ស្នងការ​ខេត្ត​ព្រះសីហនុ​កោះ​ហៅ​អ្នក​កាសែត​ដើម​អំពិល​ចូល​បំភ្លឺ​តាម​បណ្ដឹង​ស្ត្រី​វៀតណាម

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន បាន​ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់ ទៅ​លើ​លិខិត​កោះ​ហៅ​ភ្នាក់ងារ​សារព័ត៌មាន​ដើម​អំពិល និង​ហ្វ្រែសញូវ (Fresh News) ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ តាម​បណ្ដឹង​របស់​ស្ត្រី​ជនជាតិ​វៀតណាម ម្នាក់​ជា​អតីត​អ្នក​ទោស​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ។

មន្ត្រី​សង្គម​ស៊ីវិល និង​នាយក​វិទ្យាស្ថាន​កម្ពុជា ដើម្បី​ការ​សិក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក មឿន ឈានណារិទ្ធ មាន​ប្រសាសន៍​ថា សេរីភាព​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា មិន​ទាន់​ទូលំទូលាយ​ទេ ហើយ​សកម្មភាព​របស់​អ្នក​កាសែត​នៅ​តែ​មាន​ការ​គំរាម​កំហែង និង​បំភិតបំភ័យ។

ប្រតិកម្ម​នេះ កើត​ឡើង​បន្ទាប់​ពី​ភ្នាក់ងារ​សារព័ត៌មាន​ដើម​អំពិល និង​ហ្វ្រែសញូវ មួយ​រូប​ប្រចាំ​ខេត្ត​ព្រះសីហនុ ឈ្មោះ ជុំ ភារម្យ ត្រូវ​អតីត​មេ​ឈ្មួញ​គ្រឿង​ញៀន​ប្រចាំ​ខេត្ត​នេះ ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ហើយ​ត្រូវ​មន្ត្រី​យុត្តិធម៌​ស្ថាប័ន​នេះ កោះ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ភ្លាមៗ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា។

ទាក់ទិន​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា លោក​វរសេនីយ៍ឯក កុល ផាលី ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​លិខិត​កោះ​ហៅ​ឈ្មោះ ជុំ ភារម្យ មាន​ទីលំនៅ​ក្នុង​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ដើម្បី​ឆ្លើយ​បំភ្លឺ​តាម​បណ្ដឹង​របស់​ស្ត្រី​ឈ្មោះ ផុក ចាន់ ហៅ ចែ​ង៉ា ពី​បទ​បរិហារ​កេរ្តិ៍​តាម​សារព័ត៌មាន។

ត្រង់​ចំណុច​នេះ នាយក​វិទ្យាស្ថាន​កម្ពុជា ដើម្បី​ការ​សិក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក មឿន ឈានណារិទ្ធ បាន​ស្នើ​ដល់​លោក​ឧត្តមសេនីយ៍ត្រី ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ត្រូវ​ពិនិត្យ​ចំពោះ​សកម្មភាព​របស់​ភ្នាក់ងារ​សារព័ត៌មាន​ដើម​អំពិល និង​ហ្វ្រែសញូវ ជាមួយ​ដើម​បណ្ដឹង​ឈ្មោះ ចែ​ង៉ា ដែល​ធ្លាប់​ដាក់​គុក​ទាក់ទង​បទល្មើស​គ្រឿង​ញៀន ប៉ុន្តែ​ក្រោយ​ចេញ​ពី​គុក បាន​ប្ដឹង​អ្នក​កាសែត​ពេល​នេះ។

បន្ថែម​លើ​នេះ លោក​ក៏​បាន​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​អនុវត្ត​ការងារ ឬ​មាន​ពាក្យ​បណ្ដឹង​ទៅ​លើ​អ្នក​កាសែត ត្រូវ​លើក​យក​ច្បាប់​សារព័ត៌មាន​មក​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ៖ «រឿង​បែប​នេះ​បាន​កើត​មាន​ជា​ញឹកញាប់​មក​ហើយ សម្រាប់​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​សៀមរាប ខេត្ត​កំពង់ឆ្នាំង ខេត្ត​បាត់ដំបង និង​ដទៃ​ទៀត ដែល​អាជ្ញាធរ​ហាក់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សេចក្តី​រាយការណ៍​របស់​អ្នក​សារព័ត៌មាន​ទេ ទាក់ទង​បទល្មើស​ព្រៃ​ឈើ បទល្មើស​នេសាទ និង​បទល្មើស​គ្រឿង​ញៀន​ជាដើម។ ជាពិសេស​នៅ​ពេល​អ្នក​ពាក់ព័ន្ធ​បទល្មើស​ជា​ឈ្មួញ​មាន​ទ្រព្យ​ធន និង​មន្ត្រី​មាន​អំណាច ជាដើម»

