តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​ជប៉ុន​​និង​ខ្មែរ​ពីរ​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ផ្លូវ​ភេទ

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លាង សំណាត់ សម្រេច​ឃុំ​ខ្លួន​ជនជាតិ​ជប៉ុន​ម្នាក់ និង​ខ្មែរ​ពីរ​នាក់ នៅ​ពន្ធនាគារ​ព្រៃស ពាក់ព័ន្ធ​ករណី​ជួញដូរ​ផ្លូវ​ភេទ នារី​ខ្មែរ​១០​នាក់ ទៅ​ប្រទេស​ជប៉ុន។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​ថា បន្ទាប់​ពី​ពិនិត្យ​សំណុំ​រឿង ភស្តុតាង និង​សួរ​ចម្លើយ​ជន​ជាប់​សង្ស័យ​ទាំង​៣​នាក់​នេះ នៅ​ថ្ងៃ​ទី​៧ កុម្ភៈ អយ្យការ​​សម្រេច​បើក​ការ​ស៊ើបសួរ ដោយ​ចោទ​ប្រកាន់​ទៅ​លើ​បុគ្គល​ទាំង​នេះ​ពី​បទ ជ្រើសរើស​ដោយ​មិន​ស្របច្បាប់​សម្រាប់​កេង​ប្រវ័ញ្ច តាម​មាត្រា១២ នៃច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។

មាត្រា​១២ ចែង​ពី​ការ​ជ្រើសរើស​ដោយ​មិន​ស្រប​ច្បាប់​នៅ​ក្នុង​ច្បាប់​នេះ មាន​ន័យ​ថា​ ការ​បញ្ចុះបញ្ចូល ការ​ជួល​ ឬ​ការ​ឱ្យ​ជន​ណា​មួយ​បម្រើ​ការ​ក្រោម​ទម្រង់​នៃ​​ការ​កេង​ប្រវ័ញ្ច​ផ្សេង​ទៀត​ តាម​មធ្យោបាយ​បោក​បញ្ឆោត បំពាន​ដោយ​អំណាច ការ​បង្ខាំង​ខ្លួន ការ​ប្រើប្រាស់​កម្លាំង ការ​គំរាម​កំហែង ឬ​មធ្យោបាយ​បង្ខិតបង្ខំ​ផ្សេង​ទៀត។ ជន​នោះ​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧ ដល់​១៥​ ឆ្នាំ។ ប៉ុន្តែ​បើ​ជន​រងគ្រោះ​ជា​អនីតិជន ឬ​អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង ដោយ​មន្ត្រី​សាធារណៈ​ដែល​បំពាន​ដោយ​អំណាច​របស់​ខ្លួន​មក​លើ​ជន​រងគ្រោះ ឬ​អំពើ​ល្មើស​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​មាន​ការ​ចាត់តាំង​នោះ ជន​ប្រព្រឹត្ត​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១៥ ដល់​២០​ឆ្នាំ។

ជន​ជាប់​សង្ស័យ ទាំង​៣​នាក់​នេះ ម្នាក់​ជា​ជនជាតិ​ជប៉ុន​ឈ្មោះ ហ៊្វូគុយ ស៊ូស៊ូមុ (Fukui Susumu) មាន​មុខ​របរ​ជា​ប្រធាន​ភោជនីយដ្ឋាន​ជប៉ុន ឈ្មោះ ហ្គីណេស និង​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ថ្ងៃ​រះ ចំណែក​ប្រពន្ធ​ឈ្មោះ លឹម លក្ខិណា ហៅ អាណែត ជា​ជនជាតិ​ខ្មែរ និង​ឈ្មោះ សេង ចាន់ឌី ធ្វើ​ការ​នៅ​ភោជនីយដ្ឋាន​ហ្គីណេស។

កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦ ជន​ជាតិ​ជប៉ុន និង​ប្រពន្ធ​បាន​ឃោសនា បោក​បញ្ឆោត​នារី​ខ្មែរ​ចំនួន ១០​នាក់ ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ភោជនីយដ្ឋាន​នៅ​ប្រទេស​ជប៉ុន ដោយ​បាន​សន្យា​ផ្ដល់​ប្រាក់​ខែ​ពី ៣​ពាន់​ដុល្លារ ទៅ ៥​ពាន់​ដុល្លារ និង​ចេញ​ថ្លៃ​សោហ៊ុយ​ធ្វើ​ឯកសារ និង​ការ​ធ្វើ​ដំណើរ។ ពេល​ទៅ​ដល់​ប្រទេស​ជប៉ុន នារី​ខ្មែរ​ទាំង​នេះ​ត្រូវ​បាន​គេ​ដក​ហូត​លិខិត​ឆ្លងដែន រួច​នាំ​ឲ្យ​ទៅ​បម្រើ​នៅ​ក្នុង​ភោជនីយដ្ឋាន​ឈ្មោះ អ៊ីកាហុ នៅ​ខេត្ត​ហ្គុនម៉ា (GUNMA) និង​បង្ខំ​ឲ្យ​រួម​ភេទ​ជាមួយ​ភ្ញៀវ​ជប៉ុន។

លុះ​ខែ​មករា ឆ្នាំ​២០១៧ នារី​ខ្មែរ​រង​គ្រោះ​ទាំង​នេះ ត្រូវ​បាន​ស្ថានទូត​ខ្មែរ​នៅ​ទីនោះ បាន​ជួយ​សង្គ្រោះ និង​បញ្ជូន​មក​កម្ពុជា​វិញ ក្រោយ​ពី​ទទួល​ដំណឹង​ពី​ពួកគេ​តាមរយៈ​ហ្វេសប៊ុក (Facebook)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។