ជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ដោយសារទំនប់វារីអគ្គិសនីសេសានក្រោមពីរ ៣នាក់ ត្រូវបានតំណាងអយ្យការខែត្រស្ទឹងត្រែង កោះហៅចូលស្រាយបំភ្លឺពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ ដែលបានកើតឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧។ ក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកដីកានេះថាបំបាក់ស្មារតីពលរដ្ឋដែលតែងតវ៉ាទាមទារដីធ្លី និងសិទ្ធិរស់នៅ ខណៈភូមិឋានពួកគាត់នឹងក្លាយជាអាងស្តុកទឹកនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
ជនជាតិដើមភាគតិចរស់នៅភូមិក្បាលរមាសចាស់ ឃុំក្បាលរមាស ស្រុកសេសាន ខែត្រស្ទឹងត្រែង ៣នាក់នៅមិនទាន់ត្រៀមខ្លួនស្រាយបំភ្លឺយ៉ាងណាទេ ហើយពួកគាត់កំពុងស្វែងរកការអន្តរាគមន៍ផ្នែកច្បាប់ពីអង្គការសិទ្ធិមនុស្ស។
តំណាងអយ្យការ និងជាអ្នកនាំពាក្យសាលាដំបូងខែត្រស្ទឹងត្រែង លោក គឹម ហុងសាន ឲ្យដឹងនៅថ្ងៃទី៣០ សីហា ថា ដីកាកោះហៅពលរដ្ឋចូលស្រាយបំភ្លឺនេះ ដោយមានពាក្យបណ្តឹងរបស់សមត្ថកិច្ចដែលប្រចាំការនៅតំបន់នោះ ដែលចោទថាអ្នកទាំងនោះប្រឆាំងរាជការសាធារណៈ។ លោកបញ្ជាក់ថា ដើមបណ្តឹង គឺជាសមត្ថកិច្ចពាក់ព័ន្ធដែលមានអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក និងខែត្រ៖ « យើងនិយាយថា កម្លាំងសមត្ថកិច្ចដែលគាត់ប្រចាំការនៅទីហ្នឹង គាត់ប្រឆាំងរាជការសាធារណៈ ម៉្លេះហើយគាត់កសាងសំណុំរឿងឡើងមក យើងគ្រាន់តែកោះហៅគាត់មកបំភ្លឺទេ អត់មានយកនេះទេ » ។
ដីកាកោះហៅរបស់តំណាងអយ្យការខែត្រស្ទឹងត្រែង ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ បានសម្រេចឲ្យជនជាតិដើមភាគតិចព្នង ៣នាក់ រស់នៅភូមិស្រែគរចាស់ ឃុំស្រែគរ ស្រុកសេសាន ចូលស្រាយបំភ្លឺនៅសាលាដំបូងខែត្រស្ទឹងត្រែង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីសាកសួរពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។
ជនជាតិដើមភាគតិចព្នង ម្នាក់ដែលអយ្យការកោះហៅកញ្ញា ជឿន ស្រីម៉ុម វ័យ ២១ឆ្នាំ ហាក់មិនភ័យព្រួយចំពោះដីកានេះទេ ហើយសហគមន៍ដែលបដិសេធមិនទទួលសំណងជាង ១០០គ្រួសាររស់នៅភូមិក្បាលរមាស និងឃុំស្រែគរ នឹងលើកគ្នាទៅស្រាយបំភ្លឺរួមគ្នា ព្រោះពលរដ្ឋដែលមានវិបត្តិដីធ្លីជាមួយក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ពុំមែនកើតមានតែចំពោះមនុស្ស ៣នាក់ទេ៖ « អាជ្ញាធរណាដែលពាក់ព័ន្ធ ពេលនិយាយបែរជាចោទយើងមានន័យថា គេរំលោភខ្ញុំរួចហើយ គេចោទយើងទៀត។ គេមិនគួរធ្វើចឹងដាក់ពលរដ្ឋទេ បើគ្រាន់បើ ជនល្មើសក្នុងព្រៃទៅទប់ស្កាត់ទៅ » ។