ទាក់ទិន​បញ្ហា​នេះ លោក ប៊ួន ណារិទ្ធ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ភ្ញាក់​ផ្អើល​កាល​បើ​ដឹង​ថា អតីត​ឈ្មួញ​លក់​គ្រឿង​ញៀន​ដ៏​ល្បី​ឈ្មោះ និង​ត្រូវ​តុលាការ​ខេត្ត​នេះ​ធ្លាប់​ចាប់​ដាក់​គុក​ចំនួន ២​លើក ដោយសារ​បទល្មើស​គ្រឿង​ញៀន ប៉ុន្តែ​បែរ​ជា​មក​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​អ្នក​កាសែត ដែល​ហ៊ាន​ចុះ​ផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​គ្រឿង​ញៀន ដែល​កំពុង​ធ្វើ​ចរាចរ​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ទៅ​វិញ។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ក៏​បាន​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​មន្ត្រី​តុលាការ ត្រូវ​ដាក់​ទោស​ទណ្ឌ​ចំពោះ​បទល្មើស​គ្រឿង​ញៀន ឬ​ឈ្មួញ​នៅ​ពី​ក្រោយ​បទល្មើស​នេះ​ឲ្យ​បាន​ធ្ងន់ធ្ងរ ប្រយោជន៍​ឲ្យ​ជន​ល្មើស​រាង​ចាល។ បន្ថែម​លើ​នេះ មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​ដែល​ធ្លាប់​សាធារណជន​ចោទ​ថា បាន​ពាក់ព័ន្ធ​ឈ្មួញ​គ្រឿង​ញៀន និង​បទល្មើស​ផ្សេងៗ​ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុក​រលួយ ត្រូវ​ងាក​ឲ្យ​ផុត​ពី​បទ​ចោទ​នេះ៖ «ករណី​ឈ្មួញ​គ្រឿង​ញៀន​ប្ដឹង​អ្នក​កាសែត ដែល​រាយការណ៍​ពី​មុខ​សញ្ញា​គ្រឿង​ញៀន​ដែល​ចេញ​ពី​គុក ហើយ​បាន​មក​លក់​គ្រឿង​ញៀន​ដដែល ហើយ​បើ​សិន​ជា​អាជ្ញាធរ ឬ​តុលាការ​ចោទ​ប្រកាន់​មក​លើ​អ្នក​សារព័ត៌មាន គឺ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដល់​ឈ្មួញ​គ្រឿង​ញៀន។ ម្យ៉ាង​ទៀត នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ អស់​សង្ឃឹម និង​លែង​មាន​ជំនឿ​ទៅ​លើ​អាជ្ញាធរ ឬ​កង​កម្លាំង​ប្រដាប់​អាវុធ ក៏ដូចជា​តុលាការ​ទៀត​ដែរ»

