មេធាវីការពារក្តីឲ្យ លោក ផន ណុល ជាតំណាងពលរដ្ឋមានទំនាស់ដីធ្លីនៅឃុំព្រែកខ្សាច់ ខេត្តកោះកុង បានអះអាងថា តុលាការខេត្តកោះកុង នឹងដោះលែងកូនក្តីរបស់លោកដែលតុលាការខេត្តនេះចាប់ដាក់គុក ឲ្យមានសេរីភាពវិញនៅថ្ងៃច័ន្ទ ទី១០ ខែវិច្ឆិកា ខាងមុខ។
ការសន្យាដោះលែងសកម្មជនដីធ្លីរូបនេះឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយសារតែប្រជាពលរដ្ឋចំនួន ១៣៥គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន អែស.អ៊ី.ហ្សិត (SEZ) របស់លោកឧកញ៉ា លី យ៉ុងផាត់ បានប្រមូលផ្តុំគ្នាតវ៉ា និងស្នាក់នៅពីមុខតុលាការទាំងយប់ទាំងថ្ងៃអស់រយៈពេលជាង ១សប្ដាហ៍មកហើយ ដើម្បីទាមទារឲ្យតុលាការដោះលែងតំណាងរបស់ពួកគាត់។
លោក ឡុង លន់ មេធាវីការពារក្តីឲ្យ លោក ផន ណុល តំណាងពលរដ្ឋមានទំនាស់ដីធ្លី ៣ភូមិ នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ឲ្យដឹងនៅថ្ងៃទី៦ ខែវិច្ឆិកា ថា ក្រោយពេលរូបលោកបានដាក់ពាក្យស្នើសុំឲ្យកូនក្តីឈ្មោះ លោក ផន ណុល បាននៅក្រៅឃុំ កាលពីថ្ងៃទី៤ វិច្ឆិកា ពេលនេះតុលាការបានឆ្លើយតបថានឹងដោះលែងតាមសំណើរបស់លោក។
លោកថា ការដោះលែងនេះ គឺតុលាការបានភ្ជាប់លក្ខខណ្ឌមួយចំនួន ដូចជា ស្នើឲ្យប្រជាពលរដ្ឋបញ្ឈប់ការប្រមូលផ្តុំទាំងយប់ទាំងថ្ងៃចេញពីមុខតុលាការ និងតម្រូវឲ្យ លោក ផន ណុល ត្រូវមកបង្ហាញខ្លួនទៅតាមការណាត់របស់តុលាការ ជាដើម៖ «ខ្ញុំបានដាក់ពាក្យស្នើទៅតុលាការឲ្យដោះលែងកូនក្តី លោក ផន ណុល នៅក្រៅឃុំមួយទៀត ហើយតាមព័ត៌មានដែលយើងទទួលបានថា លោកចៅក្រមគាត់សម្រេចថា នឹងដោះលែងនៅថ្ងៃច័ន្ទ ខាងមុខនេះ។ លិខិតលើកទី២ គឺយើងបានបញ្ជូនទៅខេត្តកោះកុង កាលពីថ្ងៃទី៤ ខែវិច្ឆិកា។ ហើយដោយសារតែក្នុងកំឡុងពេលនេះ យើងបានឈប់សម្រាក គឺតុលាការខេត្តកោះកុង បានផ្តល់ព័ត៌មានមកថា នឹងដោះលែងគាត់ គឺលោក ផន ណុល នៅថ្ងៃច័ន្ទ»។
កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ លោក ខាំ សុផារី ចៅក្រមស៊ើបសួរតុលាការខេត្តកោះកុង ដែលមន្ត្រីសង្គមស៊ីវិល និងពលរដ្ឋចោទថា មានល្បិចកលខ្លាំង បានសម្រេចឃុំខ្លួន លោក ផន ណុល ក្រោយពេលកោះឲ្យចូលខ្លួនបំភ្លឺលើបណ្ដឹងពីបទលួចទ្រព្យសម្បត្តិ ប្ដឹងដោយតំណាងក្រុមហ៊ុន អែស.អ៊ី.ហ្សិត របស់លោកឧកញ៉ា លី យ៉ុងផាត់។