អ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង បានផ្តាច់ទូរស័ព្ទនៅពេលអាស៊ីសេរីទូរស័ព្ទចូល ក៏ប៉ុន្តែលោកធ្លាប់ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២៣ កក្កដា ថា សមត្ថកិច្ចបានឃាត់ខ្លួនពលរដ្ឋជាង ២០នាក់កាលពីថ្ងៃទី២៣ កក្កដា ដោយគ្រាន់តែអប់រំណែនាំ ព្រោះពលរដ្ឋទាំងនោះបានសារភាពថា ពួកគេធ្វើដំណើរពីខែត្រមណ្ឌលគិរី ទៅភូមិក្បាលរមាស ដោយសារបុរសឈ្មោះ ដាំ សំណាង កៀរគរសហគមន៍របស់ពួកគាត់ឲ្យចូលរួមសកម្មភាពជាមួយអ្នកភូមិក្បាលរមាស ហើយផលប្រយោជន៍ ពួកគាត់នឹងបានដីធ្លីនៅតំបន់នោះ។ លោកថា ក្រោយពីសមត្ថកិច្ចសាកសួររួច បានដោះលែងពលរដ្ឋឲ្យត្រឡប់ទៅលំនៅឋានវិញ លើកលែងតែប្រធានក្រុម សមត្ថកិច្ចនឹងធ្វើការឃាត់ខ្លួនតាមច្បាប់៖ « សមត្ថកិច្ចសាកសួរនេះ គាត់បានសារភាពថា លោក ដាំ សំណាង ដែលជាពលរដ្ឋនៅឃុំក្បាលរមាស បានទៅកៀរគរគាត់ សហគមន៍គាត់ឲ្យមកដើម្បីចូលរួមធ្វើសកម្មភាព ហើយផលប្រយោជន៍នឹងបានដីធ្លីនៅឃុំស្រែគរចាស់។ ឃើញសកម្មភាពបែបនេះ កុំឲ្យមានសភាពការណ៍មិនល្អនៅក្នុងមូលដ្ឋាន សមត្ថកិច្ចត្រូវឃាត់ខ្លួនពលរដ្ឋមកពីឆ្ងាយសិន សាកសួរព័ត៌មានរួចហើយ នឹងបញ្ជូនគាត់ត្រឡប់ទៅវិញ លើកលែងតែប្រធានក្រុម នឹងធ្វើការឃាត់ខ្លួនតាមច្បាប់ » ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល ថ្លែងថា អង្គការលោកនឹងត្រៀមប្រឹក្សាផ្នែកច្បាប់ជុំវិញរឿងនេះ និងព្យាយាមស្វែងរកមេធាវីឲ្យជនជាតិដើមភាគតិច។ លោកយល់ថា ដីកាកោះនោះជាការបំបាក់ស្មារតីពលរដ្ឋដែលបដិសេធមិនទទួលសំណងពីក្រុមហ៊ុន ដែលលោកចាត់ទុកថា ចំណាត់ការរបស់អាជ្ញាធរកំពុងធ្វើឲ្យពលរដ្ឋរឹតតែខឹងសម្បា ដែលជាដើមហេតុនាំឲ្យគោលនយោបាយផ្តល់សំណងរបស់រដ្ឋាភិបាលកាន់តែស្មុគស្មាញ៖ « មិនគួរថាលោកព្រះរាជអាជ្ញាចេញដីកាហៅពលរដ្ឋហ្នឹងទេ វាដូចជាមិនសម » ។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សកម្ពុជា នៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ថា អាជ្ញាធរគួរតែរកមធ្យោបាយណាដោះស្រាយវិវាទដីធ្លីដោយសន្តិវិធី ប្រសើរជាងប្រើប្រព័ន្ធតុលាការដែលនាំឲ្យគេរិះគន់ថា អាជ្ញាធរបានគំរាមកំហែង និងធ្វើទុក្ខបុកម្នេញជនជាតិដើមភាគតិច បង្កឲ្យប៉ះពាល់ដល់មុខមាត់អាជ្ញាធរ និងរដ្ឋាភិបាល៖ « បើសិនជាមានបញ្ហាចឹងទៅ មានការតវ៉ានាំតែមានការចោទប្រកាន់វែងឆ្ងាយទៀតទៅលើអ្នកនេះ ទៅលើអ្នកនោះ នៅពីក្រោយ នៅពីមុខ » ។
អគ្គលេខាធិការសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា លោក ឡូ រ៉ង់ ចាត់ទុកដីកាកោះនេះថាជារឿងអយុត្តិធម៌។ លោកថា បណ្តឹងនេះកំពុងគំរាមកំហែងធ្ងន់ធ្ងរដល់សិទ្ធិជនជាតិដើមភាគតិចមួយកម្រិតទៀត ដែលលោកចាត់ទុកថាជាបណ្តឹងគ្មានហេតុផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
