន​ដោះដូរ​ដី​ចេញ​ជា​បន្តបន្ទាប់​ហើយ។

ដោយ​ឡែក​គ្រួសារ​លោក សោម សារាវុត និង​ពលរដ្ឋ​ចំនួន ២០​គ្រួសារ​ផ្សេង​ទៀត មិន​ព្រម​ដោះដូរ​ដី​ចេញ ហើយ​ទាមទារ​ដី​ទំហំ ៦៣​ហិកតារ នៅ​ចំណុច​ភូមិ​អន្សរក្ដាម ដោយ​អះអាង​ថា បាន​កាន់កាប់ និង​អាស្រ័យ​ផល​តាំង​អំឡុង​ឆ្នាំ​១៩៨៣។ ក្រោយ​ពី​ដី​តំបន់​នេះ​កាត់​ចូល​ជា​ព្រៃ​សហគមន៍​នៅ​ឆ្នាំ​២០១១ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​ការពារ​ដោយ​រក​រឿង​ចោទ​ប្រកាន់​តាម​គ្រប់​រូប​ភាព​ចំពោះ​ពលរដ្ឋ​ណា​ដែល​ទៅ​កាប់​រុករាន​ព្រៃ​នៅ​តំបន់​នោះ។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សំណុំ​រឿង​នេះ គឺ​លោក ម៉ៅ ស៊ីណា បដិសេធ​មិន​អត្ថាធិប្បាយ​អ្វី​ឡើយ នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ដោយ​លោក​ប្រាប់​ថា កំពុង​បើក​ឡាន។

ទាក់ទង​បញ្ហា​នេះ​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) គឺ​លោក អំ សំអាត ដែល​បាន​ចូល​ស្ដាប់​សវនាការ​នេះ​ផ្ទាល់​ថ្លែង​ថា នៅ​ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដូច​ជា របាយការណ៍​ស៊ើប​អង្កេត​លើ​ទីតាំង​កើត​ហេតុ​បែរ​ជា​នៅ​នឹង​ដៃ​ដើម​បណ្ដឹង ចៅ​ក្រម​មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​ដើម​បណ្ដឹង និង​សវនាការ​បាន​ជាង ១​ម៉ោង​ទើប​ប្រធាន​ចៅក្រម​ស្នើ​ឲ្យ​អ្នក​ចូល​រួម​ស្ដាប់​សវនាការ​បង្ហាញ​អត្តសញ្ញាណ​ជា​ដើម។

លោក​ថា បញ្ហា​ទាំង​អស់​នេះ​ហើយ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ជំនុំ​ជម្រះ​រឿង​ក្ដី៖ «រឿង​នេះ​ដូច​ជា​ចម្លែក​ថា ការ​ផ្ដល់​ព្រៃ​សហគមន៍​នេះ​ថា ក្រុមហ៊ុន​ថា​អ្នក​ផ្ដល់ ហើយ​រដ្ឋបាល​ព្រៃឈើ​ថា រដ្ឋាភិបាល​ជា​អ្នក​ផ្ដល់​ឲ្យ ហើយ​មិន​បាន​កំណត់​ទីតាំង​ណា​ច្បាស់​លាស់​ទេ​ទុក​ឲ្យ​ខាង​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​មូលដ្ឋាន​រក​ដី​ទុក​សម្រាប់​ជា​ព្រៃ​សហគមន៍​ហ្នឹង​ទៅ​វិញ»

យ៉ាងណា​មេឃុំ​ស្នាអន្សា លោក មោក កោ ធ្លាប់​បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន រួម​នឹង​អាជ្ញាធរ​ថ្នាក់​ជាតិ បាន​ពិនិត្យ​មើល​គ្រប់​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ ប៉ុន្តែ​លោក សោម សារាវុត នៅ​តែ​មិន​ព្រម​ទទួល​យក។ លោក​ថា ការ​ពិត​អ្នក​ដែល​មិន​ព្រម​ទទួល​យក​ការ​ដោះដូរ​មាន​តែ ៦​គ្រួសារ​ប៉ុណ្ណោះ ប៉ុន្តែ​បាន​បំបែក​ឈ្មោះ​ទៅ​ជា ២១​គ្រួសារ​ដើម្បី​តវ៉ា។ ប៉ុន្តែ​ដី​ដែល​កំពុង​ទាមទារ​នោះ គឺ​ជា​ប្រភេទ​ដី​ព្រៃ​ដែល​មិន​អាច​ផ្ដល់​ជូន​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។