បន្ទាប់ពីតុលាការឃុំខ្លួន លោក ផន ណុល ក្រុមប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ចំនួន ៣ភូមិ មានគ្នាប្រមាណជា ៦០នាក់ បានប្រមូលផ្តុំគ្នាលើកបដាដើរហែក្បួន និងតវ៉ានៅពីមុខតុលាការខេត្តកោះកុង ទាំងយប់ទាំងថ្ងៃ ចាប់តាំងពីថ្ងៃទី២៨ ខែតុលា រហូតមកដល់ពេលនេះ ដើម្បីទាមទារឲ្យដោះលែង លោក ផន ណុល ឲ្យមានសេរីភាពវិញ។ ប្រជាពលរដ្ឋទាំង ៣ភូមិ ដែលចោទក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ថាបានរំលោភយកដីបង្កបង្កើនផលនោះ គឺមកពីភូមិព្រែកខ្សាច់ ភូមិសំរុងតាកែវ និងភូមិយាយសែន ស្ថិតក្នុងឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។
លោក រៀម រុំ តំណាងឲ្យពលរដ្ឋមានទំនាស់ដីធ្លីម្នាក់ថ្លែងថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋចន្លោះពី ៥០ ទៅ ៦០នាក់ បានបន្តប្រមូលផ្តុំតវ៉ា និងស្នាក់នៅមុខតុលាការខេត្តកោះកុង ទាំងយប់ថ្ងៃ ដើម្បីទាមទារឲ្យតុលាការខេត្តនេះដោះលែងតំណាងឈ្មោះ ផន ណុល ជាជនពិការដៃម្ខាងពីពន្ធនាគារ។ លោកបន្តថា ទំនាស់ដីធ្លីជាមួយក្រុមហ៊ុន អែស.អ៊ី.ហ្សិត របស់លោកឧកញ៉ា លី យ៉ុងផាត់ គឺបានកើតមានតាំងពីឆ្នាំ២០០៥ មកម្ល៉េះ ហើយពលរដ្ឋធ្លាប់បានដាក់ពាក្យបណ្ដឹងទៅកាន់ស្ថាប័នពាក់ព័ន្ធ ឲ្យជួយរកដំណោះស្រាយជាបន្តបន្ទាប់តាំងពីឆ្នាំ២០១០ មក។ ស្ថាប័នទាំងនោះមានដូចជា ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម រដ្ឋសភា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម ប៉ុន្តែអត់មានដំណោះស្រាយទេរហូតដល់ឆ្នាំ២០១៤ នេះ៖ «ការដោះលែង លោក ផន ណុល ហ្នឹង គេឈប់ឲ្យយើងនៅរញ៉េរញ៉ៃពីមុខតុលាការសាលាដំបូងខេត្តកោះកុង ទៀត។ កិច្ចសន្យាគេៗឈប់ឲ្យយើងនៅពីមុខសាលាដំបូងខេត្ត ដោយមានស្នាមមេដៃតំណាងពលរដ្ឋ ឬពលរដ្ឋ គេនឹងដោះលែង។ ពួកខ្ញុំឡើងមកហ្នឹង គឺឲ្យឡើងមក ដើម្បីឲ្យបំភ្លឺហេតុអីតុលាការចាប់ពួកខ្ញុំ។ ម្សិលមិញខ្ញុំនិយាយប្រាប់តុលាការថា ដោះលែងតំណាងខ្ញុំថ្ងៃណា ខ្ញុំចាកចេញពីមុខតុលាការថ្ងៃហ្នឹងភ្លាម»។
ទាក់ទិនបញ្ហានេះដែរ លោក នាង បូរ៉ាទីណូ អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកោះកុង បញ្ជាក់ថា លោក ផន ណុល ត្រូវតុលាការចោទ និងចាប់ដាក់គុកតាមបណ្ដឹងរបស់ក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ដោយសារបានរក្សាទុកសម្ភារៈសំណង់ក្រុមហ៊ុន ដែលសង់របងលើដីធ្លី