មន្ត្រីផ្នែកច្បាប់មានការិយាល័យនៅខេត្តរតនគិរី អំពាវនាវសុំឲ្យក្រសួងយុត្តិធម៌ ស៊ើបអង្កេតភាពមិនប្រក្រតីក្នុងការអនុវត្តសាលក្រមបង្ខំរុះរើផ្ទះប្រជាពលរដ្ឋ ២គ្រួសារ តាមរយៈប្រធានតុលាការខេត្តដែលធ្វើឡើងមិនត្រឹមត្រូវតាមក្រមនីតិវិធីរដ្ឋប្បវេណី និងសេចក្ដីណែនាំរបស់ក្រសួងយុត្តិធម៌។ ចំណែកប្រធានតុលាការខេត្តឆ្លើយតបវិញថា លោកបានអនុវត្តត្រឹមត្រូវតាមច្បាប់ និងការណែនាំរបស់ក្រសួងយុត្តិធម៌។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីប្រធានតុលាការខេត្តរតនគិរី បានដឹកនាំកងរាជអាវុធហត្ថបង្ខំរុះរើផ្ទះប្រជាពលរដ្ឋពីរគ្រួសារនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង កាលពីថ្ងៃទី២៨ ខែតុលា តាមអំណាចសាលក្រមស្ថាពររបស់សាលាដំបូងខេត្តរតនគិរី ដែលបានសម្រេចប្រគល់ដីជាង ៨អាររបស់ឈ្មោះ អ៊ុំ សារិត្យ និងភរិយាឈ្មោះ ទូច ណៃអេង ដែលជំពាក់ប្រាក់ទៅឲ្យឈ្មោះ ស្រេង សុខហូរ និងឈ្មោះ យ៉ែម លីឡា ជាម្ចាស់បំណុល។
មន្ត្រីច្បាប់នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ប្រចាំខេត្តរតនគិរី លោក មាស សុភា កត់សំគាល់ថា ប្រធានតុលាការខេត្តដែលដឹកនាំអនុវត្តសាលក្រមបង្ខំរុះរើផ្ទះដើម្បីយកដីប្រគល់ឲ្យម្ចាស់បំណុល គឺមិនអនុលោមទៅនឹងច្បាប់រដ្ឋប្បវេណី និងសេចក្ដីណែនាំរបស់ក្រសួងយុត្តិធម៌ ដែលតម្រូវឲ្យមន្ត្រីអយ្យការគឺជាអ្នកមានភារកិច្ចអនុវត្ត ខណៈមន្ត្រីទទួលបន្ទុកកិច្ចការអាជ្ញាសាលាមិនទាន់ចាត់តាំងចូលបំពេញភារៈ។
លោកកត់សំគាល់ទៀតថា ដីទំហំជាង ៨អារ ដែលប្រធានតុលាការអនុវត្តសាលក្រមរឹបអូសនោះ គឺជាដីត្រូវបានផ្ទេរសិទ្ធិកាន់កាប់អចលនៈទៅឲ្យអ្នកទិញដីដោយមិនបានឆ្លងកាត់ការប្រគល់ទៅឲ្យគូភាគីឈ្នះក្ដីតាមរយៈមន្ត្រីអយ្យការនៅឡើយ៖ «វាជាតួនាទីរបស់ព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារងមិនមែនតួនាទីរបស់ប្រធានតុលាការ ឬមួយចៅក្រមទេ»។
ឆ្លើយតបការចោទប្រកាន់នេះ ប្រធានតុលាការខេត្តរតនគិរី លោក សួស ឡា ចាត់ទុកការអះអាងរបស់មន្ត្រីផ្នែកច្បាប់ថា ជាការយល់ខុស ពីព្រោះលោកបានអនុវត្តត្រឹមត្រូវតាមច្បាប់ និងការណែនាំរបស់ក្រសួងយុត្តិធម៌ ស្ដីពីការអនុត្តររុះរើដោយបង្ខំ។
លោកថា ដីដែលរឹបអូសនេះមិនទាន់មានការប្រគល់ឲ្យគូភាគីឈ្នះក្ដីនៅឡើយ គឺការប្រគល់ដីត្រូវធ្វើឡើងតាមរយៈមន្ត្រីស្ថាប័នអយ្យការតាមការណែនាំរបស់ក្រសួងយុត្តិធម៌៖ «យើងអត់ទាន់ប្រគល់ទេ គ្រាន់តែរឹបអូស។ តុលាការអនុវត្តនីតិវិធីរឹបអូស បើរឹបអូសមិនទាន់បានផង ប្រគល់យ៉ាងម៉េច? យើងរុះរើអស់ហើយបានយើងដល់ដំណាក់កាលប្រគល់។ អាហ្នឹងអាជ្ញាសាលា»។
អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជីន ម៉ាលីន បដិសេធមិនវិនិច្ឆ័យករណីចោទឆ្លើយទាក់ទិនការអនុវត្តសាលក្រមនោះទេ ក៏ប៉ុន្តែលោកទទួលស្គាល់ថា សេចក្ដីណែនាំរបស់ក្រសួងយុត្តិធម៌ នៅតែមានសុពលភាព ខណៈមន្ត្រីទទួលបន្ទុកកិច្ចការអាជ្ញាសាលាមិនទាន់ចាត់តាំងចូលបំពេញតួនាទី។
ដោយឡែកលោកកត់សំគាល់ថា ក្រសួងយុត្តិធម៌ កំពុងរៀបចំលក្ខន្តិកៈសម្រាប់មន្ត្រីកិច្ចការអាជ្ញាសាលាដើម្បីកំណត់តួនាទីភារកិច្ចបានត្រឹមត្រូវ ចៀសវាងអនុវត្តខុសតួនាទីរបស់មន្ត្រីតុលាការក្នុងការអនុវត្តសាលក្រម សាលដីកា និងដីកាសម្រេចរបស់តុលាការ៖ «ខ្ញុំមិនដឹងការងារជាក់ស្ដែងយ៉ាងម៉េចដែរ ជួនកាលការងារបន្ទាន់ដែរ មើលទៅជាការងារបែបបទរដ្ឋបាល»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី កាលពីថ្ងៃទី២៩ ខែតុលា ក៏បានអំពាវនាងសុំឲ្យក្រសួងយុត្តិធម៌ សើរើរឿងក្ដីនេះឡើងវិញ បន្ទាប់ពីលោករកឃើញថា មានភាពមិនប្រក្រតីមួយចំនួនដែលបង្កឲ្យមានភាពអយុត្តិធម៌ពីរផ្នែកចំពោះម្ចាស់ដី គឺតុលាការមិនបានផ្ដល់ព័ត៌មានទូលំទូលាយពីសាលដីការឹបអូសដីជាង ៨អារ ដែលពាក់ព័ន្ធម្ចាស់កាន់កាប់ពីរនាក់។
ចំណែកដីដែលប្រកាសលក់ឡាយឡុងត្រូវបានលក់ទៅឲ្យឈ្មោះ លី សុវណ្ណារ៉ា ជាកូនប្រសាដើមបណ្ដឹងដែលច្បាប់ចាត់ទុកជាសហព័ទ្ធនៃភាគីជម្លោះ គឺមិនអនុញ្ញាតឲ្យទិញដីនោះបានទេ ពិសេសទៀត គឺតម្លៃដេញថ្លៃលក់ដីដែលរឹបអូសទាបត្រឹម ៧៥ដុល្លារក្នុង ១ម៉ែត្រការ៉េ ខណៈតម្លៃទីផ្សារលក់ដីបច្ចុប្បន្នជាង ១៧០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