លោក ប៊ួន ណារិទ្ធ អះអាង​ថា បទល្មើស​គ្រឿង​ញៀន​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ជា​រៀង​រាល់​ថ្ងៃ នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ទោះ​បី​សមត្ថកិច្ច​ពាក់ព័ន្ធ​ខិតខំ​បើក​យុទ្ធនាការ​បង្ក្រាប និង​ចាប់​បាន​ជន​សង្ស័យ ឬ​ជនល្មើស បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​ជា​បន្តបន្ទាប់​បែប​ណា​ក្តី។ បញ្ហា​នេះ លោក​ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច ត្រូវ​ចុះ​ស៊ើប​អង្កេត​បទល្មើស​គ្រឿង​ញៀន និង​ឈាន​ដល់​ចាប់​មេ​ខ្លោង​យក​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​អះអាង​ថា បទល្មើស​គ្រឿង​ញៀន​បាន​បន្ត​ចរាចរ​នៅ​តំបន់​ភ្នំ​ខៀវ ក្នុង​សង្កាត់​លេខ២ ឬ​សង្កាត់​លេខ៤ ជាដើម ហើយ​ជន​ជួញ​ដូរ​គ្រឿង​ញៀន​ទាំង​នោះ ហាក់​មិន​ញញើត​កម្លាំង​សមត្ថកិច្ច​ទេ៖ «សព្វថ្ងៃ​នេះ​ប្រជាពលរដ្ឋ​នៅ​មាន​ទំនុក​ចិត្ត​ទៅ​លើ​អ្នក​សារព័ត៌មាន​ទេ ដែល​ពួក​គាត់​នៅ​មាន​ទំនុក​ចិត្ត និង​រាយការណ៍​ទាក់ទង​មុខ​សញ្ញា​បទល្មើស​គ្រឿង​ញៀន និង​បទល្មើស​ផ្សេងៗ ដែល​កើត​មាន​នៅ​តាម​មូលដ្ឋាន។ បញ្ហា​គ្រឿង​ញៀន​នេះ សូម​ឲ្យ​សមត្ថកិច្ច និង​តុលាការ ធ្វើ​យ៉ាង​ណា​ជួយ​ឲ្យ​សង្គម​កម្ពុជា លុប​បំបាត់​គ្រឿង​ញៀន​ឲ្យ​បាន​ជា​ស្ថាពរ។ ជាង​នេះ បើ​សិន​ជា​មេ​ឈ្មួញ​គ្រឿង​ញៀន នៅ​តែ​មាន​លទ្ធភាព​ប្ដឹង​ទៅ​លើ​អ្នក​សារព័ត៌មាន ឬ​ប្រជាពលរដ្ឋ​ទាំង​ឡាយ​ណា ដែល​រាយការណ៍​ទៅ​លើ​មុខ​សញ្ញា​គ្រឿង​ញៀន គឺ​ខេត្ត​ព្រះសីហនុ មិន​អាច​លុប​បំបាត់​គ្រឿង​ញៀន​បាន​ទេ»

បញ្ហា​នេះ លោក សយ សុភាព នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អំពិល ក៏​បាន​ស្នើ​ដល់ លោក ជួន ណារិន ស្នងការ​នគរបាល​ថ្មី​ខេត្ត​ព្រះសីហនុ ត្រូវ​ពិនិត្យ​ថ្លឹងថ្លែង​ទៅ​លើ​ជនជាតិ​វៀតណាម មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ ផុក ចាន់ ឬ​ហៅ ចែ​ង៉ា ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ភ្នាក់ងារ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​ព្រមាន​ថា នឹង​ពិនិត្យ​តាម​ដាន​ទៅ​លើ​សកម្មភាព​របស់ ចែ​ង៉ា អតីត​ឈ្មួញ​គ្រឿង​ញៀន​ដែល​ធ្លាប់​ត្រូវ​តុលាការ​ចាប់​ដាក់​គុក ២​ដង ទាក់ទង​បទល្មើស​គ្រឿង​ញៀន ដែល​បាន​ប្ដឹង​ភ្នាក់ងារ​របស់​លោក​ប្រចាំ​ខេត្ត​ព្រះសីហនុ ដោយ​យក​ចិត្ត​ទុក​ដាក់។ ជាង​នេះ​ទៀត លោក​ថា​នឹង​បន្ត​ស្រាវជ្រាវ​អំពី​ប្រវត្តិ​ផ្សេងៗ​របស់​ម្ចាស់​ពាក្យ​បណ្ដឹង​រូប​នេះ​ឲ្យ​បាន​ពិស្ដារ និង​ត្រៀម​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ទៀត​នា​ថ្ងៃ​ខាង​មុខ។ លោក សយ សុភាព សង្កត់​ធ្ងន់​ថា រាល់​ពាក្យ​បណ្ដឹង​ផ្សេងៗ លោក​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ដាក់​មក​កាន់​មជ្ឈមណ្ឌល​ដើម​អំពិល ជា​អ្នក​បំភ្លឺ ឬ​ក៏​កែ​តម្រូវ​ការ​ផ្សាយ​ដោយ​មិន​គួរ​ប្ដឹង​បុគ្គល​ជា​ភ្នាក់ងារ​របស់​លោក​ទេ។