និងបិទផ្លូវទៅស្រែចម្ការរបស់ពួកគាត់កាលពីដើមឆ្នាំ២០១៤។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានរិះគន់មន្ត្រីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ពិសេសមន្ត្រីស្ថាប័នកំពូលៗ មានខុទ្ទកាល័យប្រមុខដឹកនាំ និងរដ្ឋសភា ជាដើម ថាអសមត្ថភាពដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋ ហើយទុកឲ្យក្រុមហ៊ុនធ្វើទុក្ខបុកម្នេញពលរដ្ឋ ដោយប្រើប្រព័ន្ធតុលាការគំរាមចាប់ដាក់គុកច្រវាក់ រហូតមកដល់សព្វថ្ងៃនេះ៖ «ហើយថ្ងៃទី១០ ខែវិច្ឆិកា ដោះលែង លោក ផន ណុល ហ្នឹង តុលាការបានឲ្យពលរដ្ឋធ្វើកិច្ចសន្យាមួយជាមួយតុលាការដែរ ព្រោះខ្លាចថា ដល់ពេលតុលាការដោះលែង លោក ផន ណុល ទៅ ស្រាប់តែប្រជាពលរដ្ឋគាត់នៅពេញមុខតុលាការខេត្ត ហើយអត់មានអ្នកទទួលខុសត្រូវ។ ចឹងបានថា បើត្រូវដោះលែង សូមឲ្យប្រជាពលរដ្ឋត្រឡប់ទៅផ្ទះវិញ គឺកុំឲ្យចងមុងដេកនៅមុខតុលាការ ឬដាំបាយដាំអីជាដើមនៅពីមុខតុលាការតទៅទៀត។ ហ្នឹងហើយ គាត់សំណូមពរចឹងតុលាការនោះ»។
មន្ត្រីអង្គការលីកាដូ (Licadho) និងសមាគមអាដហុក (Adhoc) ខេត្តកោះកុង ចាត់ទុកថា ករណី លោក ខាំ សុផារី ចៅក្រមស៊ើបសួរតុលាការខេត្តកោះកុង សម្រេចឃុំខ្លួន លោក ផន ណុល និងចេញដីកាកោះពលរដ្ឋ ៣នាក់ទៀត ឲ្យចូលខ្លួនទៅបំភ្លឺពីបទលួចទ្រព្យសម្បត្តិទៅតាមបណ្ដឹងក្រុមហ៊ុន អែស.អ៊ី.ហ្សិត ថាជាការគំរាមបំបាក់ស្មារតីពលរដ្ឋ ដែលហ៊ានចេញតវ៉ាជម្លោះដីជាមួយក្រុមហ៊ុនរបស់អ្នកមានទ្រព្យធន ឬមានងារជាឧកញ៉ាៗ ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន។
ទាក់ទិនបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកោះកុង លោក នាង បូរ៉ាទីណូ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋមានទំនាស់ដីធ្លីទាំង ៣ភូមិមានគ្នាចន្លោះពី ៥០ ទៅ ៦០នាក់ មិនចាកចេញពីមុខតុលាការខេត្តកោះកុង ទេ គឺនាំគ្នាសម្រាកនៅពីមុខតុលាការខេត្តនេះទាំងយប់ថ្ងៃ ចាប់តាំងពីថ្ងៃទី២៨ ខែតុលា មក។ ពលរដ្ឋទាំងនេះ បានអះអាងថា នឹងបន្តប្រមូលផ្តុំនៅពីមុខតុលាការរហូតតុលាការខេត្តកោះកុង ដោះលែងតំណាងរបស់ខ្លួនឈ្មោះ លោក ផន ណុល ចេញពីពន្ធនាគារឲ្យមានសេរីភាពវិញ ទើបប្រកាសរំសាយការប្រមូលផ្តុំតាមក្រោយ ទោះបីតុលាការសន្យាដោះលែងតំណាងខ្លួននៅថ្ងៃច័ន្ទ ទី១០ ខែវិច្ឆិកា ខាងមុខបែបណាក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
