ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នឹងសម្រេចចោទប្រកាន់ជនសង្ស័យដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅថ្ងៃទី១៣ ខែកក្កដា ស្អែកនេះ បន្ទាប់ពីសាកសួរអស់រយៈពេលពីរថ្ងៃកន្លងទៅ។
ការសួរចម្លើយរបស់ព្រះរាជអាជ្ញានៅថ្ងៃទី១២ ខែកក្កដា នេះ ត្រូវសមត្ថកិច្ចបញ្ជូនជនសង្ស័យមកដល់តុលាការតាំងពីម៉ោង ៧ព្រឹក រហូតដល់ម៉ោងជិត ៥ល្ងាច ទើបសមត្ថកិច្ចបញ្ជូនជនសង្ស័យទៅឃុំខ្លួនបន្តនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
រថយន្តដឹកជនសង្ស័យឈ្មោះ អឿត អាង ហៅជួបសម្លាប់ ត្រូវបានការពារយ៉ាងយកចិត្តទុកដាក់ដោយមានក្បួនម៉ូតូក្រុមកងកម្លាំងប្រដាប់ដោយអាវុធ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្ដាញសង្គមតេលេក្រាមក្រោយបញ្ចប់ការសាកសួរនៅរសៀលថ្ងៃទី១២ ខែកក្កដា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ និងជាព្រះរាជអាជ្ញារងកាន់សំណុំរឿងនេះ លោក លី សុផាណា ឲ្យដឹងថា អយ្យការកំពុងពិនិត្យលើឯកសារចម្លើយ ឯកសារនានា និងភស្តុតាងផ្សេងទៀតនៅក្នុងរឿងនេះ ដែលឈានទៅដល់ការសម្រេចចោទប្រកាន់នៅថ្ងៃស្អែកទី១៣ ខែកក្កដា។
លោកព្រះរាជអាជ្ញាបញ្ជាក់ថា ឯកសារសំណុំរឿងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី រួមមានទាំងចម្លើយជនល្មើស សាក្សី និងភស្តុតាងផ្សេងៗនោះ បានប្រមូលពីកន្លែងកើតហេតុដោយក្រុមប៉ូលិសក្រុងភ្នំពេញ។
ទាក់ទងដំណើររឿងនេះដែរ អ្នកនាំពាក្យដដែលបន្តថា ជនល្មើសជាអ្នកត្រូវឆ្លើយចម្លើយដោយខ្លួនឯងទៅព្រះរាជអាជ្ញាដោយមិនមានមេធាវី និងមិនទាន់បានពឹងពាក់មេធាវីការពារសិទ្ធិឲ្យជនសង្ស័យនៅឡើយទេក្នុងដំណាក់កាលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។