ត្រង់​ចំណុច​នេះ លោក សយ សុភាព បាន​ហៅ​ទង្វើ​របស់​ម្ចាស់​ពាក្យ​បណ្ដឹង​ជនជាតិ​វៀតណាម មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ ផុក ចាន់ ហៅ ចែ​ង៉ា ថា​ជា​ទង្វើ​ដ៏​អស្ចារ្យ​មួយ ហើយ​ក៏​ទំនង​ជា​អាច​មាន​បុគ្គល​ជា​កម្លាំង​សមត្ថកិច្ច​មួយ​ចំនួន​អាច​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពី​ក្រោយ​ពាក្យ​បណ្ដឹង​មក​លើ​ភ្នាក់ងារ​របស់​ខ្លួន។ ជាង​នេះ លោក សយ សុភាព ក៏​ចាត់​ទុក​ពាក្យ​បណ្ដឹង​មក​កាន់​ភ្នាក់ងារ​របស់​លោក ថា​ជា​សារ​គំរាម​កំហែង ឬ​មាន​ចេតនា​បំភិតបំភ័យ​ភ្នាក់ងារ​ខ្លួន ឬ​អ្នក​កាសែត​ដទៃ​ទៀត ដែល​ហ៊ាន​សរសេរ​រិះគន់​ចំៗ​ទៅ​លើ​បទល្មើស​គ្រឿង​ញៀន និង​បទល្មើស​ផ្សេងៗ បង្ក​អសន្តិសុខ​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ កន្លង​មក៖ «សំខាន់​ត្រូវ​តែ​ប្ដឹង​មក​អង្គភាព​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អំពិល​របស់​ខ្ញុំ​នៅ​ភ្នំពេញ ដើម្បី​បំភ្លឺ ឬ​កែ​តម្រូវ​ជាដើម»

ទាក់ទិន​បញ្ហា​នេះ លោក ជុំ ភារម្យ ដែល​ត្រូវ​អតីត​ឈ្មួញ​គ្រឿង​ញៀន​ប្ដឹង​ចោទ បាន​ឲ្យ​ដឹង​ថា លោក​បាន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ តាម​លិខិត​កោះ​អញ្ជើញ​រួច​ហើយ ហើយ​មន្ត្រី​យុត្តិធម៌​ស្ថាប័ន​នេះ​មិន​បាន​សួរ​នាំ​ច្រើន​ទេ ដោយ​គ្រាន់​តែ​សួរ​ថា​ធ្លាប់​ស្គាល់ ចែ​ង៉ា ទេ​ពី​មុន​មក និង​សួរ​នាំ​អំពី​ការ​ចុះ​ផ្សាយ​ព័ត៌មាន​គ្រឿង​ញៀន​ដែល​ភ្ជាប់​ឈ្មោះ ចែ​ង៉ា នៅ​ក្នុង​អត្ថបទ​ចុះ​ផ្សាយ​កន្លង​មក។ ប៉ុន្តែ​នៅ​ក្នុង​ជំនួប​នោះ លោក​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា​មិន​ដែល​ស្គាល់​មុខ​ស្ត្រី​ឈ្មោះ ង្វៀង ទីង៉ា ហៅ ចែ​ង៉ា ដែល​ប្ដឹង​រូប​លោក​នេះ​ទេ ហើយ​ការ​ចុះ​ផ្សាយ​អត្ថបទ​គ្រឿង​ញៀន​នៅ​លើ​គេហទំព័រ​ហ្វ្រែសញូវ ដោយ​ភ្ជាប់​ឈ្មោះ ចែ​ង៉ា នៅ​ក្នុង​សាច់​រឿង​នោះ គឺ​ថ្នាក់​លើ​របស់​លោក​ជា​អ្នក​សរសេរ​ចុះ​ផ្សាយ​ទៅ​តាម​ប្រភព​ពាក់ព័ន្ធ មិន​មែន​រូប​លោក​ជា​អ្នក​សរសេរ​ចុះ​ផ្សាយ​នោះ​ទេ។

យ៉ាង​នេះ​ក្តី លោក​ថា​មិន​បារម្ភ​ចំពោះ​ពាក្យ​បណ្ដឹង​របស់​ស្ត្រី​ឈ្មោះ ផុក ចាន់ ហៅ ចែ​ង៉ា ដែល​និយាយ​ភាសា​ខ្មែរ​មិន​ទាន់​ច្បាស់ និង​ធ្លាប់​ត្រូវ​តុលាការ​ខេត្ត​ព្រះសីហនុ ចាប់​ដាក់​គុក​ទាក់ទង​បទល្មើស​គ្រឿង​ញៀន ២​លើក​មក​ហើយ​នោះ​ទេ។

ទាក់ទិន​បញ្ហា​នេះ លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា ការ​កោះ​ហៅ​ឈ្មោះ ជុំ ភារម្យ ទៅ​បំភ្លឺ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ពេល​នេះ ដោយសារ​មាន​បណ្ដឹង​មក​កាន់​ស្ថាប័ន​នេះ ហើយ​ស្ថាប័ន​នេះ​ក៏​បាន​អនុវត្ត ឬ​បំពេញ​ទៅ​តាម​តួនាទី។ លោក​បន្ត​ថា សមត្ថកិច្ច​បាន​ពិនិត្យ​ទៅ​លើ​ពាក្យ​ប្ដឹង​ភ្នាក់ងារ​កាសែត​ដើម​អំពិល និង​ហ្វ្រែសញូវ ប្រចាំ​ខេត្ត​ព្រះសីហនុ ដោយ​យក​ចិត្ត​ទុក​ដាក់ និង​គ្មាន​បញ្ហា​ធំ​ដុំ​ចំពោះ​អ្នក​កាសែត​ឈ្មោះ ជុំ ភារម្យ នោះ​ទេ។ ទោះ​យ៉ាង​ណា នៅ​មុន​បិទ​បញ្ចប់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា លោក​ឧត្តមសេនីយ៍ត្រី ជួន ណារិន ព្រមាន​ថា នឹង​មិន​បន្ធូរបន្ថយ​ដៃ​ចំពោះ​ជន​ប្រព្រឹត្តិ​បទល្មើស​ផ្សេងៗ មាន​គ្រឿង​ញៀន​ជាដើម​នោះ​ទេ៖ «ចំពោះ​បញ្ហា​នេះ​មិន​មាន​អ្វី​កើត​ឡើង​ធំ​ដុំ​ទេ ហើយ​លោក​ថា ស្ថាប័ន​នេះ​នឹង​ចាត់​ការ​ទៅ​លើ​រាល់​ពាក្យ​បណ្ដឹង​ផ្សេងៗ​តាម​តួនាទី ដែល​អ្នក​ពាក់ព័ន្ធ​បាន​ប្ដឹង​មក​កាន់​ស្ថាប័ន​នេះ។ ហើយ​អ្វី​ដែល​ខុស​ច្បាប់ រូប​លោក​នឹង​អនុវត្ត​ទៅ​តាម​នីតិវិធី​ឲ្យ​បាន​គ្រប់ៗ​គ្នា»

យ៉ាង​ណា​ក៏ដោយ លោក មឿន ឈានណារិទ្ធ គ្រូ​ឯកទេស​វិជ្ជាជីវៈ​សារព័ត៌មាន ឲ្យ​ដឹង​ថា ស្ថានភាព​នៃ​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ទាន់​ប្រសើរ​ទេ។ ផ្ទុយ​ទៅ​វិញ បាន​រង​នូវ​ការ​គំរាម​កំហែង​កាន់​តែ​ធ្ងន់ធ្ងរ ដោយសារ​កាល​ពី​ឆ្នាំ​២០១៤ មាន​សកម្មភាព​វាយ​ប្រហារ​លើ​អ្នក​កាសែត​នៅ​ទីលាន​ប្រជាធិបតេយ្យ ពី​សំណាក់​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ។ ក្នុង​នោះ ក្រុម​សន្តិសុខ​បាន​យក​ដំបង​វាយ​សំពង​ដោយ​ហិង្សា​ទៅ​លើ​អ្នក​កាសែត នៅ​អង្គភាព​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) ឲ្យ​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​ការ​ចាប់​ខ្លួន​អ្នក​កាសែត​នៅ​តាម​ខេត្ត​មួយ​ចំនួន​ដាក់​គុក ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​ឈ្មួញ​ឈើ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។